ផ្អើល​តៗ​គ្នា​ថា​ មាន​វិទ្យុសកម្ម​កើនឡើង​ខ្ពស់​ក្នុង​រាត្រី​នេះ​ ទាមទារ​ឲ្យ​បិទ​ទូរស័ព្ទ​ និង​កុំព្យូទ័រ​

​តាម​រយៈ​អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​ បាន​ចែករំលែក​(Share)​នូវ​ព័ត៌មាន​ភ្ញាក់ផ្អើល​តៗ​គ្នា​មួយ​ថា​ នៅ​ក្នុង​រាត្រី​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០១៦​នេះ​ ចាប់ពី​វេលា​ម៉ោង​០០​និង​៣០​នាទី​ រហូត​ដល់​វេលា​ម៉ោង​០៣​និង​៣០​នាទី​ព្រឹក​ ឈាន​ចូល​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០១៦​ គឺ​ភព​ផែនដី​មាន​រលក​វិទ្យុសកម្ម​កើនឡើង​ខ្ពស់​បំផុត​ ដែល​ទាមទារ​ឲ្យ​អ្នក​ប្រើប្រាស់​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ ដូច​ជា​ទូរស័ព្ទ​ និង​កុំព្យូទ័រ​ ជាដើម​ ត្រូវ​បិទ​ និង​ដាក់​ឲ្យ​ឆ្ងាយ​ពី​ខ្លួន​ ពីព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ជាយថាហេតុ​ផ្សេងៗ​ ខណៈ​មជ្ឈដ្ឋាន​អ្នក​តាមដាន​កា​រវិ​វ​ឌ្ឍ​នៃ​ព័ត៌មាន​ពី​អង្គការ​ NASA​ និង​បណ្តាញ​ព័ត៌មាន​ធំៗ​ផ្សេង​ទៀត​ ចាត់​ទុក​ថា​ ជា​ព័ត៌មាន​លេងសើច​ ភូតភរ​ កុហក​ ដោយ​បុគ្គល​ណា​ម្នាក់​ប៉ុណ្ណោះ​ ។​

​សារ​ទំនងជា​មាន​ខ្លឹមសារ​ភូតភរ​ ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នោះ​ បាន​រៀបរាប់​របៀប​បន្ទាន់​ថា​ ៖​ នៅ​វេលា​រាត្រី​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០១៦​នេះ​ ចាប់ពី​ម៉ោង​០០:៣០​ដល់​០៣:៣០​ សូម​មេត្តា​បិទ​ទូរស័ព្ទ​ ឬ​កុំព្យូទ័រ​ ។​ល​។​ ព្រមទាំង​ដាក់​ឲ្យ​នៅ​ឆ្ងាយ​ពី​រាង​កាយ​របស់​អ្នក​ ។​ យោង​តាម​ទូរទស្សន៍​របស់​សិង្ហ​បុរី​ បាន​ប្រកាស​ដំណឹង​ជា​បន្ទាន់​ឲ្យ​ដឹង​ថា​ សូម​ប្រាប់​ទៅ​ក្រុម​គ្រួសារ​ និង​មិត្តភក្តិ​របស់​អ្នក​នៅ​យប់​នេះ​ ភព​ផែនដី​របស់​យើង​ត្រូវ​ប្រែប្រួល​ដោយ​វិទ្យុសកម្ម​កើនឡើង​ខ្ពស់​បំផុត​ ព្រោះ​កាំរស្មី​លោហៈធាតុ​បាន​ធ្លាក់​ចុះ​មក​ជិត​ភព​ផែនដី​ ។​ ដូច្នេះ​ សូម​បិទ​ទូរស័ព្ទ​ដៃ​របស់​អ្នក​ ។​ ចូរ​កុំ​ទុក​ឧបករណ៍​ ឬ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ផ្សេងៗ​ទៀត​នៅ​ជិត​រាង​កាយ​ជា​ដាច់ខាត​ ព្រោះ​វា​អាច​បង្ក​ជា​បញ្ហា​កើតឡើង​ជាយថាហេតុ​ ។​ សូម​ពិនិត្យ​មើល​ព័ត៌មាន​របស់​ក្រុមហ៊ុន​ Google​ និង​អង្គការ​ NASA​ នៅ​ក្នុង​ BBC​ News​ ។​ បើ​បាន​ទទួល​សារ​នេះ​ហើយ​ សូម​មេត្តា​បញ្ជូន​បន្ត​ទៅ​មនុស្ស​ដែល​អ្នក​ស្គាល់​ផង​ សូម​អរគុណ​ ។​

​ទោះបី​មាន​សារ​បែប​នេះ​ក៏​ដោយ​ ក៏​សារព័ត៌មាន​ BBC​ និង​បណ្តាញសារព័ត៌មាន​ធំៗ​ឯទៀត​ក្នុង​ពិភពលោក​ មិន​បាន​ចុះ​ផ្សាយ​អំពី​ករណី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​ទេ​ ខណៈ​ព័ត៌មាន​នៅ​ក្នុង​គេហទំព័រ​របស់​អង្គការ​ NASA​ ក៏​គ្មាន​ផ្សព្វផ្សាយ​នូវ​រឿងរ៉ាវ​អ្វី​ថ្មី​ និង​ភ្ញាក់ផ្អើល​ ត្រូវ​ប្រុង​ប្រយ័ត្ន​ឡើយ​ ។​ ដូច្នេះ​ សារ​ដែល​បញ្ជូន​តៗ​គ្នា​តាម​រយៈ​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ពាក់ព័ន្ធ​នឹង​ករណី​នេះ​ គឺជា​រឿង​ភូតភរ​តៗ​គ្នា​សុទ្ធសាធ​ ៕​

ផ្អើល​តៗ​គ្នា​ថា​ មាន​វិទ្យុសកម្ម​កើនឡើង​ខ្ពស់​ក្នុង​រាត្រី​នេះ​ ទាមទារ​ឲ្យ​បិទ​ទូរស័ព្ទ​ និង​កុំព្យូទ័រ​ផ្អើល​តៗ​គ្នា​ថា​ មាន​វិទ្យុសកម្ម​កើនឡើង​ខ្ពស់​ក្នុង​រាត្រី​នេះ​ ទាមទារ​ឲ្យ​បិទ​ទូរស័ព្ទ​ និង​កុំព្យូទ័រ​