ភ្លើង​ឆេះ​ព្រៃ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​នៅ​ប៉ោយ​ប៉ែ​ត

ភ្លើង​ឆេះ​ព្រៃ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​នៅ​ប៉ោយ​ប៉ែ​ត

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរ​និង​សមត្ថកិច្ច បាន​សស្រាក់សស្រាំ​រួម​គ្នា​អន្តរាគមន៍ ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ ដើម្បី​បាញ់​ពន្លត់​អណ្តាតភ្លើង ដែល​ឆេះ​រាលដាល​ជិត​ដល់​ផ្ទះ​អ្នកស្រុក ដែល​បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ជិត​១២​ថ្ងៃត្រង់ ទី​២៥ មក​រា នៅ​ភូមិ​បា​លិ​លេ​យ្យ​២ ក្រុង​ប៉ោយ​ប៉ែ​ត ។

នៅ​កន្លែង​កើតហេតុ​គេ​ឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ក្រុមហ៊ុន​កាស៊ីណូ​ត្រូ​ពី​កា​ណា និង​របស់​អង្គភាព​អធិការដ្ឋាន​នគរបាល​ក្រុង សរុប​២​គ្រឿង បាន​ចល័ត​បាញ់​ពន្លត់ភ្លើង​ដែល​ឆេះ​រាលដាល​ព្រៃ​ក្បែរ​ភូមិ​អ្នកស្រុក ផ្សែងហុយ​អួរ​អ័ព្ទ ហើយ​អាជ្ញាធរ​និង​សមត្ថកិច្ច​ក៏​បាន​ដុតដៃដុតជើង ដើម្បី​ទប់ស្កាត់​ហេតុការណ៍​នេះ ជាមួយ​អ្នកស្រុក​ផង​ដែរ​។ ដោយ​មាន​ខ្យល់​ខ្លាំង ហើយ​ទីតាំង​ឆាបឆេះ ក៏​មាន​ទំហំ​ធំ និង​ជា​ដី​ទំនេរ ធ្វើ​ឱ្យ​អ្នកស្រុក​នៅ​ម្តុំ​នោះ​ព្រួយបារម្ភ​ពី​ការ​ឆាបឆេះ ខ្លាច​រាលដាល​ដល់​ផ្ទះ​ពួក​គាត់ ។ ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​និង​សមត្ថកិច្ច​អន្តរាគមន៍​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ ជួយ​បាញ់​ពន្លត់​និង​ទប់ស្កាត់​ទាន់​ពេលវេលា ។

អ្នកស្រុក​លើក​ឡើង​ថា ការ​ឆាបឆេះ​ព្រៃ​នេះ​អាច​បណ្តាល​មក​ពី​ក្រុម​ជក់​គ្រឿងញៀន ព្រោះ​មុន​កើតហេតុ​គេ​ឃើញ​មនុស្ស​១​ក្រុម​បាន​ជិះ​ម៉ូតូ​ចេញចូល​ព្រៃ​កន្លែង​កើតហេតុ ។ លុះ​ក្រោយមក ក៏​មាន​ភ្លើង​ឆេះ​ព្រៃ មនុស្ស​១​ក្រុម​នោះ​នាំ​គ្នា​ជិះ​ម៉ូតូ​គេច​ទៅ​អស់ ។ យ៉ាងណា​ក៏​ដោយ សមត្ថកិច្ច​សន្និដ្ឋាន​ថា​ករណី​ខាងលើ​អាច​បណ្តាល​មក​ពី​មាន​អ្នក​លួច​ដុត ទើប​បង្ក​ជា​ការ​ឆាបឆេះ​យ៉ាង​ដូច្នេះ ។

អគ្គិភ័យ​បាន​រលត់​ទាំងស្រុង នៅ​ម៉ោងជាង​១​រសៀល​ថ្ងៃ​ដដែល បន្ទាប់​ពី​ប្រើប្រាស់​ទឹក​បាញ់​អស់​៤​រថយន្ត ដែល​រថយន្ត​២​គ្រឿង​ខាងលើ​ចល័ត​យក​ទឹក​ទៅ​មក ៕