នាយករដ្ឋមន្ត្រីវៀតណាម ដកខ្លួនចេញពីការ ប្រកួតយកតំណែង ប្រធានគណបក្ស កុម្មុយនិស្ត

ហាណូយ៖ លោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន តាន់យ៉ុង មិនត្រូវបានគេបោះឆ្នោតឲ្យជាប់ ជាប្រធាន គណបក្សកុម្មុយនិស្តនោះឡើយ ដែលប្រការនេះវាបាន បើកចំហផ្លូវយ៉ាងទូលាយ ឲ្យលោកអគ្គលេខាធិការ បក្សបច្ចុប្បន្ន ង្វៀន ភូត្រុង ត្រូវទទួលការបោះឆ្នោតជ្រើសតាំងឲ្យ កាន់តំណែងនេះសាជាថ្មី។ នេះបើតាមការ ផ្សាយរបស់សារព័ត៌មាន សិង្ហបុរី នៅថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ ២០១៦។

សមាជិករបស់សមាជនៃគណបក្សកុម្មុយនិស្តវៀតណាម បានធ្វើការបោះឆ្នោតសម្ងាត់ កាលពី ល្ងាចថ្ងៃចន្ទ ម្សិលមិះនេះ ដោយភាគច្រើននៃអ្នកបោះឆ្នោតបានសម្រេច យល់ព្រមឲ្យលោក ង្វៀន តាន់យ៉ុង ដកខ្លួនពី ការបោះឆ្នោតជ្រើសរើសប្រធានគណកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តវៀតណាម សម្រាប់អណត្តិក្រោយ។

សមាជិកនៃគណកម្មាធិការបក្សចំនួន ២០០រូប បានតម្រូវឲ្យធ្វើការបោះឆ្នោតជ្រើសរើស មេដឹកនាំកំពូលៗ របស់ខ្លួន ដោយក្នុងនោះ ក៏មានប្រធានគណបក្ស, នាយករដ្ឋមន្ត្រី, ប្រធានាធិបតី, និង ប្រធានរដ្ឋសភា ផងដែរ។ ការដកខ្លួន របស់លោក តាន់យ៉ុង នេះ ក៏ស្រប ពេលដែលបេក្ខជន ២២ រូបផ្សេងទៀត ត្រូវបានដកខ្លួនដូចគ្នា៕

នាយករដ្ឋមន្ត្រីវៀតណាម ដកខ្លួនចេញពីការ ប្រកួតយកតំណែង ប្រធានគណបក្ស កុម្មុយនិស្ត