ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​ណូ​វែ​ល​សេ​ឡង់ ៖ កំណើនសេដ្ឋកិច្ច​ចិន​បាន​ធ្លាក់​ចុះ ដែល​ធ្វើ​ឲ្យ​ទីផ្សារ​ហិរញ្ញវត្ថុ​សកល​រង​នូវ​ភាព​រង្គោះរង្គើ គឺ​វា​ជា​រឿង​ធម្មតា​ទេ ប៉ុន្តែ​បន្ត​ទៅ​មុខ​ទៀត​នឹង​អាច​ជួប​នូវ​វិបត្តិ ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោកស្រី Christine Lagarde ប្រធាន​រូបិយប័ណ្ណ​អន្តរជាតិ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ ។ 

លោកស្រី​បាន​ថ្លែង​ឲ្យ​ដឹង​ក្នុង​កិច្ចប្រជុំ​សេដ្ឋកិច្ច​ពិភពលោក ដែល​ប្រព្រឹត្ត​ទៅ​នៅ Swiss ski resort ក្រុង Davos ប្រទេស​ណូ​វែ​ល​សេ​ឡង់​ថា ៖ « អន្តរកាល​សេដ្ឋកិច្ច​ចិន គឺ​នាំមុខ​ដោយ​តម្រូវការ​អ្នក​ប្រើប្រាស់ ជា​ជាង​លើ​ស្ថានភាព​វិនិយោគ ហាក់ដូចជា​មិន​ឈាន​ទៅ​រក​ការ​ផ្លាស់​ប្តូរ​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ដើម្បី​ទប់ទល់​នឹង​អតិផរណា​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ឡើយ​សម្រាប់​ចិន ដែល​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ទី​ពីរ​នេះ ។ ក្នុង​នោះ​ដែរ រដ្ឋាភិបាល​ចិន​ក៏​បាន​ប្រកាស​ជា​ផ្លូវការ​ថា កំណើនសេដ្ឋកិច្ច​ចិន​បាន​កើនឡើង​៦,៩% ក្នុង​ឆ្នាំ​២០១៥ ដែល​ជា​អត្រា​យឺត​ជាងគេ​បំផុត​ក្នុង​រយៈពេល​២៥​ឆ្នាំ​កន្លង​មកនេះ » ។

លោកស្រី​បាន​ប្រាប់​ទៅ​គណៈកម្មការ​ប្រឹក្សា​យោបល់​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​កិច្ចប្រជុំ​សេដ្ឋកិច្ច​ពិភពលោក​ទៀត​ថា ៖ « ពួក​យើង​មិន​ប្រទះ​នឹង​ការ​ផ្លាស់​ប្តូរ​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ដើម្បី​ទប់ទល់​នឹង​អតិផរណា​ដែល​មាន​ឥទ្ធិពល​ខ្លាំង​នោះ​ឡើយ ប៉ុន្តែ​ពួក​យើង​នឹង​ជួប​ប្រទះ​នូវ​កា​រវិ​វត្ត​ដ៏​ធំ​មួយ​ដែល​នឹង​បន្តដំណើរ​ក្នុង​ផ្លូវ​ដ៏​លំបាក​សម្រាប់​ពិភពលោក​ទាំងមូល ។ ជាមួយនឹង​កំណើនសេដ្ឋកិច្ច​ចិន​បាន​ធ្លាក់​ចុះ​ដល់​អត្រា​ខ្សោយ​បំផុត​ត្រឹម​៦,៩% ក្នុង​រយៈពេល​២៥​ឆ្នាំ ហើយ​ពួក​យើង​ត្រូវ​តែ​ទទួលស្គាល់ និង​សម្រប​នឹង​ការ​ប្រែប្រួល​នេះ​ក្នុង​ផ្លូវ​វិជ្ជមាន​ដើម្បី​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ និង​ពង្រីក​វិសាលភាព​នៃ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព » ។

ជាក់ស្តែង កាលពី​ពេល​ថ្មី​ៗ​នេះ តួលេខ​ដែល​បាន​ចុះ​ផ្សាយ​ពី​កំណើនសេដ្ឋកិច្ច​ចិន បាន​ធ្វើ​ឲ្យ​ទីផ្សារ​ពិភពលោក​ទាំងមូល​មានការ​ព្រួយបារម្ភ​ពី​ការ​ធ្លាក់​ចុះ​នេះ ។ ទន្ទឹម​នឹង​នេះ​ដែរ តម្លៃ​ភាគហ៊ុន​ក៏​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ចាប់តាំងពី​ថ្ងៃ​ទី​១ មក​រា មក ចំណែកឯ​តម្លៃ​ប្រេង​ក៏​បាន​ជះ​ឥទ្ធិពល​អាក្រក់​ផង​ដែរ ដែល​ធ្វើ​ឲ្យ​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ និង​ធ្វើ​ឲ្យ​ប្រទេស​ផលិត​ថាមពល​រង​ផល​ប៉ះពាល់​ជា​ខ្លាំង ។

ទេសាភិបាល​ធនាគារកណ្តាល​ជប៉ុន លោក  Haruhiko Kuroda លើក​ឡើង​ថា ៖ « ចិន​គួរតែ​អនុវត្ត​គោលនយោបាយ​គ្រប់គ្រង​រូបិយប័ណ្ណ​យន់ ដែល​កំពុង​ធ្លាក់​ចុះ​យ៉ាង​គំហុក​បន្ថែម​ទៀត ដែល​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​លើ​ការ​នាំ​ចេញ​ផលិតផល​របស់​ចិន​មាន​តម្លៃ​ថោក​ៗ​ពេញទី​ផ្សារ​ពិភពលោក ។ ការ​គ្រប់គ្រង​មូលធន គួរ​ត្រូវ​បាន​អនុវត្ត​ដោយ​គ្រប់គ្រង​លើ​អត្រា​ការ​ប្រាក់ ព្រមទាំង​អនុវត្ត​លើ​គោលនយោបាយ​គ្រប់គ្រង​រូបិយប័ណ្ណ​ក្នុងស្រុក​ប្រកបដោយ​និរន្តរភាព » ។

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៃ​ប្រទេស​អង់គ្លេស លោក George Osborne បាន​មាន​ប្រសាសន៍​គាំទ្រ​យោបល់​លោកស្រី Christine Lagarde ថា ៖ « ប្រទេស​ចិន​បាន​ជះ​ឥទ្ធិពល​ដល់​កិច្ច​ដំណើរការ​នីតិវិធី​ក្នុង​ការ​ជួបជុំ​ប្រចាំឆ្នាំ​នៃ​បណ្តា​ប្រទេស​មហាអំណាច ។ នៅ​សតវត្សរ៍​កន្លង​ទៅ ពិភពលោក​គ្មាន​ភាពល្អ​ប្រសើរ​ឡើយនៃ​ការ​ពង្រឹង​អំណាច​របស់​ខ្លួន ដែល​ជា​ញឹកញាប់​ធ្វើ​ឲ្យ​មាន​លទ្ធផល​មិនល្អ ។ ខ្ញុំ​គិត​ថា ពួក​យើង​បាន​ទាញ​ប្រទេស​ចិន​ចូល​ទៅ​ក្នុង​ស្ថាប័ន​ពហុភាគី​ពិភពលោក​ហើយ » ៕