គណបក្ស​កុម្មុយនិស្ត​ឡាវ​​ផ្លាស់ប្ដូរ​មេដឹកនាំ​ថ្មីៗ​

គណបក្ស​កុម្មុយនិស្ត​ឡាវ​​ផ្លាស់ប្ដូរ​មេដឹកនាំ​ថ្មីៗ​

រូបភាពឯកសារ៖ នាយក​រដ្ឋមន្រ្តី​ឡាវ​លោក​Bounnhang Vorachith បាន​ថ្លែង​ក្នុង​ពិធី​សម្ភោជនៃ​កិច្ច​ប្រជុំ​គណ​រដ្ឋ​មន្រ្តី​ប្រចាំ​ឆ្នាំ​ទី ៣៦នៃសមាគម​អាស៊ាន​នៅ​ទី​ក្រុង​វៀង​ច័ន្ទ កាលពី ថ្ងៃ​ទី​២៦​ កក្ក​ដា​ ឆ្នាំ​២០០៥គណបក្ស​កុម្មុយនិស្ត​ឡាវ​បាន​ផ្លាស់ប្ដូរ​មេដឹកនាំ​ថ្មីៗ​ក្នុង​អំឡុង​ពេល​នៃ​សមាជ​គណបក្ស​លើក​ទី​១០ ដែល​បង្ហាញ​ពី​​ទិសដៅ​នា​ពេល​អនាគត​​របស់​ប្រទេស​នេះ ខណៈ​ដែល​ប្រទេស​ឡាវ​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំ​សមាគម​ប្រជាជាតិ​អាស៊ី អាគ្នេយ៍​ដែល​ហៅ​កាត់​ថា​អាស៊ាន (ASEAN)។ បាំងកក—

គណបក្ស​កុម្មុយនិស្ត​ឡាវ​បាន​ផ្លាស់ប្ដូរ​មេដឹកនាំ​ថ្មីៗ​ក្នុង​អំឡុង​ពេល​នៃ​សមាជ​គណបក្ស​លើក​ទី​១០ ដែល​បង្ហាញ​ពីទិសដៅ​នា​ពេល​អនាគតរបស់​ប្រទេស​នេះ ខណៈ​ដែល​ប្រទេស​ឡាវ​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំ​សមាគម​ប្រជាជាតិ​អាស៊ី អាគ្នេយ៍​ដែល​ហៅ​កាត់​ថា​អាស៊ាន (ASEAN)។ ព្រឹត្តិការណ៍​វិវត្តន៍​នយោបាយ​ចុង​ក្រោយ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​មុន​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ឡាវ​របស់​លោក John Kerry រដ្ឋមន្រ្តី​ការបរទេស​អាមេរិក។

សមាជ​ប្រជុំ​របស់​គណបក្ស​កុម្មុយនិស្ត​ឡាវ​ដែល​មាន​រយៈ​ពេល​៥ថ្ងៃ​ កត់​សម្គាល់​ជា​សំខាន់​នូវ​ព្រឹត្តិការណ៍​ការបោះឆ្នោត​ជ្រើសរើស​លោក Bounnhang Vorachit អាយុ​៧៨​ឆ្នាំ ​ដែល​ជា​សមាជិក​ជាន់ខ្ពស់​នៃ​គណបក្ស​នេះ​ ឲ្យ​ធ្វើជា​អគ្គលេខាធិការ​ថ្មី​នៃ​គណបក្ស។​

