ករណី​ប្លន់​ប្រដាប់អាវុធ​នៅ​ស្រុក​កណ្ដាលស្ទឹង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​កាន់តែខ្លាំង​ចំពោះ​បញ្ហា​អសន្តិសុខ​សង្គម​

​បើទោះបី​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ក្រសួងមហាផ្ទៃ ដាក់ចេញ​ជា​បន្តបន្ទាប់​នូវ​វិធាន​ការពង្រឹង​សន្តិសុខ​សង្គម​យ៉ាងណាក៏ដោយ ក៏​ជាក់ស្តែង​ករណី​ប្លន់​ប្រដាប់អាវុធ​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​ដូចជា នៅ​ខេត្តកណ្ដាល ខេត្ត​ប៉ៃលិន ខេត្តបន្ទាយមានជ័យ និង​រាជធានី​ភ្នំពេញ​ជាដើម​។ កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​យប់ ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៦ ក្រុមចោរប្លន់​មាន​គ្នា​៣​នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​១​ដើម​និង​កាំភ្លើង​វែង​១​ដើម បានធ្វើ​សកម្មភាព​បាញ់​ប្លន់​យក​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្រពាំង​កក់ ឃុំ​ទ្រា ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។ នៅក្នុង​អំពើ​ប្លន់​នោះ​ប្រជាពលរដ្ឋ​ម្នាក់​បាន​ស្លាប់​ក្រោយពេល​បញ្ជូន​ទៅដល់​មន្ទី​រ​ពេទ្យ និង​២​នាក់​ទៀត​រងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ហើយ​បាត់បង់​គ្រឿងអលង្ការ​និង​លុយកាក់​សរុប​ប្រមាណ​ជាង​១​ម៉ឺន​ដុល្លារ​។

អំពើ​ប្លន់​ប្រដាប់អាវុធ​ខាងលើនេះ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ស្រុក​កណ្ដាលស្ទឹង និង​បណ្ដា​ខេត្ត​នានា​ទូទាំងប្រទេស​ព្រួយបារម្ភ​កាន់តែខ្លាំង​ចំពោះ​បញ្ហា​អសន្តិសុខ​សង្គម ហើយ​អំពាវនាវ​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ ក៏ដូចជា​ក្រសួងមហាផ្ទៃ ព្រមទាំង​សមត្ថកិច្ច​គ្រប់​បណ្ដា​រាជធានី​-​ខេត្ត យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​សង្គម​បន្ថែមទៀត​។ ដោយហេតុថា អំពើ​ប្លន់​ប្រដាប់អាវុធ​នៅតែ​បន្ត​កើតមាន​ឥតឈប់ឈរ ហើយ​តាម​ពិនិត្យ​ជាក់ស្តែង​ភូមិ​-​ឃុំ​ពិត​ជាមាន​សុវត្ថិភាព ប៉ុន្តែ​ប្រជាពលរដ្ឋ​បែរជា​រស់​ក្រោម​ការភ័យខ្លាច ព្រោះ​ក្រុមចោរប្លន់​ប្រដាប់អាវុធ​នៅតែ​ធ្វើ​សកម្មភាព​យ៉ាង​គឃ្លើន​។ អ្វីដែល​គួរ​ឲ្យ​ភ័យខ្លាច​នោះ គឺ​ក្រុមចោរប្លន់​បាន​បាញ់សម្លាប់​ជនរងគ្រោះ​យ៉ាង​សាហាវ ហើយ​សមត្ថកិច្ច​មិនអាច​វែកមុខ​ពួកគេ​យកទៅ​ដាក់ទោស​បានឡើយ​។

​ក្នុង​អំពើ​ប្លន់​នៅ​ភូមិ​ត្រពាំង​កក់ ឃុំ​ទ្រា ស្រុក​កណ្ដាលស្ទឹង កាលពី​យប់​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៦ មាន​ជនរងគ្រោះ​៣​នាក់ ទី​១​ឈ្មោះ ធួ​ក ថៅ​វ​រ៉ា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ត្រូវស្លាប់​បាត់បង់​ជីវិត​ទើប​បញ្ជូនទៅ​មន្ទីរពេទ្យ​។ ទី​២​ឈ្មោះ សុខ ច​ន្ធូ ភេទ​ស្រី អាយុ​៥២​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ របួស​ភ្លៅ និង​ទី​៣​ឈ្មោះ ឡាយ ធារ៉ា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រងរបួស​ជើង​។ ជនរងគ្រោះ​ទាំង​៣​នាក់​មុនពេល​កើតហេតុ​នាំគ្នា​អង្គុយ​ហូបបាយ​នៅ​បន្ទប់​ខាងក្រោម​ផ្ទះ ហើយ​ពេល​កំពុង​រៀប​ហូប​ស្រាប់តែ​ឮ​សំឡេង​មនុស្ស​ចូលមក​ពីក្រោយ​ផ្ទះ​។

នៅពេលនោះ​ជង​រងគ្រោះ​ដែល​ស្លាប់​បាន​ស្ទុះ​ទៅ​បើកទ្វារ​មើល​ស្រាប់តែ​ជនសង្ស័យ​បាន​បាញ់​ទម្លាយ​ទ្វារ​ចូលមក​បណ្ដាល​ឲ្យ​ត្រូវ​ចំពោះ​ជនរងគ្រោះ​ដេក​ដួល​លើដី រួច​ជនសង្ស័យ​ក៏​ធាក់​ទ្វារ​ទម្លាយ​ចូលមក​និង​បាញ់​ទៅលើ​ជនរងគ្រោះ​២​នាក់​ទៀត​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ទើប​ក្រុមចោរ​នាំគ្នា​រើកកាយ​យក​ទ្រព្យសម្បត្តិ​និង​គេចខ្លួន​ពី​កន្លែងកើតហេតុ​ដោយ​សុខ​ស្រួល​។ ក្រោយពេល​ក្រុមចោរ​ចេញផុត​អ្នកជិតខាង​បាន​ជួយ​ដឹកជញ្ជូន​ជនរងគ្រោះ​ទាំង​៣​នាក់​ទៅ​មន្ទីរពេទ្យ ប៉ុន្តែ​ម្នាក់​ឈ្មោះ ធួ​ក ថៅ​វ​រ៉ា បាន​ស្លាប់​ក្រោយ​បញ្ជូន​ដល់​មន្ទីរពេទ្យ​។ ក្នុង​អំពើ​ប្លន់​នោះដែរ​ក្រុមចោរ​យកបាន​ទ្រព្យសម្បត្តិ​ដូចជា ប្លា​ទីន​៤​ជី មាស​សរុប​៥​តម្លឹង​៥​ជី លុយ​ដុល្លារ​២៦០០ និង​លុយ​ខ្មែរ​២០​ម៉ឺន​រៀល​។ ប្រជាពលរដ្ឋ​ក្នុងស្រុក​កណ្ដាលស្ទឹង ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​បញ្ហា​អសន្តិសុខ​សង្គម​ហើយ​អំពាវនាវ​ឲ្យ​លោក អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្ត និង​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​តាម​វែកមុខ​ក្រុមចោរប្លន់​មក​ផ្តន្ទាទោស​តាមច្បាប់​៕

04លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ photo_78 photo_79 photo_80