៥​ យ៉ាង​ ដើម្បី​សក់​ស្រស់ស្អាត

Doliprane TVC

សក់​ស្អាត​ប្រៀបដូចជា​សម្លៀកបំពាក់​លម្អ​សម្រស់​ផ្ទៃមុខ​របស់​ស្ត្រី ដែល​ស្ត្រី​មិនគួរ​មើលរំលង ។ លើសពីនេះ សក់​ស្អាត​តែ​ម្យ៉ាង​នៅ​មិនទាន់​គ្រប់គ្រាន់​ទេ ចាំបាច់​អ្នក​ត្រូវ​ថែទាំ​សុខភាព​សក់​ឱ្យ​រស់​រវើក និង​ទម្ងន់ មិន​ខូច ស្រួយ ឬ បែក​ចុង​ទើប​ជាការ​ថែទាំ​ពេញលេញ​។ ខាងក្រោម​នេះ គឺជា វិធី​ថែរក្សា​សក់​ឱ្យមាន​សុខភាព​ល្អ និង​ស្រស់ស្អាត​ពី​គល់​សក់​ដល់​ចុង​សក់ និង​ពី​ក្នុង​សរសៃសក់​ដល់​ខាងក្រៅ​តែម្តង​៖

១. ម៉ាស្សា​សក់ និង​ស្បែកក្បាល​ដោយ​ប្រើ​ប្រេង​
​វិធី​នេះ​ជួយ​បញ្ចូល​វីតាមីន​ទៅក្នុង​កោសិកា​សក់ កែប្រែ​សក់​ស្ងួត​មកជា​រស់​រវើក​វិញ ជំរុញ​ចរន្តឈាម​ក្បាល និង​ជំរុញ​ដល់​ការលូតលាស់​នៃ​សក់ ។​
​វិធី​ធ្វើ​៖ កម្តៅ​ប្រេង រួច​យកមក​ម៉ាស្សា​លើ​ស្បែកក្បាល ចាប់ផ្តើម​ពី​ផ្នែក​ខាងលើ​មុន និង​ពី​គល់​សក់មក​ចុង​សក់ ហើយ​ចែក​សក់​ជា​ចំណែកៗ ម៉ាស្សា​ម្តង​មួយផ្នែកៗ​រហូតដល់​សព្វ ។ បន្ទាប់មក​ប្រើ​ចុង​ម្រាមដៃ​ម៉ាស្សា​ជា​រាង​រង្វង់ ទុកចោល​ប្រមាណ​៣០​នាទី (​ឬមួយ​យប់​) រួច​លាង​ចេញ​ដោយ​ប្រើ​ទឹក មុននឹង​កក់​សាប៊ូ ។ ការ​កក់សក់​នេះ​ទៀតសោត ក៏​មិនគួរ​ដាក់​ទឹក​ឱ្យ​ជោគ​សក់​ដែរ គួរ​ប្រើតែ​សាប៊ូ​និង​ទឹក​បន្តិចបន្តួច រួច​កក់​ឱ្យ​សព្វ​សក់​សិន សឹម​ប្រើ​ទឹក​លាង និង​កក់​បង្ហើយ​តែម្តង ។ វិធី​នេះ គួរ​ធ្វើឱ្យបាន​យ៉ាងតិចណាស់ ១​លើក​ក្នុង​មួយ​សប្តាហ៍ ។​

