អាជ្ញាធរ អះអាងថា ការអភិវឌ្ឍន៍ ក្រុងរណប ជ្រោយចង្វា គ្មានផលប៉ះពាល់ ផ្ទះសម្បែងពលរដ្ឋ

ភ្នំពេញ៖ ចៅសង្កាត់ព្រែកតាសេក លោក អឿ ស៊ីផុននៅព្រឹកថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០១៥បានអះអាងថា រាល់ការអភិវឌ្ឍន៍ ទីក្រុងរណបជ្រោយ ចង្វា ក្នុងបរិវេណបុរីរុងរឿង មិនបានបង្កឲ្យមានផលប៉ះពាល់ ដល់លំនៅឋានរបស់ប្រជាពលរដ្ឋនោះទេ គឺមានតែបង្កើនជីវភាពរស់នៅ របស់ប្រជាពលរដ្ឋពីមួយថ្ងៃទៅ មួយថ្ងៃទៀតផង។

លោក អឿ ស៊ីផុន បានថ្លែងថា ក្នុងសង្កាត់ព្រែកតាសេក មានប្រជាពលរដ្ឋរស់នៅសរុប ១៧៣គ្រួសារ ដែលមានដីផ្ទះ ដីស្រែ ដីចំការ ជាដើម ដោយមានការចរចាសម្របសម្រួល ពីខាងអាជ្ញាធរនិងខាងក្រុមហ៊ុន OCIC ទើបប្រជាពលរដ្ឋទាំងអស់ បានយល់ព្រមលក់ដី ទៅឲ្យក្រុមហ៊ុនដោយស្ម័គ្រចិត្ត ដើម្បីសាងសង់ជា បុរីរុងរឿង ។

លោកបានបន្ថែមថា មានប្រជាពលរដ្ឋប្រហែលជា ១២គ្រួសារ ដែលមិនទាន់បានលក់ដី ទៅឲ្យក្រុមហ៊ុន ហើយចង់រស់នៅក្នុងបុរីរុងរឿង របស់ក្រុមហ៊ុនOCIC ហើយបើសិនជាប្រជាពលរដ្ឋទាំងនោះ ចង់រស់នៅក្នុង បុរីរុងរឿង ដែលជាទីតាំងអភិវឌ្ឍរបស់ក្រុមហ៊ុន OCIC ប្រជាពលរដ្ឋទាំងអស់ ត្រូវរស់នៅជាផ្ទះល្វែងជាប់ៗគ្នា មិនអាចរស់នៅដាច់ដោយឡែកពីគ្នាបានទេ ហើយត្រូវធ្វើការកាត់កងដី ដែលមាន សរុបជាមួយនឹងសំណង ដែលក្រុមហ៊ុនបានផ្ដល់ជូន ព្រោះខាងក្រុមហ៊ុនត្រូវការបូមដីខ្សាច់ដាក់ កសាងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធទឹក ភ្លើងគ្រប់បែបយ៉ាង។

លោកបានបញ្ជាក់ថា "អីចឹងបើតាមខ្ញុំ ធ្លាប់ធ្វើការកន្លងមក ជាមួយប្រជាពលរដ្ឋ ជាមួយក្រុមហ៊ុនបានន័យថា អ្នកខាងខ្ញុំ មិនសូវជាមានបញ្ហាអីទេ គេសប្បាយចិត្តដោយសារទទួលបាន នូវសំណងសមរម្យពីក្រុមហ៊ុន ក៏ដូចជាអាជ្ញាធរដែនដីកាត់ចេញ ហើយអាជ្ញាធរដែលនៅក្នុងក្រុង ខណ្ឌសង្កាត់ហ្នឹង គឺបានផ្ដល់នូវកម្មសិទ្ធដល់ ពួកគាត់ តាមការសម្រេច របស់ថ្នាក់ដឹកនាំក្រុងគាត់ សម្រេចថាធ្វើប័ណ្ណកម្មសិទ្ធិ ឲ្យប្រជាពលរដ្ឋក្នុងភូមិដើមគ និងភូមិព្រែកតាសេកខ្ញុំហ្នឹង "។

