ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

រាជធានី​ភ្នំពេញ ៖ ភ្ញៀវ​ទេសចរ​ចិន​ដែល​ធ្វើ​ដំណើរ​មក​កម្សាន្ត​នៅ​កម្ពុជា បាន​កើន​ឡើងជា​បន្តបន្ទាប់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ និង​ឈរ​នៅ​លំដាប់​លេខ​ពីរ នៃ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ដែល​បាន​មក​កម្សាន្ត​នៅ​កម្ពុជា ហើយ​នៅ​ក្នុង​ឆ្នាំ​២០២០ កម្ពុជា​គ្រោង​នឹង​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​២​លាន​នាក់​ក្នុង​ការ​មក​ទស្សនា​នៅ​តំបន់​ទេសចរណ៍​នានា​ក្នុង​ប្រទេស​កម្ពុជា ។

តាម​ប្រសាសន៍​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ឯកសារ​យុទ្ធសាស្ត្រ​ទីផ្សារ​ទេសចរណ៍​កម្ពុជា​ឆ្នាំ​២០១៦-២០២០ និង​ឯកសារ​យុទ្ធសាស្ត្រ​ទីផ្សារ​ទាក់ទាញ​ទេសចរ​ចិន ២០១៦-២០២០ នៅ​សណ្ឋាគារ​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២៥ មក​រា ថា ៖ « ភ្ញៀវ​ទេសចរ​ចិន​មក​កម្ពុជា មាន​ចំនួន​កាន់តែ​ច្រើន​ឡើង​ៗ​ជា​រៀង​រាល់​ឆ្នាំ ។ ជាក់ស្ដែង ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​កម្ពុជា​នៅ​ឆ្នាំ​២០១៥ ចំនួន​៤​លាន ៨​សែន​នាក់​នេះ មាន​ភ្ញៀវ​ទេសចរ​ចិន​ប្រមាណ​ជា​៨០​ម៉ឺន​នាក់ ឈរ​ក្នុង​លំដាប់​ទី​២ » ។

លោក​មាន​ប្រសាសន៍​បន្ត​ថា ៖ « ទោះបីជា​ចំនួន​ភ្ញៀវ​ទេសចរ​ចិន​ដែល​បាន​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​កម្ពុជា កើន​ឡើងជា​បន្តបន្ទាប់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ក៏​ដោយ តែ​ចំនួន​នេះ​ហាក់ដូច​នៅ​មាន​កម្រិត​តិចតួច​នៅឡើយ បើ​ប្រៀបធៀប​ទៅ​នឹង​ចំនួន​ទេសចរ​ចិន​ដែល​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​នៅ​ក្នុង​ឆ្នាំ​២០១៥ មាន​ចំនួន​១៣០​លាន​នាក់ និង​ចំណាយ​ប្រមាណ​២៥០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​ឈរ​ក្នុង​លំដាប់​ទី​១ នៅ​លើ​ពិភពលោក ។ ចំណែក​ភ្ញៀវ​ទេសចរ​ចិន​មក​កាន់​តំបន់​អាស៊ាន​មាន​ចំនួន​ជាង​១៣​លាន​នាក់  ក្នុង​នោះ​ថៃ​មាន​ចំនួន​៧,៩​លាន​នាក់​, ទៅ​កាន់​ម៉ា​ឡេ​ស៊ី​ប្រមាណ​១,៤​លាន​នាក់​, ទៅ​កាន់​ប្រទេស​សិង្ហ​បុរី​ប្រមាណ​១,៩​លាន​នាក់​, ទៅ​កាន់​ប្រទេស​វៀតណាម​ប្រមាណ​១,៦​លាន​នាក់ និង​ទៅ​កាន់​ឥណ្ឌូ​ណេ​ស៊ី​ប្រមាណ​១​លាន​នាក់ » ។

លោក​បន្ត​ទៀត​ថា ៖ « កត្តា​ដែល​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេស​ចិន​តិច​នៅឡើយ គឺ​បណ្ដាល​មក​ពី​ការ​ឃោសនា​ផ្សព្វផ្សាយ​របស់​កម្ពុជា​នៅ​ទីផ្សារ​ចិន​នៅ​មាន​កម្រិត ។ ផលិតផល​ទេសចរណ៍​កម្ពុជា​នៅ​មិន​ទាន់​ឆ្លើយ​តប​ទាំងស្រុង និង​ទាន់​ពេលវេលា​ទៅ​នឹង​ទីផ្សារ​ទេសចរណ៍​ចិន​។ ខ្វះខាត​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ និង​កា​រត​ភ្ជាប់​ការ​ហោះហើរ​ពី​ទីផ្សារ​ធំ​ៗ​របស់​ប្រទេស​ចិន​មក​កាន់​កម្ពុជា​នៅ​មាន​កម្រិត​ជាដើម » ។

លោក​បន្ថែម​ថា ៖ « ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​ចក្ខុវិស័យ​នេះ ការ​រៀបចំ​ឯកសារ​យុទ្ធសាស្ត្រ​ទីផ្សារ​ទេសចរណ៍​កម្ពុជា ឆ្នាំ​២០១៦-២០២០, យុទ្ធសាស្ត្រ​ទីផ្សារ​ទាក់ទាញ​ទេសចរ​ចិន និង​សៀវភៅ​ស្តី​ពី China Ready សម្រាប់​ទេសចរណ៍​កម្ពុជា គឺ​ពិតជា​មាន​សារសំខាន់​ចាំបាច់​ក្នុង​ការ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​ក្នុង​ការ​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​ប្រមាណ​៧​លាន ៥​សែន​នាក់ និង​ទេស​ចិន​ចិន​ប្រមាណ​២​លាន​នាក់​ក្នុង​ឆ្នាំ​២០២០ ខណៈ​តាម​ការ​ព្យាករ​របស់​អង្គការ​ទេសចរណ៍​ពិភពលោក ប្រទេស​ចិន​នឹង​ក្លាយជា​ប្រទេស​ដែល​នឹង​ទទួល​ទេសចរ​អន្តរជាតិ​ច្រើន​ជាងគេ និង​មាន​ភ្ញៀវ​ទេសចរ​ចេញ​ក្រៅប្រទេស​ច្រើន​គេ​នៅ​ពិភពលោក ប្រមាណ​២០០​លាន​នាក់ ឬ​ច្រើន​ជាង​នេះ​ក្នុង​ឆ្នាំ​២០២០ » ។

លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បញ្ជាក់​ថា ៖ « រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាត់​ទុក​វិស័យ​ទេសចរណ៍៍​ជា​វិស័យ​អាទិភាព និង​ជា​មាស​បៃតង ដោយសារ​តែ​វិស័យ​នេះ​មិន​ត្រឹមតែ​បង្កើត​នូវ​កាលានុវត្តភាព​ការងារ លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ បង្កើន​ចំណូល​ជាតិ និង​លើកតម្កើង​តម្លៃ​បេតិកភណ្ឌ​វប្បធម៌​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​រួមចំណែក​កាត់​បន្ថយ​ការ​កើនឡើង​នៃ​កម្តៅ​ភព​ផែនដី ប្រកបដោយ​ប្រសិទ្ធភាព ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស និង​រូបិយប័ណ្ណ​អន្តរជាតិ ដែល​ជា​កត្តា​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ត្រូវ​បាន​ចាត់ទុកជា​វិស័យ​ដែល​ដើរតួ​នាទី​យ៉ាង​សំខាន់ ក្នុង​ការ​ទ្រទ្រង់​ដល់​ការ​ធ្វើ​សមាហរណកម្ម​តំបន់​ផង​ដែរ » ៕