លោក ហ៊ុន សែន ​គំរាមធ្វើ​​​បាតុកម្ម​​​ដើម្បី​​​ឆ្លើយ​​​តបទៅ​​​​​​នឹង​​​បាតុកម្ម​នយោបាយរបស់​គណបក្ស​ប្រឆាំង​

កាល​​​ពី​​​ម្សិលមិញ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ​ហ៊ុន​​​ សែន បាន​​​គំរាម​​​ធ្វើ​​​បាតុកម្ម​​​តប​​​តប្រឆាំង​​​​គណបក្ស​​​សង្គ្រោះជាតិ​​​វិញ​​​ ប្រសិន​​​បើ​​​លោក​​​ត្រូវ​​​បាន​​​ធ្វើ​​​បាតុកម្ម​​​ប្រឆាំង​​​ដោយ​​​ក្រុម​​បាតុ​ករ​​​​​​អំឡុង​​​​​​ដំណើរ​​​ទស្សន​​​កិច្ច​​​ទៅកាន់​សហរដ្ឋ​​​អាមេរិក​​​នៅ​​​ខែ​​​ក្រោយនេះ​​​​ ដើម្បី​​​ចូល​​​រួម​​​កិច្ច​​​​ប្រជុំ​​​មេ​ដឹក​នាំ​​​អាស៊ាន។

កាល​​​ពី​​ពេលមុន​​​ លោក​​​ ហ៊ុន សែន បាន​​​ធ្វើ​​​ការ​​​គំរាម​​​ដូច​​​គ្នា​​​នេះ​​​ឆ្លើយ​​​តបទៅ​​​​នឹង​​​ការ​​​ធ្វើ​​​បាតុ​កម្ម​​​ប្រឆាំង​​​រូប​​​លោក អំឡុង​​​ដំណើរ​​​ទស្សនកិច្ច​​​ទៅ​​​កាន់បុរី​​​ញូវយ៉ក​​​ និង​​​ទីក្រុង​​​ប៉ារីស ​​ដែល​​​ជា​​​លទ្ធផល​​​នៅ​​​ថ្ងៃ​​​ទី​​​២៦​​​ ខែ​​​តុលា មាន​​​បាតុកម្ម​មួយ​​​នៅ​​​ក្នុង​​​ទីក្រុង​​​ភ្នំពេញ​​​ដែល​​​​​​ក្នុង​​​នោះ​​​លោក ញ៉យ​​​ ចំរើន និង​​​លោក គង់ ​សភា ​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​រង​​​ការ​​​វាយ​​​ដំ​​​ជា​​​ទម្ងន់​​​ពី​​​សំណាក់​​​ក្រុមបាតុករ​​​គាំទ្រ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា។

ជា​​​ការ​​​ឆ្លើយ​​​តប​​​កាល​​​ពី​​​ម្សិលមិញ ទៅ​​​នឹង​​​សារ​​​មួយ​​​​​​យ៉ាង​ច្បាស់​​​ក្រឡែត​​​ពី​​​លោក Brady Young  សកម្មជន​​​គណបក្ស​​​ប្រឆាំង​​​ដែល​​​ព្រមាន​​​​​រូប​​​លោក​​​ពីការ​​​ធ្វើ​​​បាតុកម្ម​​​ជា​ថ្មី​​​នៅ​​​ពេល​​​លោក​​​ទៅ​​​ចូល​​​រួម​​​កិច្ច​​​ប្រជុំ​​​ដែលធ្វើជា​​​ប្រធាន​​​ដោយ​​​លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​​​សហរដ្ឋ​​​អាមេរិក​​​ក្នុង​​រដ្ឋ​​​កាលីហ្វ័រ​​​ញ៉ា នៅថ្ងៃ​​​ទី​​​១៥ និង​​​១៦​​​ខែ​​​កុម្ភៈហើយ​​​លោក ហ៊ុន ​សែន  បាន​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​បារម្ភ​​​ឡើយ។

