ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តតាកែវ ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជា​៥២​គ្រួសារ រស់នៅ​ភូមិ​ក្រាំង​ធំ ឃុំ​លំពង់ ស្រុក​បាទី ខេត្តតាកែវ បាន​លើកគ្នា​មក​សុំ​ការ​អន្តរាគមន៍​ពី​លោក ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ ឱ្យ​ជួយ​ដោះស្រាយ​រឿង​ដែល​ប្រធាន​សមាគម​ឥណទាន​ភូមិ​បាន​បោក​យក​លុយ​របស់​ពួក​គាត់ មិន​ព្រមឱ្យ​ថ្លៃ​ការ​ប្រាក់ ឬ​ក៏​លុយ​ដើម​មក​វិញ​ឡើយ​តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០១៥ ដោយ​ប្រធាន​សមាគម​បាន​និយាយ​គំរាម​ថា ទៅ​ប្តឹង​ដល់​ណា​ប្តឹង​ទៅ ពិសេស​ប្តឹង​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ក៏​ពួក​គេ​មិន​ខ្លាច​ដែរ អញ្ជើញ​ម៉ា​សេរី ទ​ង្វើ​បែប​នេះ​ហើយ​ទើប​ពួក​គាត់​បាន​លើកគ្នា​មក​សុំ​ការ​អន្តរាគមន៍​ពី​លោក​អភិបាលខេត្ត​ជួយ​ដោះស្រាយ ។

តំណាង​ប្រជាពលរដ្ឋ​ទាំង​៥២​គ្រួសារ​បានឱ្យ​ដឹង​ថា ដោយសារ​ពួក​គាត់​មាន​ភាព​ឆោតល្ងង់ បានជា​ចាញ់​នូវ​កលល្បិច​បោកប្រាស់​ពី​សំណាក់​ប្រធាន​សមាគម​សន្សំ​ប្រាក់​កសិករ​រីក​ចម្រើន ដែល​មា​នទី​តាំងនៅ​ភូមិ​ខាងលើ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៦​នេះ ពួក​គាត់​បាន​លើកគ្នា​មក​ដល់​សាលាខេត្ត​សុំ​លោក​អភិបាលខេត្ត​ជួយ ។

តំណាង​ប្រជាពលរដ្ឋ​បាន​បន្ត​ទៀត​ថា សមាគម​សន្សំ​ប្រាក់​កសិករ​រីក​ចម្រើន​នេះ​បាន​មក​បើក​ទីតាំង​នៅ​ភូមិ​របស់​ពួក​គាត់​នេះ​តាំងពី​ឆ្នាំ​២០១១​មក ដោយ​ឃោសនា​ឱ្យ​ប្រជាពលរដ្ឋ​យក​លុយ​មក​ដាក់​នៅ​សមាគម​របស់​គេ ដោយ​ទទួល​បានការ​ប្រាក់​២% ហើយ​ប្រធាន​សមាគម​នេះ​មានឈ្មោះ អ៊ែ​ល សុភាព អនុប្រធាន​ឈ្មោះ ជឿន ពៅ និង​គូកន​របស់​ពួក​គេ​២​នាក់​ទៀត ទើប​ធ្វើ​ឱ្យ​ពួក​គាត់​បាន​ជឿ អ្នកខ្លះ​ខ្ចី​ពី​ធនាគារ​មក​ដាក់ អ្នកខ្លះ​លក់​ស្រែ លក់​គោ​យក​មក​ដាក់ អ្នកខ្លះ​អស់​១​លាន​រៀល ២​លាន ៥០០​ដុល្លារ ៥.០០០​ដុល្លារ រហូត​ដល់​១៥.០០០​ដុល្លារ​អា​មេ​រិ​ក ។ តាំងពី​បង្កើត​នៅ​ឆ្នាំ​២០១១ រហូត​មក​ដល់​ខែមិថុនា ឆ្នាំ​២០១៥ ខាង​សមាគម​សន្សំ​ប្រាក់​នេះ បានឱ្យ​ការ​ប្រាក់​២% មក​ពួក​គាត់​រហូត ប៉ុន្តែ​ចាប់ពី​ខែមិថុនា ឆ្នាំ​២០១៥ មក​ពួក​គាត់​សុំ​ដក​ដើម​វិញ​ក៏​មិន​ឱ្យ រហូត​ពួក​គាត់​បាន​ឡើង​ប្តឹង​ដល់​ក្រសួងមហាផ្ទៃ រហូត​លោក ប៉ុ​ល លឹ​ម រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​ចេញ​សេចក្តីសម្រេច​មក​ឱ្យ​លោក​អភិបាល​ជួយ​ដោះស្រាយ​ឱ្យ ទើប​ពួក​គាត់​លើកគ្នា​មក​នៅ​ថ្ងៃនេះ ចំពោះ​ទឹកប្រាក់​ដែល​ប្រធាន​សមាគម​សន្សំ​ប្រាក់​កសិករ​រីក​ចម្រើន​បោក​ពី​ប្រជាពលរដ្ឋ​ទាំង​៥២​គ្រួសារ​មាន​ប្រមាណ​ជាង​១៦​ម៉ឺន​ដុល្លារ ។

លោក ឡាយ វណ្ណៈ អភិបាលខេត្ត បាន​មាន​ប្រសាសន៍​ថា លោក​នឹង​ឱ្យ​ខាង​តុលាការ​ជួយ​ដោះស្រាយ ហើយ​បើសិន​ដោះស្រាយ​មិន​ចេញ​ទេ លោក​នឹង​ជួយ​ដល់ទី​បញ្ចប់ ៕