យុវវ័យ​កម្ពុជា​ចាប់​យក​ការ​អាន​តាម​អន​ឡាញ​ជំនួស​​សៀវភៅ​


យុវវ័យ​កម្ពុជា​ចាប់​យក​ការ​អាន​តាម​អន​ឡាញ​ជំនួស​​សៀវភៅ​

យុវវ័យ​កម្ពុជា​ចាប់​យក​ការ​អាន​តាម​អន​ឡាញ​ជំនួស​​សៀវភៅ​

 

បើទោះ​បីជា​ការ​បោះពុម្ព​សៀវភៅ​បម្រើ​ឲ្យ​ការ​អាន​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ក៏ដោយ ប៉ុន្តែ​ជាទូទៅ​ភាគច្រើន​នៃ​ស្រទាប់​យុវវ័យ​មិនទាន់​បង្កើត​បាន​ទម្លាប់​ការ​ចូល​ចិត្ត​អាន​សៀវភៅ​នៅ​ឡើយ។

 

យុវវ័យ​កម្ពុជា​ចាប់​យក​ការ​អាន​តាម​អន​ឡាញ​ជំនួស​​សៀវភៅ​

 

 

ទាក់ទិន​បញ្ហា​នេះ​មានការ​លើក​ឡើងថា  ការ​ផ្សព្វផ្សាយ​អប់រំ​អំពី​អត្ថប្រយោជន៍​នៃ​ការ​អាន​សៀវភៅ​នៅ​មានកំរិត គ្រា​ដែល​សង្គម​កម្ពុជា​បាន​ភ្ជាប់​នូវ​ប្រពៃណី​នៃ​ការ​មិន​ទម្លាប់​អាន​សៀវភៅ​តាំងពី​យូរ​លុង​ណាស់​មក​ហើយ ហើយក៏​ស្រប​ពេល​ដែល​ប្រព័ន្ធ​បច្ចេកវិទ្យា​មានការ​រីកចម្រើន​ថែមទៀត ។ ទន្ទឹមនឹង​នោះ​ការ​បោះពុម្ព​សៀវភៅ​ដែល​ផ្តល់​នូវ​អត្ថប្រយោជន៍​សម្រាប់​អ្នកអាន​ក៏​ទើបនឹង​ចាប់​ផ្តើម​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ប៉ុណ្ណោះ ។

 

លោក ពុយ គា អគ្គលេខាធិការ​ក្លិប​អ្នកកាសែត​កម្ពុជា និង​ជា​អ្នកនិពន្ធ​សៀវភៅ​បាន​លើកឡើងថា ចំនួន​អ្នកអាន​សៀវភៅ​ហាក់​នៅ​ដដែល ខណ:​ដែល​ប្រជាជន​កម្ពុជា​មាន​កំណើន។ លោក​បាន​កត់​សម្គាល់ថា ការ​អាន​ភាគច្រើន​គឺ​ផ្តោត​លើ​ប្រព័ន្ធ​អន​ឡាញ ព្រោះ​អី​សម័យនេះ​បើ​គេ​ចង់ដឹង​បញ្ហា​អ្វីមួយ​នោះ គេ​គ្រាន់តែ​ស្វែងរក​ក្នុង​ប្រព័ន្ធ​អន​ឡាញ​គឺ​បានដឹង​ដោយ​ចំណាយ​ពេល​វេលា​តិច​និង​មិន​ចំណាយ​លុយ​ច្រើន​នោះ​ឡើយ ។

 

លោក ឆាយ សុផល ក៏​ជា​អ្នកនិពន្ធ​សៀវភៅ បាន​អះអាង​ដូចគ្នា​ថា ការ​អាន​សៀវភៅ​ភាគច្រើន​គឺ​ក្នុង​ស្រទាប់​មនុស្ស​វ័យ​កណ្ដាល និង​មនុស្ស​ចាស់ ។

 

ចំណែក​យុវវ័យ​មិន​ទាន់​មាន​ទម្លាប់​នៃ​ការ​អាន​សៀវភៅ​នៅឡើយ ហើយ​បញ្ហា​នោះ​គឺ​ផ្តើម​ចេញពី​ការ​ផ្សព្វផ្សាយ​នៅ​មានកម្រិត រួម​ទាំង​ការ​បន្ត​ទម្លាប់​មិន​ចូលចិត្ត​អាន​សៀវភៅ ដែល​គេ​គិតថា ចាប់តាំងពី​គ្រូបង្រៀន ឪពុកម្តាយ​ឬ​អាណាព្យាបាល។ ទន្ទឹម​នឹង​នោះ​នៅ​ក្នុង​គេហដ្ឋាន​របស់​គ្រួសារ​ខ្មែរ​គេ​កម្រ​ឃើញ​មានការ​រៀបចំ​ឲ្យ​មាន​ជា​កន្លែង​តម្កល់​សៀវភៅ ដើម្បី​ការ​អាន​ណាស់ ប៉ុន្តែ​ការ​ចូល​ចិត្ត​តុបតែង​ផ្ទះ​ឬ​ការ​លម្អ បង្កើត​ជា​សោភ័ណភាព​ដើម្បី​ទាក់ទាញ​ច្រើន​ជា​ទម្លាប់​របស់​ប្រជាពលរដ្ឋ​ខ្មែរ ។

 

យ៉ាងណាក៏ដោយ​ក្រុម​អ្នកនិពន្ធ​សៀវភៅ​ទាំង​នោះ​បាន​លើក​ឡើងថា ដើម្បី​កែប្រែ​ទម្លាប់​យុវវ័យ​ឲ្យ​ងាក​មក​ការអាន​សៀវភៅ​នោះ​ចាំបាច់​ត្រូវមាន​ការផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​អំពី​អត្ថប្រយោជន៍​នៃ​ការអាន ហើយ​ការ​ផ្សព្វផ្សាយ​នោះ​ត្រូវ​ផ្ដើម​ចេញពី​ស្ថាប័ន​ពាក់ព័ន្ធ​ដូចជា ក្រសួង​អប់រំ យុវជន​និង​កីឡា​ជាដើម។ បន្ទាប់មក​គឺ​ការអប់រំ​និង​ការ​ធ្វើ​គំរូ​ពី​លោកគ្រូ អ្នកគ្រូ ឪពុកម្ដាយ ឬ​អាណាព្យាបាល ដោយ​គួបផ្សំ​នឹង​អ្នកនិពន្ធ សៀវភៅ​ដែល​ត្រូវ​យកចិត្តទុកដាក់​លើ​ខ្លឹមសារ ដែល​បម្រើ​ឲ្យ​ការ​យល់ដឹង ការអប់រំ ឬ​អត្ថប្រយោជន៍​ក្នុង​ពេល​អាន​ឬ​ក្រោយពេល​អាន​សៀវភៅ ៕

 

 

អត្ថបទ៖ ក្លិប​អ្នក​កាសែត​កម្ពុជា