លោក ហ៊ុន សែន បាន​​​សរសេរ​​​ខំម៉ិន (Comment) នៅ​​​ក្នុង​​​ទំព័រ​​​ហ្វេសប៊ុក​​​ថា ”​​​បើ​​​ក្មួយ​យល់ថាបាតុកម្ម​​​ប្រឆាំង​​​ពូ មាន​​​ប្រយោជន៍​​​ ក៏​សុំ​ធ្វើ​​​តាម​​​ចិត្ត​​​ចុះ​​​ ពីព្រោះ​​​វា​​​ជា​​​មុខ​ជំនាញ​​​របស់​​​ពួកក្មួយ​ទៅហើយ​​​”។

លោក ហ៊ុន​​​ សែន​​​ បាន​​​បន្ត​​​ថា​​​ “អ្វី​​​ដែល​​​អ្នក​​​ត្រូវ​​​ចាំ​​​ ហើយ​​ប្រាប់តគ្នាទៅមេក្មួយ​​​ទាំង​​នៅ​​​ក្នុង​​​និងនៅ​​​​ក្រៅ​​​ប្រទេសនោះ គឺ​​​ត្រូវ​​​ទទួល​​​​​​ស្គាល់​​​សិទ្ធិ​​​បាតុកម្ម​របស់​​​អ្នក​​​គាំទ្រ​​​ពូប្រឆាំង​មេដឹកនាំក្មួយ​នៅក្នុង​ប្រទេស​វិញដែរ​​​”។

លោក​​​ ហ៊ុន សែន បាន​​​បន្ត​​​ថា បើ​​​ទោះ​​​ជា​​​​​​គណបក្ស​​​សង្គ្រោះជាតិ​​​បាន​បដិសេធ​​​ថា មិន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ជាមួយ​បាតុកម្ម​​​​កាល​​​ពី​​​ខែ​​​កញ្ញា​​​នៅ​​​បុរី​​​ញូវ​​​យ៉ក​​​ក៏​​​ដោយ​​​ ក៏​​​របាយការណ៍​​​ហិរញ្ញ​វត្ថុ​​​នៃបក្ស​ប្រឆាំងបង្ហាញ​​​ថា​​​បាន​​​ចំណាយ​​​ធ្វើ​បាតុកម្ម​​​ដែរ​​​។

លោក ហ៊ុន​​​ សែន សន្និដ្ឋាន​​​ថា ​”ដូច​នេះ​​​បាតុកម្ម​​​នៅ​​​​​​កម្ពុជា​​​ ជា​​​​លទ្ធភាព​​​អាច​កើតមាន​ដើម្បី​​ប្រឆាំង​​មេដឹកនាំបក្ស​​​ប្រឆាំង​​​”។

លោក​​​បាន​​​បញ្ចប់​​​ការ​​​បង្ហោះ​​​សារ​​​នេះ​​​ដោយភ្ជាប់​​​រូប​​​ថត​​​លោក Brady Young ពាក់​​​មួក​​​​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ហើយ​​​បាន​​​ផ្តល់​​​ច្បាប់​​​​​ចម្លង​​​នៃ​​​សារ​​​នេះ​​​ដែល​​​លោក​​​បាន​​​ទទួល​​​​​បាន​​​ពី​​​លោក Brady Young ជម្រាប​​​លោក​អំពី​​​គម្រោង​​​ធ្វើ​​​បាតុកម្ម​​​ដែល​​​នៅ​​​ក្នុង​​​នោះ​​​លោក ​Brady Young បាន​​​និយាយ​​​ថា បាតុកម្ម​​​អហិង្សា​​​នឹង​​​ត្រូវ​​​រៀបចំ​​ “ដើម្បីទទួល​​​​ស្វាគមន៍​​​វត្ត​​​មាន​​​របស់​​​លោក​​​”។

លោក Brady Young មិន​​​បាន​​​ឆ្លើយ​​​តប​​​ចំពោះ​​​សំណើ​​​សុំអត្ថាធិប្បាយ​​​ទេ​​​។​​​ក្នុង​​​ការ​​​ឆ្លើយ​​​តប​​​ចំពោះ​​​ខំម៉ិនរបស់​​​លោក ហ៊ុន ​សែន ​នៅ​​​ពេល​​​រសៀល​​​ លោក​​​បាន​​​សរសេរ​​​ថា ​គម្រោង​​​របស់​​​លោក​​​​​​មិន​​​ពាក់​​​ព័ន្ធ​​​គណបក្ស​​​សង្គ្រោះជាតិ​​​ទេ​​​។