លោក Bounnhang ​ចំណង​ទាក់ទង​ជាមួយ​នឹង​ប្រទេស​វៀតណាម​ជា​យូរ​មក​ហើយ គឺ​ចាប់​តាំង​ពី​កាល​លោក​ធ្វើការ​ហ្វឹកហ្វឺន​យោធា​និង​កាល​ពី​ពេល​ដែល​លោក​នៅ​ជា​សិស្ស។ លោកBounnhang ​ស្នង​តំណែង​លោក Choummaly Sayasone ដែល​បាន​កាន់​តំណែង​នេះ​អស់​រយៈពេល​១០​មក​ហើយ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​បាន​ផ្សាយ​ថា គណៈប្រតិភូ​ជិត​៧០០​នាក់​ដែល​តំណាង​ឲ្យ​សមាជិក​គណបក្ស​ជាង២​សែន​នាក់ ​បាន​ចូល​រួម​ក្នុង​សមាជ​ប្រជុំ​រយៈពេល​៥​ថ្ងៃ​ ក្នុង​ទីក្រុង​វៀងច័ន្ទ ដែល​ជា​ការ​ប្រជុំ​លើក​ទី​១០​ចាប់​តាំង​ពី​គណបក្ស​កុម្មុយនិស្ត​បាន​ចូល​កាន់​កាប់​អំណាច​តាំង​ពី​ឆ្នាំ​១៩៧៥​មក។

សមាជ​ប្រជុំ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​មុន​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅ​កាន់​ប្រទេស​ឡាវ របស់​លោក​រដ្ឋមន្រ្តី​ការ​បរទេស​អាមេរិក John Kerry នេះ ក៏​មាន​ចំណុច​គួរ​ឲ្យ​កត់​សម្គាល់​មួយ​ទៀត​ គឺការ​តែងតាំង​លោក​រដ្ឋមន្រ្តី​ការបរទេស Thongloun Sisoulith ​ជា​នាយករដ្ឋមន្រ្តី​ផង​ដែរ។ ​

ប្រភព​អ្នក​ការទូត​នៅ​ទីក្រុង​វៀងច័ន្ទ​បាន​ប្រាប់ VOA ថា លោក Thongloun ជា​អ្នក​តែង​បាន​គាំទ្រ​ដល់​ការ​ពង្រឹង​ចំណង​ទ្វេភាគី​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ឡើង​វិញ។ ​

ប៉ុន្តែ​លោក Thitinan Pongsudhirak ដែល​ជា​អ្នក​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកលវិទ្យាល័យ Chulalongkorn ក្នុង​ប្រទេស​ថៃ បាន​សង្កត់​ធ្ងន់​ថា ​គោលនយោបាយ​រួម​មិន​ទំនង​ជា​នឹង​ត្រូវ​បាន​ផ្លាស់ប្ដូរ​ក្រោម​ថ្នាក់​ដឹកនាំ​ថ្មី​នោះ​ទេ ហើយ​រដ្ឋាភិបាល​ក៏នឹង​បន្ត​ប្រឈម​នឹង​ការ​រិះគន់​ជុំវិញ​បញ្ហា​សិទ្ធិ​មនុស្សដែល​បាន​កើត​មាន​ផង​ដែរ។

អ្នក​វិភាគ​រូប​នេះ​ថ្លែង​ប្រាប់ VOA ថា៖ «ថ្នាក់​ដឹកនាំ​ថ្មី​នេះ​គឺ​ដដែល។ ដដែល​នេះ គឺ​សំដៅ​ទៅ​លើ​ការ​គាប​សង្កត់​និង​ដាក់​កំហិត​ទៅ​លើអង្គការ​សង្គម​ស៊ីវិល​និង​សេរីភាព​ជា​មូលដ្ឋាន។ កាល​ពី​ពេល​កន្លង​ទៅ​នេះ យើង​មាន​រឿង​អាស្រូវ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​បាត់​ខ្លួន​របស់​សកម្មជន​អង្គការ​សង្គម​ស៊ីវិល​និង​ការ​រំលោភ​សិទ្ធិមនុស្ស ដែល​គេ​រំពឹង​ថា​នឹង​នៅ​តែ​បន្ត​កើតឡើង‍»។‍

ក្រុម​អ្នក​វិភាគ​និយាយ​ថា ការ​ចូល​និវត្តន៍​របស់​សមាជិក​ការិយាល័យ​នយោបាយ​ចំនួន​២​រូប​ដែល​គាំទ្រ​ប្រទេស​ចិន​នេះ ​ក៏​ប្រហែល​ជា​ធ្វើ​ឲ្យ​ខ្សោយ​នូវ​ឥទ្ធិពល​ដែល​ចេះ​តែ​កើន​ឡើង​របស់​ប្រទេស​ចិន​ទៅ​លើ​ប្រទេស​ឡាវ​ផង​ដែរ។

