សមាគម​មួយ​បោក​ពលរដ្ឋ​អស់​ជាង​16​មឺុ​ន​ដុល្លារ

សមាគម​មួយ​បោក​ពលរដ្ឋ​អស់​ជាង​16​មឺុ​ន​ដុល្លារ

ខេត្តតាកែវ ៖ ប្រជាពលរដ្ឋ​ប្រមាណ​៥២​គ្រួសារ​រស់នៅ​ភូមិ​ក្រាំង​ធំ ឃុំ​លំពង់ ស្រុក​បាទី បាន​លើកគ្នា​មក​សុំ​ការ​អន្តរាគមន៍​ពី​លោក ទ្បា​យ វណ្ណៈ អភិបាលខេត្ត ឱ្យ​ជួយ​ដោះស្រាយ​ករណី​ប្រធាន​សមាគម​ប្រាក់​សន្សំ​បាន​បោក​យក​លុយ​ពី​ពួក​គាត់​មិន​ព្រមឱ្យ​ថ្លៃ​ការ​ប្រាក់ ឬ​ក៏​លុយ​ដើម​មក​វិញ​ទ្បើ​យ តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០១៥​រហូត​មក ដោយ​ប្រធាន​សមាគម​នោះ​បាន​និយាយ​ចាក់បណ្តោយ​ថា ចង់ទៅ​ប្តឹង​ដល់​ណា​ប្តឹង​ទៅ ពិសេស​ប្តឹង​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល ក៏​គេ​មិន​ខ្លាច​ដែរ អញ្ជើញ​ម៉ា​សេរី ។

ទ​ង្វើ​បែប​នេះ​ហើយ​ទើប​ពួក​គាត់​បាន​លើកគ្នា​មក​សុំ​ការ​អន្តរាគមន៍​ពី​លោក​អភិបាលខេត្ត​ជួយ​ដោះស្រាយ​ក្នុង​អំពើ​ឆបោក​នេះ​។

តំណាង​ប្រជាពលរដ្ឋ​ទាំង​៥២​គ្រួសារ​បានឱ្យ​ដឹង​ថា ដោយសារ​ពួក​គាត់​មាន​ភាព​ឆោតល្ងង់ ទើប​ធ្វើ​ឱ្យ​មានការ​ចាញ់កល់​ល្បិច​បោកប្រាស់​ពី​សំណាក់​ប្រធាន​សមាគម​ឥណទាន​ភូមិ​ក្នុង​គម្រោង​សន្សំ​ប្រាក់​កសិករ​រីក​ចំរើន ដោយ​បាន​សន្យា​ផ្តល់​ការ​ប្រាក់​ខ្ពស់ រហូត​ដល់​អ្នកខ្លះ​លក់​គោក្របី​ដីស្រែ​យក​លុយ​ឱ្យ​ប្រធាន​សមាគម ដើម្បី​បាន​ប្រាក់​ការ​មក​វិញ​មិន​ដល់​១​ឆ្នាំ​រួច​ដើម ទីបំផុត​អ្វី​ៗ​ជា​ការ​បោក​ប្រាក់ ។

តំណាង​ប្រជាពលរដ្ឋ​បាន​បន្ត​ទៀត​ថា សមាគម​សន្សំ​ប្រាក់​កសិករ​រីក​ចំរើន​នេះ បាន​មក​បើក​ទីតាំង​នៅ​ភូមិ​របស់​ពួក​គាត់​តាំងពី​ឆ្នាំ​២០១១​មក​ដោយ​ឃោសនា​ឱ្យ​ប្រជាពលរដ្ឋ​យក​លុយ​មក​ដាក់​នៅ​សមាគម​របស់​គេ​ដោយ​ទទួល​បានការ​ប្រាក់​២% ។ ប្រធាន​សមាគម​នេះ​ឈ្មោះ អ៊ែ​ល សុភាព អនុប្រធាន​ឈ្មោះ ជឿន ពៅ និង​គូកន​របស់​ពួក​គេ​២​នាក់​ទៀត បាន​ធ្វើ​ឱ្យ​ពួក​គាត់​ជឿ​ស៊ុប​លើ ក៏​នាំ​គ្នា​ទៅ​ខ្ចី​ពី​ធនាគារ​យក​មក​ដាក់​អ្នកខ្លះ​លក់​ស្រែ លក់​គោ​យក​មក​ដាក់ អ្នកខ្លះ​អស់​១​លាន​រៀល ២​លាន​រៀល ៥០០​ដុល្លារ ៥០០០០​ដុល្លារ រហូត​ដល់​១៥០០០​ដុល្លារ​អា​មេ​រិ​ក តាំងពី​បង្កើត​នៅ​ឆ្នាំ​២០១១ ។ ខាង​សមាគម​បានឱ្យ​ការ​ប្រាក់​២%​មក​ពួក​គាត​រហូត​មក តែ​ចាប់ពី​ខែ​៦ ២០១៥ មក​ពួក​គាត់​សុំ​ដក​ដើម​វិញ​មិន​ឱ្យ​រហូត​ពួក​គាត់​បាន​ទ្បើ​ង​ប្តឹង​ដល់​ក្រសួងមហាផ្ទៃ​រហូត​លោក ប៉ុ​ល លឹ​ម រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ចេញ​សេចក្តី​សម្តេច​ឱ្យ​លោក​អភិបាលខេត្ត​ជួយ​ដោះស្រាយ​ឱ្យ ទើប​ពួក​គាត់​លើកគ្នា​មក​នៅ​ថ្ងៃនេះ ។

ចំពោះ​ទឹកប្រាក់​ដែល​ប្រធាន​សមាគម​សន្សំ​ប្រាក់​កសិករ​រីក​ចំរើន​បោក​ពី​ប្រជាពលរដ្ឋ​ទាំង​៥២​គ្រួសារ មាន​ប្រមាណ​ជា​១៦​ម៉ឺន​ដុល្លារ ។ លោក ទ្បា​យ វណ្ណៈ អភិបាលខេត្ត​បាន​មាន​ប្រសាសន៍​ថា លោក​និង​ឱ្យ​ខាង​តុលាការ​ជួយ​ដោះស្រាយ ហើយ​បើសិន​បើ​ដោះស្រាយ​មិនកើត​ទេ លោក​នឹង​ជួយ​ដល់ទី​បញ្ចប់ ៕