ការ​​​ខំម៉ិន​​​របស់​​​លោក Brady Young មាន​​​ខ្លឹម​​​សារ​​​ថា “ពួកយើង​​​ធ្វើ​​​បាតុកម្ម​​​អហិង្សា​​​មិន​​​មែន​​​ក្នុង​​​នាម​​​ជាបក្ស​​​ប្រឆាំង​​​ទេ គឺតំណាង​​​ឲ្យ​ជន​​​រង​​​គ្រោះ​ទាំង៨៣០.០០០ករណី​ដែល​ត្រូវ​​​បាន​​​​រំលោភ​​​​​​សិទ្ធិ​​​សេរីភាព​ដោយ​ក្រុម​​​មន្ត្រី​​​មួយ​ក្រុម​​​​​​​​នៅ​​​ក្នុង​​​រដ្ឋាភិបាល​​​របស់​​​លោក​​​​​​​”។

សកម្ម​​​ជន​​​រូប​​​នេះ​​​​​​បន្ថែម​​​ថា ”ជា​​​ពិសេស​​​គឺដើម្បី​ប្រឆាំង​​​នឹង​​​​អាណានិគម​​វៀតណាម​​​ដែល​​​បាន​​​រំលោភ​​​លើ​កិច្ច​​​ព្រម​​​ព្រៀង​​​សន្តិ​ភាព​​ទី​​​​ក្រុង​​​ប៉ារីស​ (២៣​​​តុលា៩១)​​​ ដោយ​ប្រើ​​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជាជា​ឧបករណ៍ ហើយ​ពួកយើង​​​ក៏មិន​​​យក​​​ខ្មែរ​​​ធ្វើ​​​ជា​​​សត្រូវ​​​​​​ដែរ​​​”។

ការ​​​ខំម៉ិន​​​របស់ លោក Brady Young ធ្វើ​​​ឡើង​​​​​​ភ្លាម​​​ៗ​​​បន្ទាប់​​​ពី​​​មាន​​​​​សេចក្តី​​​ប្រកាស​​​ព័ត៌មាន​​​មួយ​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នៅ​​​សហរដ្ឋ​​​អាេមរិក​​​ ​​​ចុះហត្ថលេខា​​​ដោយ​​​លោក មាស ​ជា ​នៅរដ្ឋ​ Philadelphia អនុប្រធាន​​​គណបក្ស​​​ដែល​​​បដិសេធ​​​ថា មិន​​​មាន​​​គម្រោង​​​ធ្វើ​​​បាតុ​កម្ម​​​ផ្លូវ​​​ការ​​​ណា​​​មួយ​​​​​​ឡើយ។

ខំម៉ិននេះបន្ត​​​ថា ”ក្នុង​​​នាម​​​ខ្ញុំ​​​ជា​​​សមាជិក​​​មួយ​​​រូប និង​​​ជា​​​មេដឹកនាំគណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​នៅ​​​សហរដ្ឋ​​​អាមេរិក ខ្ញុំ​​​សូម​​​ច្រាន​​​ចោល​​​ការ​​​ចោទ​​​ប្រកាន់​​​គ្មាន​​​មូល​​​ដ្ឋាន​​​របស់​ CPP ដែល​​​ថា  គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នៅ​​​សហរដ្ឋ​​​អាមេរិក​​​នឹង​​​រៀប​​​ចំ​​​បាតុកម្ម​​​ដ៏​​​ធំ​​​មួយ​​​ប្រឆាំង​​​លោក  ហ៊ុន ​សែន ​ក្នុង​​​រដ្ឋ​​​កាលីហ្វ័រ​​​ញ៉ា នៅខែ​​​កុម្ភៈ​​​។