ប្រទេស​ចិន​គឺ​ជា​អ្នក​វិនិយោគ​បរទេស​ដ៏​ធំ​បំផុត​របស់​ឡាវ បន្ទាប់​មក​គឺ​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ។

លោក​ឧបនាយករដ្ឋមន្រ្តី Somsavat Lengsavad បាន​ថ្លែង​នៅ​ក្នុង​សមាជ​ប្រជុំ​នោះ​ថា គោលដៅ​របស់​គណបក្ស​គឺ​ចង់​ឃើញ​ប្រទេស​ឡាវ​ចេញ​ផុត​ពី​ឈ្មោះ​ជា​ប្រទេស​ដែល​មាន​ការអភិវឌ្ឍ​តិចតួច​បផុតត្រឹម​ឆ្នាំ​២០២០ និង​បន្ត​បំបាត់​ភាព​ក្រីក្រ​បន្ថែម​ទៀត។ ​

លោក Carl Thayer អ្នក​វិភាគ​លើ​ផ្នែក​សន្តិសុខ​នៃ​សាកលវិទ្យាល័យ​ New South Wales នៅ​ប្រទេស​អូស្ត្រាលី​បាន​មាន​ប្រសាសន៍​ថា ប្រទេស​ឡាវ​នឹង​ត្រូវ​រក្សា​តុល្យភាព​នៃ​ទំនាក់ទំនង​អន្តរជាតិ​របស់​ខ្លួន​ ក្នុង​នាម​ជា​ប្រទេសដែល​នឹង​ត្រូវ​ធ្វើ​ជា​ប្រធាន​អាស៊ាន និង​ទទួល​ស្វាគមន៍​បណ្តា​មេដឹកនាំ​ពិភពលោក ដោយ​រួម​មាន​ទាំង​លោក​ប្រធានាធិបតី​ Barack Obama នៅ​ក្នុង​ឆ្នាំ​នេះ​ផង​ដែរ។ ​

លោក Thayer ថ្លែង​បញ្ជាក់​ប្រាប់ VOA ថា៖ «លោក Obama នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​នេះ​ក្នុង​ខែ​ឧសភា​ខាង​មុខ​នេះ ជាក់ស្តែង​គឺ​ទៅ​កាន់​ប្រទេស​វៀតណាម​តែ​ម្តង។ នៅ​ក្នុង​ឆ្នាំ​ចុងក្រោយ​នៃ​តំណែង​ជា​ប្រធានាធិបតី​អាមេរិក លោក Obama ​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​នយោបាយ​ការទូត​អាមេរិក​នៅ​ក្នុង​ប្រទេស​ឡាវ​ដែល​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ ASEAN និង​ព្យាយាម​ធ្វើ​ឲ្យ​វា​ប្រទេស​នេះ​មាន​លក្ខណៈ​ឯករាជ្យ​និង​អព្យាក្រឹត្យ​ ជា​ជាង​ទោរ​ទន់​ទៅ​រក​ប្រទេស​ចិន ដូច​ដែល​មនុស្ស​មួយ​ចំនួន​បាន​អះអាង​នោះ​ទេ‍»។​

ក្រុម​អ្នក​វិភាគ​បាន​និយាយ​ថា ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំ​អាស៊ាន​របស់​ប្រទេស​ឡាវ​នឹង​ធ្វើ​ឲ្យ​ប្រទេស​នេះ​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​របស់​សហគមន៍​អន្តរជាតិ ខណៈ​ដែល​គណបក្ស​កុម្មុយនិស្ត​ឡាវ​ត្រូវ​រក្សា​តុល្យភាព​ទំនាក់ទំនង​រវាង​ប្រទេស​ចិន​និង​ប្រទេស​វៀតណាម​ ក៏​ដូច​ជា​ផ្តោត​ទៅ​លើ​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច៕

ប្រែសម្រួល​ដោយ ហុង ចិន្តា