វីរុស Zika ចម្លង​តាម មូស​ខ្លា កំពុង​រា​ត្បា​ត​នៅ​ប្រទេស​ក្នុង​តំបន់​អាមេរិក ខាងត្បូង និង​កណ្តាល​

ភ្នំពេញ: ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC បាន​លើកឡើងថា វីរុស Zika រកឃើញ​ដំបូង​នៅលើ​សត្វ​ស្វា​ក្នុង​ឆ្នាំ​១៩៤៧ និង​លើ​មនុស្ស ក្នុង​ឆ្នាំ​១៩៥២ នៅ​ប្រទេស Uganda នែ​ទ្វីបអាហ្វ្រិក ។ បន្ទាប់មក​ជំងឺ នេះ​មានការ ផ្ទុះ​ឡើងជា​រប៉េះរប៉ោះ នៅ​ទ្វីបអាហ្វ្រិក អាមេរិក និង អាស៊ី​ប៉ាស៊ីហ្វិក ។​

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បាន​បន្តថា បច្ចុប្បន្ននេះ វីរុស Zika កំពុង​រា​ត្បា​ត​នៅ​ប្រទេស​ក្នុង​តំបន់​អាមេរិក ខាងត្បូង និង​កណ្តាល ការ​រា​ត្បា​ត​នេះ​រីក​ខ្លាំង​ឡើង​បន្ទាប់ពី​ការទា​ត់បាល់​ពិភពលោក​នៅ​ប្រទេស​ប្រេ​ស៊ី​ល​ឆ្នាំ​២០១៤ ។ ជំងឺ​នេះ​ចម្លង​តាម មូស​ខ្លា ដូច​ជំងឺគ្រុនឈាម​ដែរ និង​មាន​រោគសញ្ញា​ដូច​ជំងឺគ្រុនឈាម (​គ្រុនក្តៅ ឈឺក្បាល ក្រហម​ភ្នែក កន្ទួល​ក្រហម​លើ​ស្បែក ឈឺសន្លាក់​) ។
​នៅក្នុង​តំបន់​យើង​រកឃើញ​ជំងឺ​នេះ​នៅ​ស្រុក​យើង​មួយ​ករណី​កាលពី​ឆ្នាំ ២០១០ ជាសះស្បើយ និង​ចាប់ពីពេលនោះ​ដល់​បច្ចុប្បន្ន​ពុំ​រកឃើញ​ទៀត​ទេ ឯ​ប្រទេស​ថៃ​វិញ​ចាប់ពី​ឆ្នាំ​២០១២ ដល់ ២០១៤ រកឃើញ ៧​ករណី​សុទ្ធសឹងតែ​ជាសះស្បើយ និង ខែមករា​នេះ​រកឃើញ ១​ករណី​ទៀត​រកឃើញ​ពេលធ្វើ​ដំណើរ​ទៅ​កោះ​តៃវ៉ាន់ ។ យើង​មាន​មន្ទីរ ពិសោធន៍​អាចធ្វើ​តេស្ត​បាន ។ គ្រោះភ័យ​បណ្តាលមកពី​ជំងឺ​នេះ​នៅ ក្នុងប្រទេស​យើង​នៅមានកំរិត​ទាប​នៅឡើយ តែ​វិធាន​ការបង្ការ​ត្រូវតែ ពង្រឹង​ជាប់​ជានិច្ច ដែល​យើង​ប្រើ​ប្រ​ព័​ន្ទ​ដែលមាន​ស្រាប់ ។​

​វិធានការណ៍​សុខាភិបាលៈ ពង្រឹង​ប្រព័ន្ធ​តាមដាន​ជំងឺ ធ្វើតេស្ត​អ្នក សង្ស័យ​ជំងឺ បងប្អូន​ដែល​ធ្វើ​ត្រឡប់​មកពី អាហ្វ្រិក និង អាមេរិក បើ​សង្ស័យ​សូម​ទៅ​ពិគ្រោះ​ជំងឺ​នៅ​មន្ទីរពេទ្យ និង​ប្រាប់​គ្រូពេទ្យ​អំពី​ប្រវត្តិ​ការធ្វើដំណើរ ឬ​ទូរស័ព្ទ​មក​លេខ ១១៥ ០១២៤៨៨៩៨១ ០៨៩៦៦៩៥៦៧ ៕​