លោក យ៉ែម បុញ្ញឫទ្ធិ​​​ អ្នក​​​នាំ​​​ពាក្យ​​​គណ​បក្ស​​​សង្គ្រោះជាតិ​​​ក៏​​​បាន​​​មាន​​​ប្រសាសន៍​​​ផង​​​ដែរ​​​ថា គណបក្ស​​​ប្រឆាំង​​​មិន​​​បាន​​ អនុម័ត​​​​ឲ្យ​​​មាន​​​បាតុកម្ម​​​ណា​​​មួយ​​​ប្រឆាំង​​​លោក ​ហ៊ុន ​សែន ​​នៅ​​​ពេល​​​លោក​​​​​​ទៅ​​​បំពេញ​​​ទស្សនកិច្ច​​​នៅ​​​សហរដ្ឋ​​​អាមេរិក​​​នៅ​​​ខែ​​​ក្រោយ​​​ឡើយ។

លោក​​​បាន​​​ថ្លែង​​​ថា “គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​ទាំង​​​ក្នុង​​​និង​​​ក្រៅ​​​ប្រទេស​​​មិន​​​មាន​​​គំនិត​​​ធ្វើ​​​បាតុកម្ម​​​ទេ​​​។ នេះ​​​គឺ​​​រឿង​​​បុគ្គល​​​ ហើយ​​​មិន​​​មែន​​​​​​​ជា​​​គំនិត​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ទេ​​​”។

លោក សុខ ឥសាន អ្នក​​​នាំ​​​ពាក្យ​​​​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​​បាន​មាន​​​ប្រសាសន៍​​​ថា  ​លោក​​​​​មិន​​​ដឹង​​​ថា តើ​​​គម្រោង​​​ធ្វើ​​​បាតុកម្ម​​​​​​របស់​​​លោក ​​​Brady ​Young ប្រឆាំង​​​លោក ហ៊ុន សែន នឹង​បន្ត​​​​ឬ​យ៉ាង ណា​​​នោះ​​​ឡើយ ​ប៉ុន្តែ ​លោក​​​​​លើក​​​ឡើង​​​​​​​ជា​ថ្មី​​​​ថា ​ប្រសិន​​​​​​បើ​​​​ធ្វើ​​​​​​​​មែន​​​ ​វា​មិន​ស្ថិត​ត្រង់​ថា គណបក្ស​​​សង្គ្រោះ​​​​​​​ជាតិ​​​មិន​បាន​​អនុម័ត​​នោះ​ទេ​។

លោក សុខ ឥសាន បាន​​​ថ្លែង​​​ថា “សហរដ្ឋ​​​អាមេរិក គឺជា​​​ប្រទេស​​​ប្រជា​​​ធិបតេយ្យ​​​ ប្រសិន​​​​​បើ​​​សហរដ្ឋ​​​អាមេរិក​​​​​​មាន​​​សិទ្ធិ​​​ធ្វើ​​​បាតុកម្ម​​​ នោះ​​​​​​កម្ពុជា​​​ក៏​​​មាន​​​សិទ្ធិ​​​ធ្វើ​​​បាតុកម្ម​​​ដែរ”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ប្រសិន​​​បើ​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​សង្គ្រោះ​​​មាន​​​សិទ្ធិធ្វើ​​​បាតុ​កម្ម​​​​​​ប្រឆាំង​​​មេដឹក​​​នាំ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា ​នោះ​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា ក៏​​​មាន​​​សិទ្ធិ​​​ធ្វើ​​​បាតុកម្ម​​​ប្រឆាំង​​​មេ​​​ដឹក​​​នាំ​​​គណ​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ដែរ​​​៕ សារុន (រាយការណ៍បន្ថែមដោយ Alex Willemyns)

The post លោក ហ៊ុន សែន ​គំរាមធ្វើ​​​បាតុកម្ម​​​ដើម្បី​​​ឆ្លើយ​​​តបទៅ​​​​​​នឹង​​​បាតុកម្ម​នយោបាយរបស់​គណបក្ស​ប្រឆាំង​ appeared first on ខេមបូឌា ដេលី.