ស៊ឹម សូ​លិ​កា សម្ញែង​ជីវិត​ហ៊ឺហា ចំណែក​ស្នេហា​វេច​ខ្ចប់​ទុកចោល​យ៉ាងជ្រៅ​

​រាជធានី​ភ្នំ​ព​ញ : ជារឿយៗ​តារា​សម្ដែង និង​ពិធី​ការិនី ស៊ឹម សូ​លិ​កា នៅតែ​បន្ដ​ពោល​ពាក្យ​បដិសេធ​មិន​បើក​កកាយ​រឿងរ៉ាវ​ជីវិត​ឯកជន​របស់​នាង ប្រាប់​ដល់​បណ្ដា​សារព័ត៌​មាន​ដោយ​លើក​ហេតុផល​ថា​រូបនាង​ចាស់​ហើយ​មិន​ចង់ ល្បី អី​នោះទេ ទុក​ឲ្យ​ក្មេងៗ​ជំនាន់ ក្រោយ​ចុះ​។ បើទោះបីជា​យ៉ាងណា​ក៏​នាង​មិនបាន​ផ្ដាច់ទំនាក់ទំនង​ទាំងស្រុង​ជាមួយ​មហាជន និង​អ្នកគាំទ្រ​ឡើយ គឺ​ទំនាក់ទំនង​តាមរយៈ​គេហទំព័រ Facebook ដែលជា​គេហទំព័រ​ដ៏​កំពុង​ពេញនិយម​បំផុត សម្រាប់​មនុស្ស​បច្ចុប្បន្ន​។​

 

​គេ​នៅ​ចាំបាន​ថា ជីវិត​លើ​ថ្នាល​សិល្បៈ​របស់​តារា​សម្ដែង ស៊ឹម សូ​លិ​កា ចាប់​ផ្ដើមចេញ​ពន្លក​ចាប់តាំងពី​ឆ្នាំ​២០០៤ ដែល​ទាំង​រូប​សម្ផស្ស និង​ជីវភាព​រស់នៅ របស់​នាង​មាន​លក្ខណៈសាមញ្ញ​ប៉ុណ្ណោះ​។ នាង​អាច​ស្រូប​ទាញ​បាន​ប្រជាប្រិយភាព​យ៉ាង​ឆាប់រហ័ស​បន្ទាប់ពី​សម្ដែង​ឈុត​ខារ៉ាអូខេ​ឲ្យ​ផលិតកម្ម​ឆ្លងដែន និង​រស្មី​នាគ​មាស​។ អ្វីដែល​រុញ​ឲ្យ​ជីវិត​សិល្បៈ​របស់​នាង​កាន់តែ​ត្រដែត​បន្ទាប់ពី​នាង​បាន​ក្លាយជា​តួឯក​ក្នុង​ខ្សែភាពយន្ត​រឿង “​នេសាទ​ក្រពើ​” ឲ្យ​ផលិតកម្ម​រស្មី ហង្ស​មាស​។​

 

ជំហាន​ចុងក្រោយ​អាច​ឲ្យ​ជីវិត​របស់​នាង​ឈរជើង​យ៉ាង​នឹង គឺ​នាង​បាន​វិ​វ​ឌ្ឍ​ខ្លួន​ក្លាយជា​ពិធី​ការិនី​នៃ​ស្ថានីយទូរទស្សន៍​បាយ័ន ដោយ​នាង​អាច​ក្រសោប​បាន​នូវ​កម្មវិធី​ល្អ​ល្បីៗ​មួយចំនួនធំ​។ រហូតមកដល់​ដំណាច់ឆ្នាំ​២០១០ ពិធី​ការិនី​វ័យ​៣៣​ឆ្នាំ​រូបនេះ​បាន​ស្ថិតក្នុង​លំដាប់​សិល្បការិនី ដែលមាន​ទ្រព្យសម្បត្ដិ​ស្ដុកស្ដម្ភ និង​ប្រជាប្រិយ​បំផុត ហើយ​បើទោះបីជា​កន្លងមក​នាង​ពុំ​ធ្លាប់បាន​ទម្លាយ​ឲ្យ​ដឹង​ពី​មូលហេតុ នៅ​ពីក្រោយ​ជីវភាព​ហ៊ឺហា​ស្ដុកស្ដម្ភ​នេះ​ក្ដី​ក៏​គេ​អាច​យល់បាន​ខ្លះៗ តាមរយៈ​សកម្មភាព​ការងារ និង​សិល្បករ ដែល​ស្និទ្ធ​នឹង​នាង​។​

