បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី នៅតែ​បន្ត​កើតមាន​ដដែល​

ប្រជាពលរដ្ឋ​ក្នុង​ខេត្តរតនគិរី បាន​លើកឡើងថា បន្ទាប់ពី​លោក កែប កត់ មកកាន់​តំណែង​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ជំនួស​លោក វង់ សុក្រ​សិរី គឺ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅតែ​កើតឡើង​ដូច​មុន​ដដែល​។ ជាក់ស្តែង​ថ្មីៗ​នេះ ឈើ​សុ​ក្រំ​ចំនួន​១៥០​ដុំ​ត្រូវ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ផ្នែក​បរ​កែវ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ និង​កម្លាំងយោធា​ស្រុក​អូ​រយ៉ា​ដាវ ដឹក​យកមក​រក្សាទុក​ក្រោយពេល​ប្រទះឃើញ​នៅក្នុង​ព្រៃ​។ ការបង្ក្រាប​បទល្មើស​ព្រៃ​ឈើ​នេះ កើតឡើង​ក្នុងខណៈដែល​គណៈកម្មកា​រ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ កំពុងបើក​យុទ្ធនាការ​ទប់ស្កាត់​បទ​ល្មើស​នៅ​បណ្ដា​ខេត្ត​ភូមិភាគ​ឦសាន​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៦ ឈើ​សុ​ក្រំ​ចំនួន​១៥០​ដុំ​ស្មើនឹង​៤១,០៦៨​ម៉ែត្រគូប ត្រូវបាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រទះឃើញ​នៅ​ចំណុច​ភូមិ​តេន ឃុំ​យ៉ា​ទុង ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ហើយ​ឈើ​ទាំងនោះ​ត្រូវ​សមត្ថកិច្ច​ចម្រុះ​ដឹក​យកទៅ​រក្សាទុក​នៅ​ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ផ្នែក​បរ​កែវ​។ មជ្ឈដ្ឋាន​នានា​បាន​ជំរុញ​ឲ្យ​សមត្ថកិច្ច​វែកមុខ​ម្ចាស់​ឈើ​យកទៅ​ផ្ដន្ទាទោស​តាមច្បាប់​ផងដែរ បើ​មិន​ដូច្នេះ​ទេ​ជនល្មើស​មិន​ញញើត​ក្នុងការ​ប្រព្រឹត្ត​បទល្មើស​តទៅទៀត​ឡើយ​។ ចំណែក​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី គឺជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​ចំពោះ​បទល្មើស​ដែល​បន្ត​កើតមាន​លើទឹក​ដី​ខេត្តរតនគិរី​។

សកម្មជន​ព្រៃឈើ​និង​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​អូរ​យ៉ា​ដាវ ស្រុក​អណ្ដូង​មាស ស្រុក​កូន​មុំ ស្រុក​វ៉ើ​ន​សៃ និង​ស្រុក​លំផាត់ បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុង​មូលដ្ឋាន​ពួកគាត់​នៅ​កើតមាន​នៅឡើយ​ទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​រាប់រយ​រាប់ពាន់​ម៉ែត្រគូប ត្រូវ​ក្រុម​ជនល្មើស​យកទៅ​លាក់ទុក​ក្នុងព្រៃ​ឬ​ដឹកជញ្ជូន​ចូល​ឃ្លាំង​ក្រុមហ៊ុន​ដី​សម្បទាន​មួយចំនួន​មុនពេល​កម្លាំង​របស់​គណៈ​កម្ម​ការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទៅដល់​។ ដូច្នេះ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ គួរ​បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ដិតដល់​ដើម្បី​វែកមុខ​ក្រុម​អ្នក​កាប់​ឈើ​ខុសច្បាប់​យកទៅដាក់​ទោស​ជាការ​ព្រមាន​ផងដែរ​៕

KA-26-01-2016-19-01 KA-26-01-2016-19-02 KA-26-01-2016-04 KA-26-01-2016-19-03