ស្រាវជ្រាវ &raquo ស្រាវជ្រាវ…

សារព័ត៌មាន​ពី​ក្រុង​គែ​រ៍ ប្រទេស​អេ​ហ្ស៊ី​ប កាលពី​ថ្ងៃ​ទី​២៥ មក​រា ២០១៦ ផ្សាយ​ថា អយ្យការ​កំពូល​របស់​អេ​ហ្ស៊ីប បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២២ មក​រា ថា នឹង​អនុវត្ត​លើ​រឿង​ក្តី​តាម​ផ្លូវច្បាប់ និង​ស៊ើ​ប​អង្កេត​ចំពោះ​អតីតមន្ត្រី​ចំនួន​៨​នាក់ ក្នុង​សារមន្ទីរ​ក្រុង​គែ​រ៍ ពី​បទ​ប្រតិបត្តិ​តួនាទី​ដោយ​ការ​ប្រមាថ​ប្រើ​កាវ​ជួសជុល​ពុកចង្កា​នៃ​ស្រោម​ព្រះ​ភ័ក្ត្រ​មាស «​ហា្វ​រ៉ូ ទូ​តាន​កា​មុន​» គឺជា​វិធីសាស្ត្រ​មិន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត បង្ក​ការ​ខូចខាត​ដល់​វត្ថុ​បុរាណ​ដែល​មាន​អាយុ​ចំណាស់​ដល់​ទៅ​៣៣០០​ឆ្នាំ​នោះ ។

អាជ្ញាធរ​អេ​ហ្ស៊ីប​បាន​ដក​មន្ត្រី​ទាំង​៨​នាក់​ចេញពី​តំណែង កាលពី​ខែសីហា ២០១៤ ក្រោយ​ពី​ទទួល​ដំណឹង​ថា មាន​កាវ​ប្រឡាក់​នៅ​បរិវេណ​ពុកចង្កា​នៃ​ស្រោម​ព្រះ​ភ័ក្ត្រ និង​ស៊ើ​ប​អង្កេត​ដើម្បី​រក​ចំណុច​នៃ​ការ​ខូចខាត​លើ​វត្ថុ​បុរាណ​នោះ ។

កន្លង​មក​រដ្ឋាភិបាល​ក្រុង​គែ​រ៍ បាន​អញ្ជើញ​ក្រុម​ជំនាញ​ផ្នែក​ជួសជុល​វត្ថុ​បុរាណ​ពី​អា​ល្លឺ​ម៉​ង់ ត្រួតពិនិត្យ​និង​ជួសជុល​ស្រោម​ព្រះ​ភ័ក្ត្រ ជា​ថ្មី​ប្រកបដោយ​វិធីសាស្ត្រ​សម​ស្រប កាលពី​ខែតុលា​ឆ្នាំ​មុន ។ ការ​ជួសជុល​បាន​ដំណើរការ​ជាង​២​ខែ និង​អាច​ដាក់​តាំង​បង្ហាញ​ជា​ថ្មី កាលពី​ពាក់កណ្តាល​ខែធ្នូ ២០១៥ ។

ស្រោម​ព្រះ​ភ័ក្ត្រ​របស់ «​ហ្វា​រ៉ូ ទូ​តាន​កា​មុន​» មាន​ទម្ងន់​១១​គីឡូក្រាម ធ្វើ​ពី​មាស និង​ចាត់​ទុក​ថា ជា​វត្ថុ​បុរាណ​ដែល​មានកេរ្តិ៍ឈ្មោះ​បំផុត ក្នុង​សារមន្ទីរ​ជាតិ​អេ​ហ្ស៊ីប ។ ស្រោម​ព្រះ​ភ័ក្ត្រ​នោះ​ប្រទះ​ឃើញ​ដោយ​លោក​ហូ​វើ​ដ ខា​ទ័​រ អ្នក​បុរាណវិទ្យា​ជនជាតិ​អង់គ្លេស រួម​ទាំង​ម៉ាំ​ម៉ី​របស់​ព្រះ​អង្គ​ផ្ទាល់​នៅ​ភូមិ​មួយ នៅ​ទីក្រុង​ឡាក់​ស៊័​រ ក្បែរ​មាត់ទន្លេ «​នី​ល​» (Nile) ភាគ​កណ្តាល​ប្រទេស​អេ​ហ្ស៊ី​ប កាលពី​ឆ្នាំ​១៩២២ ដោយ​ព្រះ​អង្គ​មាន​ព្រះ​ជន្មាយុ​១៩​ព្រះ​វស្សា ៕