 

​មួយរយៈ​ចុងក្រោយ​នេះ​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​ក៏ដូចជា​សកម្មភាព​បំពេញការងារ​របស់​នា​ង​ត្រូវបាន​លាតត្រដាង​ជា​បណ្ដើរៗ តាមរយៈ​គេហទំព័រ Facebook ដែល​មនុស្ស​ទូទាំង​ពិភពលោក​អាច​ស្វែងយល់​អំពី​នាង​បាន​។ រូបភាព​រាប់រយ​សន្លឹក​ត្រូវបាន​បង្ហោះ លើ​គេហទំព័រ​របស់​នាង​ហើយ​អ្វីដែល​គេ​មានការ​ចាប់អារម្មណ៍​រូបភាព​យ៉ាង ច្រើន​សន្លឹក​បានបង្ហាញ​ពី​ជីវភាព​រស់នៅ​របស់​នា​ង​ស្ថិតនៅក្នុង​លក្ខខណ្ឌ មួយ​ដែល​សិល្បការិនី និង​អភិជន​មួយចំនួន​មិនអាច​ធ្វើបាន​។​

 

​រូបភាព​រស់នៅ​លើផ្ទះ​វីឡា​ដ៏​ធំ​ស្កឹមស្កៃ អមដោយ​គ្រឿងសង្ហារិម​ប្រណី​តថ្លៃៗ​របស់​ប្រើប្រាស់​ប្រចាំថ្ងៃ​ទំនើបៗ ដែល​សូម្បីតែ​ផ្ទះបាយ​របស់​នាង​ស្រស់ស្អាត​គួរ​ឲ្យ​ចង់​រស់នៅ​។ ក្នុងនោះ​ក៏មាន​រូបភាព​រថយន្ត Range Rover ពណ៌​ខ្មៅ​រលើប តម្លៃ​មិន​ក្រោម​១០​ម៉ឺន​ដុល្លារ រថយន្ត Luxes Lx 470 ពណ៌​ស និង​រថយន្ត Camry 2009 ជាដើម​។ សិល្បការិនី​ម្នាក់​ដែល​ធ្លាប់​បានរួម​ដំណើរ និង​ជួប ស៊ឹម សូ​លិ​កា ជា​ញឹកញាប់​បាន​ពោល​ពាក្យ​កោតសរសើរ​ស្ងប់​ស្ងែ​ង​ពី​ជីវិត​ដ៏​ថ្កុំថ្កើង​របស់ នាង​ថា មាន​វាសនា​ខ្ពស់ ព្រោះ​សព្វថ្ងៃ​នាង​រស់​នៅលើ​គំនរ​មាសប្រាក់ មាន​លុយ​ចាយ​ពេញៗ​ដៃ​មិនតែប៉ុណ្ណោះ​បុគ្គលិក មួយចំនួនធំ​នៅ​ស្ថានីយទូរទស្សន៍​បាយ័ន​គោរព​ស្រឡាញ់​យក​ចិ​ត្ដ​នាង​ផងដែរ​។​

 

