ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​ស្រវឹងស្រា​ធ្លាក់​ភ្នែក​ មើល​អត់​ឃើញ​ភ្លើង​ស្តុ​​ប​ពណ៌​ក្រហម​​បើករថយន្ត​ទៅ​បុក​​រថយន្ត​តាក់ស៊ី​​កំពុង​បត់​ចូល​​ព្រ​លាន​យន្តហោះ​អន្តរជាតិ​​ភ្នំពេញ ស្រាប់តែ​បុរស​ដែល​ស្រវឹង​នោះ ​បាន​ប្រាប់​សមត្ថកិច្ច​ឱ្យ​​ជួយ​សម្រួល​ផង ​ចាំ​គាត់​ឱ្យ​​លុយ​១​ដុល្លារ​​យក​ទៅ​ហូប​អី ដែល​ហេតុការណ៍នេះ​កើតឡើង​កាលពី​​វេលា​ម៉ោង​០៦ ​និង​៥០​នាទី​យប់​ថ្ងៃ​ទី​២៥ ​មករា តាម​បណ្តោយ​ផ្លូវ​សហ​ព័ន្ធ​រុ​ស្ស៊ី នៅ​មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ​​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។

រថយន្ត​បង្ក​ម៉ាក​​ឡិច​ស៊ី​ស​៤៧០ ពណ៌​ខ្មៅ ពាក់​ស្លាក​ភ្នំពេញ​2M-7559 ជិះ​គ្នា​៣​នាក់ បើកបរ​ដោយ​បុរស​ម្នាក់​ដែល​គេ​ដឹង​ថា ​ជា​អ្នកមាន​លុយ​ម្នាក់​​ក្នុង​ស្ថានភាព​ស្រវឹង​ធ្លាក់​ភ្នែក ​បើកបរ​តាម​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ពី​លិចទៅ​កើត ។ ចំណែក​រថយន្ត​រង​គ្រោះ​ម៉ា​កកូ​រ៉ូ​ឡា ពណ៌​.ស ពាក់​ស្លាក់​លេខ​ភ្នំពេញ​2Y-6280 ជា​រថយន្ត​តាក់ស៊ី​ដឹក​ភ្ញៀវ​ចូល​ព្រ​លាន​យន្តហោះ ។

តាម​សម្តី​របស់​មន្ត្រី​ចរាចរណ៍​ម្នាក់​ សុំ​​មិន​បញ្ចេញ​ឈ្មោះ​​​ថា មុន​ពេល​កើតហេតុ​ គាត់​ឃើញ​រថយន្ត​តាក់ស៊ី​មាន​​ដឹក​ភ្ញៀវ​ បើក​ពី​កើត​ទៅ​លិច​ ហើយ​បត់​ឆ្វេង​​ចូល​ព្រ​លាន​យន្តហោះ ខណៈ​ពេល​បត់​ជិត​​ផុត​ទៅ​ហើយ​ ស្រាប់តែ​រថយន្ត​​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹ​ង​ខ្លាំង​​ពេក​ មើល​អត់​ឃើញ​ស្តុ​ប​ពណ៌​ក្រហម​ បើកបរ​ពី​លិចទៅ​កើត​ទៅ​បុក​រថយន្ត​កំពុង​បត់ បណ្តាល​​ឱ្យ​​ខូចខាត​ចំហៀង​ខាងស្តាំ តែ​មិន​មាន​​រង​របួស​ទេ ។

ក្រោយ​ពេល​កើតហេតុ​ ភាគី​ខាង​តាក់ស៊ី​ដែល​រង​គ្រោះ​ទាមទារ​សំណង​៨០​ដុល្លារ ស្រាប់តែ​អ្នក​បើករថយន្ត​បង្ក​ដែល​ស្រវឹង​ទោរទន់​នោះ​ បាន​ប្រាប់​ទៅ​សមត្ថកិច្ច​ថា ឱ្យ​​ជួយ​សម្រួល​ផង​ឱ្យ​សង​ទៅ​ខាង​រថយន្ត​រង​គ្រោះ​តែ​​១០​ដុល្លារ​ទៅ ចាំ​គាត់​ឱ្យ​​សមត្ថកិច្ច​១ដុល្លារ​ទុក​គ្រាន់​ហូប​ចុក​អី ។