សិល្បៈ​និងវប្ប​​​ធម៌ &raquo សិល្បៈ​និង​តារា

រាជធានី​ភ្នំពេញ ៖ គ្រា​ដែល​ភាពយន្ត​ខ្មែរ​ចាក់​ផ្សាយ​ព្រោងព្រាត​តាម​ទូរទស្សន៍​នានា​នៅ​ម៉ោង​ពិសេស​ចាប់ពី​ម៉ោង​៧​យប់​ដល់​ម៉ោង​៩​យប់​តាម​ប្រកាស​របស់​ក្រសួង​ព័ត៌មាន​នោះ តារា​ជើង​ចាស់​មួយ​ចំនួន​ហាក់​កំពុង​លេចធ្លោ​ជា​តួអង្គ​បងស្រី និង​លោក​ជំទាវ ។

អ្នក​នាង​ចាន់ តារា​ទី
គ្រាន់តែ​ភាពយន្ត​ខ្មែរ​ចាប់ផ្តើម​ចាក់​បញ្ចាំង​នៅ​ម៉ោង​ពិសេស​នា​ដើមឆ្នាំ​២០១៦ ភ្លាម អ្នក​នាង ចាន់ តារា​ទី មាន​វត្តមាន​ភ្លាម ។ អ្នក​នាង​ចាន់ តារា​ទី បង្ហាញ​ស្នាដៃ​ក្នុង​រឿង​ភាគ​ខ្មែរ​គួរ​ឱ្យ​ចាប់អារម្មណ៍ ជា​ពិសេស​ទេព​កោសល្យ​របស់​តារា​ជើង​ចាស់​រូប​នេះ​រី​នៅ​តែ​មានការ​ចូល​ចិត្ត និង​ឱ្យ​តម្លៃ​ពី​មហាជន​។ អ្នក​នាង​ចាន់ តារា​ទី  ឃុំគ្រង​តំណែង​តួ​សម្តែង​បាន​យ៉ាង​ល្អ​ប្រសើរ​មិន​ចាញ់​កាល​នៅ​ក្មេង​ប៉ុន្មាន​ឡើយ ។

អ្នក​នាង​ចាន់ តារា​ទី ត្រូវ​បាន​អ្នកដឹកនាំ​រឿង​ផ្តល់​តួនាទី​សម្តែង​ជា​តួអង្គ​លោកស្រី លោក​ជំទាវ តុបតែង​កាយ​ស្រស់​ស្អាត និង​ជា​ម្ចាស់​ភូមិ​គ្រឹះ​ស្កឹមស្កៃ​ញ៉ាំង​ឱ្យ​មាន​ភាព​លេចធ្លោ​ទ្វេ​ឡើង ។ អ្នក​នាង​ចាន់ តារា​ទី កំពុង​សម្តែង​ក្នុង​រឿង «​ស្ទឹង​ស្នេហា​» របស់​ផលិតកម្ម​ចក្កវាឡ​ពេជ្រ បញ្ចាំង​នៅ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ចាប់ពី​ថ្ងៃ​ពុធ​ដល់​ថ្ងៃ​សុក្រ ជា​តួអង្គ​លោកស្រី​តុបតែង​កាយ​យ៉ាង​ល្អ​ស្ទើរតែ​គ្រប់​ឈុត ។

អ្នក​នាង​ប៉ែន សុ​ផា​នី
តារា​ស្រី​ថ្ពាល់ខួច​ប៉ែន សុ​ផា​នី ស្ទើរតែ​គ្រប់​ស្ថានីយទូរទស្សន៍​ដែល​បញ្ចាំងភាពយន្ត​ខ្មែរ​មានមុខ​នាង ។ រឿង​ទាំង​អស់នោះ​ត្រូវ​គេ​មើលឃើញ​ថា សុ​ផា​នី គ្រង​តំណែង​ច្រើ​ប​បែប​យ៉ាង​ជា​តួអង្គ​លោកស្រី លោក​ជំទាវ ម្ចាស់​ភូមិ​គ្រឹះ​មាន​អ្នកបម្រើ​ឆ្វេង​ស្តាំ អម​ដោយ​ការ​បំពាក់គ្រឿងអលង្ការ ល្អ​ៗ ជម្រុញ​ឱ្យ​អ្នក​នាង​ប៉ែន សុ​ុ​ផា​នី​នៅ​តែ​ទទួល​បាន​ទីផ្សារ​សម្តែង​មិន​ចេះ​រីងស្ងួត ។ 

នៅ​មាន​ភាពយន្ត​ជា​ច្រើន​ទៀត​ដែល​អ្នក​នាង​ប៉ែន សុ​ផា​នី បាន​ថត និង​ត្រៀម​ចាក់​បញ្ចាំង​រាប់​ទាំង​រឿង​ដុំ បញ្ចាំង​នៅ​រោង​ភាពយន្ត​មួយ​ចំនួន​ទៀត​ផង ។

អ្នក​នាង​ប៉ែន សុ​ផា​នី ដ្បិត​អាយុ​ច្រើន​បន្តិច ខណៈ​មិត្ត​រួម​ជំនាន់​ជា​ច្រើន​លាឈប់​ពី​អាជីព​សម្តែង​ទៅ​ហើយ​ក្តី តែ​នាង​នៅ​តែ​មិន​ទាន់​បោះបង់​សិល្បៈ​ទេ ។ គ្រា​ដែល​មហាជន​ឱ្យ​តម្លៃ តារា​ស្រី​ប៉ែន សុ​ផា​នី មិន​អាច​ដកថយ​បាន ហើយ​កាន់តែ​បន្ថែម​ល្បឿន​សម្តែង​ជាង​មុន​ទៅ​ទៀត ។

