ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ ​សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន ​បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម ​(Facebook) Page​ ផ្លូវការរបស់សម្តេចបង្ហោះ​នៅព្រឹក​ថ្ងៃទី២៦មករានេះ​ មានខ្លឹមសារទំាងស្រុងដូចតទៅ​ ៖"ទីក្រុងភ្នំពេញយើងសព្វថ្ងៃ ​គឺជនរួមជាតិប្រាកដជាបានឃើញ​ពីការរីកចម្រើននៅនឹងភ្នែកស្រាប់។ ​ទន្ទឹមនឹងការរីក​លូតលាស់ គឺរាជរដ្ឋាភិបាល​ខិតខំកែ​សម្រួល​រៀបចំប្រព័្ឋទីក្រុង​អោយមានលក្ខណៈ​កាន់តែល្អប្រសើរឡើង ។ តែទោះបីយ៉ាងណាក៏ការ​អភិវឌ្ឍន៍​​នៅក្នុងទីក្រុងគឺប្រឈមនឹង​បញ្ហាមួយចំនួន​ដែល​ត្រូវកែរលម្អជា​បន្តបន្ទាប់ទាំង​នៅពេលនេះ ​និងទៅអនាគត។ ​ខ្ញុំចងចាំបានច្បាស់ណាស់ ​កាលពីយើងរំដោះទីក្រុងភ្នំពេញ​បានពីររបបប៉ុលពត នៅឆ្នាំ ១៩៧៩ ​ដែលទីនេះគឺជាទីក្រុង​ខ្មោច​ស្ងាត់​ជ្រងំគួរអោយខ្លាច។ ​ទីក្រុងដែលធ្លាប់មានមនុស្សរស់​នៅរាប់លាននាក់អ៊ូអរ ​មានរថយន្តតូចធំធ្វើដំណើរ ​ និងមានអាជីវករ ពាណិជ្ជករ ​និងទេសចរ ​បានក្លាយជាទី​ក្រុង​ដែលបោះបង់ចោលទាំងស្រុង​ក្នុងរបបខ្មេរក្រហម។​ ខ្ញុំឃើញគំនរខ្មោចរថយន្ត និង​ម៉ូតូ សៀវភៅសិក្សា ​និងសំភារៈរបស់របរ​ប្រើប្រាស់​ត្រូវបាន​គេយកមក​គរចោលនៅ​តាម​ទីធ្លាសាធារណៈ ។ ​​ខ្ញុំពិតជាស្លុតខ្លាំងណាស់ នៅពេលឈានជើង​ចូលដល់រាជធានីភ្នំពេញដំបូងនៅឆ្នាំ ​១៩៧៩។ ទីក្រុង​វប្បធម៌ ពាណិជ្ជកម្ម ឧស្សាហកម្ម ​និងសេដ្ឋកិច្ច​កម្ពុជា​ ដែលធ្លាប់ល្បីរន្ទឺរកាលពីមុន​ គឺត្រូវបានបំផ្លាញចោល។ ​​ចម្រៀងមួយបទដែលជនរួមជាតិ​បានស្តាប់ហើយរំជួលចិត្ត​នៅពេលនោះគឺ ​“ឱភ្នំពេញអើយ!”។

យើងក្រលេកមើល​ទីក្រុងភ្នំពេញសព្វថ្ងៃ ​ដែលមានកំណើនប្រជាពលរដ្ឋឡើងជិតដល់​ ២ លាននាក់ និងកំណើនលំនៅដ្ឋាន ​យានយន្តមធ្យោបាយ​ធ្វើដំណើរគ្រប់ធុន គ្រឹះស្ថានសិក្សាអប់រំគ្រប់កម្រិត​ និងកំណើនមុខរបរ ​និងប្រាក់ចំណូលដែលធ្វើអោយ​ពលរដ្ឋមានជីវភាពរស់នៅកាន់តែប្រសើរថ្នៃថ្នូរ។​ កត្តាទាំងអស់នេះ ​គឺបានជួយ​ជំរុញ​សេដ្ឋកិច្ជជាតិអោយមានសន្ទុះរីកចម្រើនព្រមគ្នា។

ទោះបីទីក្រុងយើង​រីកចម្រើនបែបនេះក្តី ​ក៏ប៉ុន្តែចំពោះបុគ្គលមួយ​ចំនួនតូចគឺមិនបានឃើញពីភាពរីកច្រើននេះទេ។ ​ព្រោះពួកគេមិនបានឆ្លងកាត់​ការតស៊ូលំបាកវេទនាក្នុង​ការកសាងទីក្រុងពីក្រោម​ចំណុចសូន្យរហូតមកទល់ពេនះ។​ ហើយម៉្យាវិញទៀត ​ពីព្រោះពួកគេក៏មិនដែលបានកសាងទីក្រុងអ្វីដែរ។ ​ដូច្នេះគេមិនបានដឹង​អំពីការរីក​ចម្រើន​ពិតប្រាកដមែន។ ​ខ្ញុំបន្តដឹកនាំនិងខិតខំកសាងទីក្រុង ​និងប្រទេសជាតិយើងទាំងមូល​អោយកាន់តែរីកលូតលាស់លឿនទៅមុខ ​ជាមួយនិងការចូលរួម​របស់ជនរួមជាតិ និង​យុវជនទូទាំងប្រទេស៕"