ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ត្បូងឃ្មុំ ៖ អំពើ​ហិង្សា​ក្នុង​គ្រួសារ​មួយ បុរស​ជា​ប្តី​ឈ្មោះ​ហម សា​រ៉េ​ត អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​ទួល​វិហារ ឃុំ​ជី​រោទ៍​ទី​២ ស្រុក​ត្បូង​ឃ្មុំ បាន​យក​កាំបិត​ផ្គាក់​កាប់​ប្រហារ ប្រពន្ធ​ត្រូវ​ក្បាល​ចំនួន​២​កាំបិត រង​របួស​ធ្ងន់ធ្ងរ វេលា​ម៉ោង​៨ និង​១៥​នាទី​យប់​ថ្ងៃ​ទី​២៥
មក​រា ២០១៦ នៅ​នឹង​ផ្ទះ ។

ក្រោយ​ពី​បាន​បង្កហេតុ​ប្តី​បាន​រត់គេច​ខ្លួន​បាត់ ។ ចំណែក​ប្រពន្ធ​ត្រូវ​បាន​សមាជិក​ក្រុម​គ្រួសារ នាំ​គ្នា​ដឹក​តាម​រថយន្ត​មក​សង្គ្រោះ​ជា​បន្ទាន់​នៅ​មន្ទីរពេទ្យ​៧​ដេរ​ខេត្តកំពង់ចាម រហូត​ដល់​វេលា​ម៉ោង​១១ និង​១២​នាទី​យប់​ថ្ងៃ​ដដែល ស្ត្រី​នោះ​បាន​ស្លាប់ ។ ចំណែក​បុរស​ជា​ប្តី​ត្រូវ​បាន​ជាប់ចោទ​ពី​បទ​មនុស្សឃាត ដោយ​ចេតនា​ផង​ដែរ ។

អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន ប្រាប់​ឲ្យ​ដឹង​ថា នា​ពេល​ល្ងាច​មុន​ពេល​កើតហេតុ​បុរស​ជា​ប្តី​បាន​ទៅ​ផឹកស៊ី​ជាមួយនឹង​គេឯង នៅ​ក្នុងភូមិ​តាំងពី​ពេល​ល្ងាច រហូត​ដល់​យប់​ទើប​ត្រឡប់​មក​ផ្ទះ​វិញ ទាំង​ស្រវឹង​ធ្លាក់​ភ្នែក ហើយ​ក៏​បាន​ឈ្លោះប្រកែក​ជាមួយនឹង​ប្រពន្ធ​តឹង​ស​សៃ​ក​នៅ​លើ​ផ្ទះ ។

អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ លោក​វរ​សេនី​យ៏​ត្រី ឡុ​ង សា​រិ​ន ប្រាប់​បន្ត​ទៀត​ថា ក្រោយ​ពី​បាន​ឈ្លោះ​គ្នា​មួ​យស​ន្ធុះ ប្តី​បាន​ស្ទុះ​ទៅ​ទាញ​កាំបិត​ផ្គាក់​មក​កាប់​ប្រហារ​លើ​ប្រពន្ធ​ត្រូវ​ក្បាល​ចំនួន​២​កាំបិត​របួសធ្ងន់ ដោយ​មាន​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួនប្រាណ ។​គ្រាន់តែ​កាប់​រួច​បុរស​នេះ​មិន​បាន​នៅផ្ទះ​ទេ បាន​រត់គេច​ខ្លួន ។ ស្ត្រី​ឈ្មោះ​ស្រី​មុំ ក៏​ត្រូវ​បានកូន​ៗ​និង​សមាជិក​ក្រុម​គ្រួសារ​នាំ​គ្នា​ដឹក​តាម​រថយន្ត​មក​សង្គ្រោះ​ជា​បន្ទាន់​នៅ​មន្ទីរពេទ្យ​៧​ដេ ដោយសារ​តែ​របួស​ធ្ងន់ធ្ងរ​ត្រូវ​ចំ​ក្បាល ក្រុម​គ្រូពេទ្យ​មិន​អាច​សង្គ្រោះ​បាន    រហូត​ដល់​កណ្តាលអធ្រាត្រ ក៏​បាន​ដាច់ខ្យល់​ស្លាប់​តែ​ម្តង រួច​ក៏​បាន​នាំ​គ្នា​ដឹក​សព​ត្រឡប់​មក​ផ្ទះ​វិញ ដើម្បី​រៀបចំ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ក្រោម​សំឡេង​យំសោក​ពី​សំណាក់​ក្រុម​គ្រួសារ ។

អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​បញ្ជាក់​ថា បុរស​ជា​ប្តី​ខាងលើ ជា​បុរស​ពោះម៉ាយ បាន​យក​ស្ត្រី​នោះ​ជា​មេម៉ាយ​កូន​៣ បាន​ប្រហែល​​១​ឆ្នាំ​មិន​មានកូន​ទេ ។ ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង លោក​វរ​សេនី​យ៏​ឯក ប្រាក់ ប៊ុ​ន​ណុ​ន ស្នងការ​រង​នគរបាល​ខេត្ត និង​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត បាន​ចាត់​ឱ្យ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ ដោយ​សហការ​ជាមួយនឹង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជី​រោទ៍​ទី​២ ។ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៦ មក​រា បុរស​ជា​ប្តី​ដែល​បាន​ក្លាយទៅជា​ឃាតករ​នោះ មិន​ទាន់​ត្រូវ​បាន​ចាប់ខ្លួន​នៅឡើយ​ទេ តែ​សមត្ថកិច្ច​គ្រប់​ច្រកល្ហក​កំពុង​តែ​តាម​ប្រមាញ់​ហើយ​ដែរ ។