សម្តេច​តេ​ជោ ៖ ឆ្នាំ​៧៩ ខ្ញុំ​ពិតជា​ស្លុត​ខ្លាំងណាស់ តែ​សព្វថ្ងៃ​ទីក្រុង​ភ្នំពេញ​កំពុង​អភិវឌ្ឍ​

ភ្នំពេញ: តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​កម្ពុជា បាន​មានប្រសាសន៍ថា ទីក្រុង​ភ្នំពេញ​យើង​សព្វថ្ងៃ គឺ​ជនរួមជាតិ​ប្រាកដជា​បានឃើញ​ពី​ការរីកចម្រើន​នៅ​នឹង​ភ្នែក​ស្រាប់​។ ទន្ទឹមនឹង​ការរីកលូតលាស់ គឺ​រាជរដ្ឋាភិបាល​ខិតខំ​កែរ​សម្រួល​រៀបចំ​ប្រព័ន្ធ​ទីក្រុង​ឲ្យ​មាន​លក្ខណៈ​កាន់តែ​ល្អប្រសើរ​ឡើង​។
​តែ​ទោះបីយ៉ាងណា​ក៏​ការអភិវឌ្ឍន៍​នៅក្នុង​ទីក្រុង គឺ​ប្រឈម​នឹង​បញ្ហា​មួយចំនួន​ដែល​ត្រូវ​កែរ​លម្អ​ជា​បន្តបន្ទាប់​ទាំង​នៅពេលនេះ និង​ទៅ​អនាគត​។​
​ខ្ញុំ​ចងចាំ​បាន​ច្បាស់​ណាស់ កាលពី​យើង​រំដោះ​ទីក្រុង​ភ្នំពេញ​បាន​ពីរ​របប​ប៉ុលពត នៅ​ឆ្នាំ ១៩៧៩ ដែល​ទីនេះ​គឺជា​ទីក្រុង​ខ្មោច​ស្ងាត់ជ្រងំ​គួរ​ឲ្យ​ខ្លាច​។ ទីក្រុង​ដែល​ធ្លាប់មាន​មនុស្ស​រស់នៅ​រាប់លាន​នាក់​អ៊ូអរ មាន​រថយន្ត​តូចធំ​ធ្វើដំណើរ និង​មាន​អាជីវករ ពាណិជ្ជករ និង​ទេសចរ បាន​ក្លាយជា​ទីក្រុង​ដែល​បោះបង់ចោល​ទាំងស្រុង​ក្នុង​របប​ខ្មែរក្រហម​។ ខ្ញុំ​ឃើញ​គំនរ​ខ្មោច​រថយន្ត និង​ម៉ូតូ សៀវភៅ​សិក្សា និង​សម្ភារៈ​របស់របរ​ប្រើប្រាស់​ត្រូវបាន​គេ​យកមក​គរ​ចោល​នៅតាម​ទីធ្លា​សាធារណៈ​។ ខ្ញុំ​ពិតជា​ស្លុត​ខ្លាំងណាស់ នៅពេល​ឈាន​ជើង​ចូលដល់​រាជធានី​ភ្នំពេញ​ដំបូង​នៅ​ឆ្នាំ ១៩៧៩​។ ទី​ក្រុ​វ​វប្បធម៌ ពាណិជ្ជកម្ម ឧស្សាហកម្ម និង​សេដ្ឋកិច្ចកម្ពុជា ដែល​ធ្លាប់​ល្បី​រន្ទឺរ​កាលពីមុន គឺ​ត្រូវបាន​បំផ្លាញចោល​។ ចម្រៀង​មួយ​បទ​ដែល​ជនរួមជាតិ​បាន​ស្តាប់​ហើយ​រំជួលចិត្ត​នៅពេលនោះ​គឺ “​ឱ​ភ្នំពេញ​អើយ​!”​។​

​សម្តេច​បាន​បន្តថា យើង​ក្រលេកមើល​ទីក្រុង​ភ្នំពេញ​សព្វថ្ងៃ ដែលមាន​កំណើន​ប្រជាពលរដ្ឋ​ឡើង​ជិត​ដល់ ២ លាន​នាក់ និង​កំណើន​លំនៅដ្ឋាន យានយន្ត​មធ្យោបាយ​ធ្វើដំណើរ​គ្រប់​ធន់ គ្រឹះស្ថាន​សិក្សាអប់រំ​គ្រប់​កម្រិត និង​កំណើន​មុខរបរ និង​ប្រាក់ចំណូល​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ជីវភាព​រស់នៅ​កាន់តែ​ប្រសើរ​ថ្នៃ​ថ្នូរ​។ កត្តា​ទាំងអស់នេះ គឺ​បាន​ជួយ​ជំរុញ​សេដ្ឋកិច្ចជាតិ​ឲ្យ​មាន​សន្ទុះ​រីកចម្រើន​ព្រម​គ្នា​។​

​ទោះបី​ទីក្រុង​យើង​រីកចម្រើន​បែបនេះ​ក្តី ក៏ប៉ុន្តែ​ចំពោះ​បុគ្គល​មួយចំនួន​តូច​គឺ​មិនបាន​ឃើញ​ពី​ភាព​រីកចម្រើន​នេះ​ទេ​។ ព្រោះ​ពួកគេ​មិនបាន​ឆ្លងកាត់​ការតស៊ូ​លំបាក​វេទនា​ក្នុង​ការកសាង​ទីក្រុង​ពីក្រោម​ចំណុចសូន្យ​រហូតមកទល់​ពេ​នះ​។ ហើយ​ម្យ៉ា​វិញទៀត ពីព្រោះ​ពួកគេ​ក៏​មិនដែល​បាន​កសាង​ទីក្រុង​អ្វី​ដែរ​។ ដូច្នេះ​គេ​មិនបាន​ដឹង​អំពី​ការរីក​ច​ម្រើ​ពិតប្រាកដ​មែន​។​
​ខ្ញុំ​បន្ត​ដឹកនាំ និង​ខិតខំ​កសាង​ទីក្រុង និង​ប្រទេសជាតិ​យើង​ទាំងមូល​អោយ​កាន់តែ​រីកលូតលាស់​លឿន​ទៅមុខ ជាមួយនិង​ការចូលរួម​របស់​ជន​រួម​ជាតិ និង​យុវជន​ទូទាំងប្រទេស​៕​

សម្តេច​តេ​ជោ ៖ ឆ្នាំ​៧៩ ខ្ញុំ​ពិតជា​ស្លុត​ខ្លាំងណាស់ តែ​សព្វថ្ងៃ​ទីក្រុង​ភ្នំពេញ​កំពុង​អភិវឌ្ឍ​

សម្តេច​តេ​ជោ ៖ ឆ្នាំ​៧៩ ខ្ញុំ​ពិតជា​ស្លុត​ខ្លាំងណាស់ តែ​សព្វថ្ងៃ​ទីក្រុង​ភ្នំពេញ​កំពុង​អភិវឌ្ឍ​

សម្តេច​តេ​ជោ ៖ ឆ្នាំ​៧៩ ខ្ញុំ​ពិតជា​ស្លុត​ខ្លាំងណាស់ តែ​សព្វថ្ងៃ​ទីក្រុង​ភ្នំពេញ​កំពុង​អភិវឌ្ឍ​