អ្នក​នាង​ឈួ​ន សុវណ្ណ​ឆៃ
តារាចម្រៀង​ឈួ​ន សុវណ្ណ​ឆៃ ធ្វើ​ឱ្យ​មហាជន​ចាប់អារម្មណ៍​ម្នាក់​ដែរ​ស្រប​ពេល​ភាពយន្ត​ខ្មែរ​សម្រុក​ចាក់​បញ្ចាំង​នៅ​ម៉ោង​ពិសេស ។ អ្នក​នាង​ឈួ​ន សុវណ្ណ​ឆៃ មាន​ស្នាដៃ ថ្មី​ៗ​ក្នុង​តួនាទី​ជា​តារាភាពយន្ត​ដោយ​សម្តែង​ក្នុង​នាម​ជា​តួ​ម្តាយ​វ័យក្មេង​របស់​តួឯក​ធ្វើ​ឱ្យ​មាន​ភាព​លេចធ្លោ ។ មាន​ខ្សែភាពយន្ត​២​ទៅ​៣​រឿង​ហើយ​ដែល​សុវណ្ណ​ឆៃ​ចូលរួម​សម្តែង ហើយ​បញ្ចាំង​នៅ​ស្ថានីយទូរទស្សន៍ ផ្សេង​ៗ​គ្នា ។

ធ្លាប់​ជា​អ្នកចម្រៀង​កាន់​មីក្រូ​សម្តែង​លើ​ឆាក​តន្ត្រី អ្នក​នាង​សុ​ុ​វណ្ណ​ឆៃ មិន​ធ្វើ​ឱ្យ​អ្នកដឹកនាំ​រឿង និង​ម្ចាស់​ផលិតកម្ម​ខកបំណង​ប៉ុន្មាន​ទេ ដោយ​នាង​អាច​សម្តែង​បាន​ក្នុង​តំណែង​អង្គ​តួ ផ្សេង​ៗ ។

អ្នក​នាង​ឈួ​ន សុវណ្ណ​ឆៃ មានមុខមាត់​ស្រស់​ស្អាត​បែប​នារី​ខ្មែរ ដែល​ជា​កត្តា​ជម្រុញ​ឱ្យ​អ្នក​នាង​កាន់តែ​ចាប់អារម្មណ៍​ពី​ម្ចាស់​ផលិតកម្ម​ចង់បាន​ឱ្យ​ចូលរួម ។

នាង​ហេង ស្រី​ពេជ្រ
ដ្បិតតែ​មានឱកាស​មក​ក្រោយ​គេ មិន​ដូច​តារា​រៀមច្បង តែ​កញ្ញា​ហេង ស្រី​ពេជ្រ មាន​ទីផ្សារ​សម្តែង​ជា​តួអង្គ​បងស្រី ម្តាយ និង​លោក​ជំទាវ រស់នៅ​ផ្ទះ ធំ​ៗ​ជា​បន្តបន្ទាប់ ។ លក្ខណៈ​ពិសេស​របស់​ស្រី​ពេជ្រ ដោយសារ​តែ​នាង​មាន​សាច់​ឈាមស​ទ្រលុកទ្រលន់​មើលទៅ​សមជា​លោកស្រី ។ ស្រី​ពេជ្រ​តែងតែ​រៀបចំ​ខ្លួន​មិន​ថា​ជា​តួអង្គ​សម្តែង ឬ​ទៅ​ណា​មក​ណា​ទេ មើលទៅ​របៀប​ជា​អ្នក​ធូរធារ ។

ស្រី​ពេជ្រ អះអាង​ថា ជីវភាព​របស់​នាង​មិន​ដូច​ក្នុង​សាច់​រឿង​ទេ ដោយ​នាង​មាន​តួនាទី​រ៉ាប់រង​ច្រើន​ក្នុង​ក្រុម​គ្រួសារ ទោះជា​បាន​ថតកុន​ក្នុង​តំណែង​តួអង្គ​ជំទាវ​ហ៊ឺ​ហា​ក៏​ដោយ។ សព្វ​ថ្ងៃនេះ ស្រី​ពេជ្រ​កំពុង​តែ​សម្រុក​ចេញ​ថត​ខ្សែ​រឿង​ជា​ច្រើន ។ ហេង ស្រី​ពេជ្រ បាន​ចំណាយ​ដើមទុន​សហការ​ជាមួយ​តារា​ជា​ច្រើន​ដួង​ថត​រឿង «​ទឹក​កន្លះ​ក្អម​» ដោយ​រំពឹង​ថា ទទួល​បាន​ចំណូល​មក​វិញ​តាម​ការ​គ្រោងទុក ។ ស្រី​ពេជ្រ​មាន​ស្នាដៃ​សម្តែង​ជា​ច្រើន បញ្ចាំង​នៅ​តាម​ស្ថានីយទូរទស្សន៍​នានា​ក្នុង​ម៉ោង​ពិសេស  ធ្វើ​ឱ្យ​អ្នក​ទស្សនា​ចាប់អារម្មណ៍ និង​ស្គាល់​នាង​ច្បាស់ ៕