ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ ​នៅលើបណ្តាញទំនាក់ទំនងសង្គម (Faceboo) Page ​ផ្លូវការរបស់សម្តេចតេជោ ​ហ៊ុន សែន ​បានសរសេរបង្ហោះ​នៅយប់ថ្ងៃទី ២៥​ មករា មានខ្លឹមសារ ទំាងស្រុងថា​​ "សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជាអនុញ្ញាតអោយ លោក Kenji Kitahashi ​អភិបាលក្រុង គីតាគ្យូស៊ូ ​នៃប្រទេសជប៉ុនចូល​ជួបសំដែងការគួសម ​និងភិភាក្សាការងារនៅ​វិមានរដ្ឋាភិបាលសន្តិភាព រាជធានីភ្នំពេញ។

លោក Kenji Kitahashi ​បានជំរាបជូន សម្ដេចតេជោ ​ថាលោកបានធ្វើការយ៉ាងជិតស្និទជាមួយ​សាលារាជធានីភ្នំពេញដើម្បីរៀបចំ​ការចងសម្ព័ន្ឋមេត្រីភាព រវាងទីក្រុង គីតាគ្យូស៊ូ និងទីក្រុងភ្នំពេញ ​ហើយកិច្ចពិភាក្សានេះ​មានដំណើរការល្អប្រសើរ​ និងឈានដល់ការចុះកិច្ចសន្យា​នៅថ្ងៃទី២៩ មិនា ឆ្នាំ២០១៦​ ខាងមុខនេះ ។ លោកបាន​បញ្ជាក់​ទៀតថា​ទំនាក់ទំនងរវាងក្រុងទាំងពីរគឺមាន​ជាយូរណាស់មកហើយ ​ជាពិសេសកិច្ចសហការលើគំរោងទឹកស្អាត ​។ ទិសដៅនាពេលអនាគត ភាគីជប៉ុនមានបំណង​ជួយ​ដល់ក្រុងភ្នំពេញ​លើផ្នែកបរិស្ថាន ​ បញ្ហាចំរោះទឹកកខ្វក់ ​ និងបញ្ហាមួយចំនួនទៀត។ ​ភាគីជប៉ុនក៏បានស្នើរសុំការគាំទ្រពី​ សម្តេចតេជោ ​លើគំរោងទាំងអស់នេះ។

សម្តេចតេជោ ​ហ៊ុន សែន ​បានមានប្រសាសន៍ថា ​ទំនាក់ទំនងរវាង សាលាក្រុងភ្នំពេញ​ និងក្រុង គីតាគ្យូស៊ូ គឺផ្តោតលើបញ្ហាទឹកស្អាត​ ប៉ុន្តែប្រធានបទ​ពេលនេះគឺ​បានផ្លាស់​ប្តូរបន្តិចហើយ ​ព្រោះរាជធានីភ្នំពេញមានបញ្ហា​ទឹកស្អាតផង និង​ការបង្ហូរកាកសំណល់កខ្វក់ចេញទៅទន្លេ ​បឹងបួរផងដែរ។ ​សម្តេចតេជោ​ បានស្នើរសុំភាគីជប៉ុនអោយ​ពិនិត្យ និងស្វែងរក​ដំណោះស្រាយដើម្បី​ ទី១ ជម្លៀសទឹកភ្លៀង ​កុំអោយមានការលិចលង់ ​ ទី២ ធ្វើយ៉ាងណាសំអាតទឹកកខ្វក់មុន ​នឹងបង្ហូរចេញ​ទៅ​ទន្លេ ឬបឹងបួរនោះ។

សម្តេចតេជោ ហ៊ុន សែន​ បានថ្លែងអំណរគុណ​ដល់រដ្ឋាភិបាលជប៉ុន ​ដែលបានសហការជួយកម្ពុជាលើបញ្ហាទាំងអស់នេះ ​និងបញ្ហាដ៏ទៃទៀតៗ​​កន្លងមកទល់​ពេល​បច្ចុប្បន្ន៕"