២. លាបម្សៅ​កន្ទួតព្រៃ​លើស​ក់ និង​ស្បែកក្បាល​
​វិធី​នេះ​ជា​វិធី​ដែល​ចាស់​បូរាណ​ចូលចិត្ត​ប្រើ​ដើម្បី​រក្សា​ពណ៌​សក់ និង​ព្យាបាល​សក់​ជ្រុះ ជាពិសេស​នៅពេល​វ័យ​ជ្រេ​បន្តិច ។
​វិធី​ធ្វើ​៖ លាយ​ម្សៅ​កន្ទួតព្រៃ​ឱ្យបាន​ជា​ល្បាយ​ខាប់ៗ ហើយ​ប្រើ​ច្រាស​/​ជក់ ឬ​ ប្រើ​ដៃ​តែម្តង លាប​លើស​ក់ និង​ស្បែកក្បាល​ដូច​លាបប្រេង​ខាងលើ រួច​ប្រើ​មួក​ផ្លា​ស្ទិ​ក​គ្រប​សក់​ប្រមាណ ៣០ នាទី មុននឹង​លាង​ចេញ​ដោយ​ប្រើ​ទឹក​ក្តៅ​ឧណ្ហៗ ។ ប្រសិនបើ​អ្នក​ចង់​បន្ទន់​សក់​ដែរនោះ គួរ​លាយ​ម្សៅ​កន្ទួតព្រៃ​នេះ​ជាមួយ​ទឹកដោះគោ​ជូរ​បន្តិច​ផង ។​

៣. ចៀសវាង​ប្រើ​កម្តៅ​
​មានន័យថា​មិនត្រូវ​កក់សក់​ដោយ​ប្រើ​ទឹក​ក្តៅ ឬ ប្រើ​ឧបករណ៍​ធ្វើ​ម៉ូដ​សក់​ដោយ​ប្រើ​កម្តៅ ពីព្រោះ​កម្តៅ​ធ្វើឱ្យ​សក់​ស្ងួត បាត់បង់​សំណើម និង​បែក​ចុង ។ ប្រការ​ដែល​គួរ ធ្វើ​នោះ គួរ​សិតសក់​ឱ្យបាន​ញឹកញាប់ ដើម្បី​ជំរុញ​ដល់​ចរន្ត​នៅ​ឬ​ស​សក់ ។​

៤. អាហារ​ជំនួយ​សក់​
​សក់​គឺជា​សរីរាង្គ​ប្រហាក់ប្រហែល​នឹង​ជាលិកា​ឆ្អឹង​ដែរ ដូចនេះ អាហារ​ជំនួយ​ឆ្អឹង ក៏​ជា​អាហារ​ជំនួយ​សក់​ដែរ ដូចជា ទឹកដោះគោ​សរីរាង្គ ឈី​ស ទឹកដោះគោ​ជូរ ជាដើម ។ ក្រៅពីនេះ ការបរិភោគ​ដូង​ឬ​ទឹកដូង ជួយ​ឱ្យ​សក់​ដុះ​មក​រឹងមាំ និង​មាន​សុខភាព​ល្អ ដូចគ្នា​ដែរ​នឹង​ពពួក​បន្លែ​ស្ពៃ ។ បន្ថែម​ពីនេះ ការទទួល​ទាន​ទឹក​ឱ្យបាន​គ្រប់គ្រាន់ ក៏​ជា​កត្តា​គួបផ្សំ​ជំនួយ​កោសិកា​សក់ និង​ការលូតលាស់​សក់​បានល្អ​ផងដែរ ។​

៥. រុក្ខជាតិ​ជំនួយ​សក់​រូបមន្ត​ឥណ្ឌា​
​រុក្ខជាតិ ប្រៀបដូចជា​ឱសថ​បូរាណ​សម្រាប់​ប្រើប្រាស់​ក្នុងការ​បំប៉ន​សុខភាព​សក់ ធ្វើឱ្យ​សក់​ក្រាស់ ភ្លឺរលោង រស់​រវើក មាន​ជាតិ​សំណើម និង​ពណ៌​ខ្មៅ​គួរ​ជាទី​ចេតនា​។ រុក្ខជាតិ​ជំនួយ​សក់ ៤ យ៉ាងសំខាន់ៗ មានដូចជា រុក្ខជាតិ​ Bhringraj, កន្ទួតព្រៃ​, រុក្ខជាតិ ​Brahmi និង​ផ្ការំយោល ។ វិធី​ប្រើប្រាស់ អាច​ប្រើ​ជា​តែ​សម្រាប់​ឆុង​ញ៉ាំ ឬ​សូន្យ​ម្សៅ​ជា​គ្រាប់​ថ្នាំ​សម្រាប់​លេប ៕ លក្ខិណា​