​ក្រៅពី​ជីវិត​ពោរពេញ​ដោយ​ភាពរុងរឿង​ទាំងនេះ​សាច់ឈាម​ពណ៌​សម្បុរ​ស្រអែម​របស់ នាង​កាន់តែ​ស​ភ្លឺរលោង​មិន​ចាញ់​សិល្បការិនី​ស្ទាវៗ​ជំនាន់​ក្រោយ​ប៉ុន្មាន​ឡើយ​។ ក្រៅពី​រស់នៅ​ជាមួយនឹង​គេហដ្ឋាន និង​សម្ភារ​ដ៏​សម្បូរ​បែបនេះ​នាង​នៅមាន​ហាង​កែ​សម្រស់​ដ៏​ធំ​ទំនើប​មួយ​នៅ​ម្តុំ​ក្រោយ​ពេទ្យ​ព្រះកុសុមៈ​ផងដែរ ដែល​គេ​ដឹងថា ដើមទុន​នៃ​ការបើក​ដំណើរការ​ហាង​ស្តង់ដារ​នេះ​ចំណាយ​អស់ប្រាក់​រាប់ម៉ឺន​ដុល្លារ​អាមេរិក​។​

 

​បើទោះបីជា​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​នាង​មួយចំនួនធំ​ត្រូវបាន​បង្ហាញ ជា​សាធារណៈ​ក្ដី​ក៏​ជីវិត​ឯកជន​របស់​នាង​នៅ​មិន​លាតត្រដាង​នៅឡើយ ពិសេស​ជុំវិញ​មូលហេតុ​ដែល​នៅ​ពីក្រោយ​ភាព​ហ៊ឺហា​ទាំងនេះ ដែល​កន្លងទៅ​ធ្លាប់មាន​រលក​រឿងរ៉ាវ​ពី​ទំនាក់ទំនង​ស្នេហា​យ៉ាង​អាថ៌កំបាំង ជាមួយ​បុរស​ដ៏​មាន​ឥទ្ធិពល​ម្នាក់​បន្ទាប់ពី​ចែកផ្លូវ​គ្នា​ដើរ ជាមួយ​អតីត​ស្វាមី​កាលពី​ឆ្នាំ​២០០៧​នោះ ប៉ុន្ដែ​ជា​ញឹកញាប់​ត្រូវបាន​នាង​បដិសេធ និង​ច្រានចោល​ចំពោះ​ការ​ជជីក​សួរ​អំពី​ព័ត៌មាន​ទាំងនេះហើយ​នាង​នៅតែ​បន្ដ​វេច​ខ្ចប់​នូវ​ជីវិត​ស្នេហា​របស់​នាង​ឲ្យ​ស្ថិតក្នុង​ប្រអប់​មួយ​យ៉ាង អាថ៌កំបាំង​។​

 

​នៅពេល​មាន​អារម្មណ៍​ធុញថប់​នឹង​រឿងរ៉ាវ​ស្នេហា​ម្តងៗ ពិធី​ការិនី​រូបនេះ តែងតែ​បង្ហាញ​ពី​អារម្មណ៍​មួហ្មង​ទាំងនោះ​ប្រាប់​មិត្តភក្តិ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ជានិច្ច ហើយ​នាង​ក៏​ទទួល​ការ​លួងលោម​ផ្តល់យោបល់​យ៉ាងច្រើន​ពី​មិត្តភក្តិ​នាង​។ ទោះជា​យ៉ាងណា គេ​រំពឹងថា ស្នេហា​របស់​នាង​នឹង​ត្រូវបាន​លាតត្រដាង​នៅ​ថ្ងៃ​ណាមួយ​ជាក់​ជាមិនខាន​នោះឡើយ​៕

ស៊ឹម សូ​លិ​កា សម្ញែង​ជីវិត​ហ៊ឺហា ចំណែក​ស្នេហា​វេច​ខ្ចប់​ទុកចោល​យ៉ាងជ្រៅ​ ស៊ឹម សូ​លិ​កា សម្ញែង​ជីវិត​ហ៊ឺហា ចំណែក​ស្នេហា​វេច​ខ្ចប់​ទុកចោល​យ៉ាងជ្រៅ​ ស៊ឹម សូ​លិ​កា សម្ញែង​ជីវិត​ហ៊ឺហា ចំណែក​ស្នេហា​វេច​ខ្ចប់​ទុកចោល​យ៉ាងជ្រៅ​

ស៊ឹម សូ​លិ​កា សម្ញែង​ជីវិត​ហ៊ឺហា ចំណែក​ស្នេហា​វេច​ខ្ចប់​ទុកចោល​យ៉ាងជ្រៅ​