ចំណែកអ្នកស្រី អ៊ីម សំអេន ដែលជាប្រជាពលរដ្ឋម្នាក់ ក្នុងចំណោមប្រជាពល១៥៦គ្រួសារ ដែលទទួលបាន សំណងពីក្រុមហ៊ុនOCIC ជាផ្ទះល្វែងមួយខ្នង និងកន្លែងលក់ដូរដ៏សមរម្យមួយ បានថ្លែងថា អ្នកស្រីបានផ្លាស់ ចេញពីតំបន់មិនទាន់អភិវឌ្ឍន៍ មករស់នៅក្នុងតំបន់អភិវឌ្ឍន៍ ក្នុងបរិវេណបុរីរុងរឿង តាំងពីខែ ឧសភា ឆ្នាំ ២០១៤មកម្ល៉េះ ហើយជីវភាពរបស់អ្នកស្រី ក្នុងពេលបច្ចុប្បន្នធូរធារជាងពីមុន។

អ្នកស្រីបានបន្តថា "ខ្ញុំនិយាយពីកន្លែង ដែលខ្ញុំរស់នៅមុន វាពិបាកជាងមករស់នៅ ក្នុងបុរីរុងរឿងមកនៅហ្នឹង វាស្រួល ជីវភាពស្រួលជាងមុន លក់ដូរអីដាច់  មានទឹក មានភ្លើងប្រើប្រាស់គ្រប់គ្រាន់ គាត់ (ក្រុមហ៊ុន OCIC ) ដោះដូរឲ្យប្រជាជនច្រើន ជាងតម្លៃផ្ទះខ្ញុំចាស់ផង"។

ក្នុងនោះផងដែរ អ្នកស្រី ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន OCIC ដែលបានដោះដូរផ្ដល់ជាសំណង យ៉ាងច្រើន ដែលអាចឲ្យប្រជាជន បានរស់នៅស្រួលជាងមុនផងដែរ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់សិទ្ធិអភិវឌ្ឍន៍ ជូនក្រុមហ៊ុនវិនិយោគទុនអណិកជន OCIC ដើម្បីអភិវឌ្ឍន៍ទីក្រុងរណប ជ្រោយចង្វារ តាំងពីខែ កញ្ញា ឆ្នាំ ២០១១ ហើយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ពីគម្រោងអភិវឌ្ឍន៍ ក្រុងរណបជ្រោយចង្វាក្នុង បរិវេណបុរី រុងរឿង បានសម្តែងសេចក្ដីរីករាយយ៉ាងខ្លាំង ក្នុងការរស់នៅទីតាំងថ្មី នៃផ្ទះល្វែងរបស់បុរីរុងរឿង ក្រោយពួកគាត់ទទួលយកការដោះដូរ ដីលំនៅឋាន ទីតាំងចាស់ ជាមួយនឹងក្រុមហ៊ុនរួចមក។ សេចក្តីសុខរបស់ប្រជាពលរដ្ឋទាំងនោះ ទទួលបានពីការយកចិត្តទុកដាក់ ពីបណ្តាថ្នាក់ដឹកនាំក្រុមហ៊ុន OCIC ការផ្លាស់ប្តូរពីទីតាំងចាស់ ដែលរស់នៅគ្មានផាសុកភាព គ្មានផ្លូវល្អ ផ្ទះលិចទឹក ជួបវិបត្តិបញ្ហាអសន្តិសុខ ជាដើម មករស់នៅទីតាំងថ្មី ក្នុងបុរីរុងរឿង ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វា ជាមួយនឹងការរស់នៅប្រកបដោយផាសុកភាព មានរបៀបរៀបរយ មានហេដ្ឋារចនាសម្ព័ន្ធល្អ ពិសេសមានឱកាស បើករបររកស៊ីចិញ្ចឹមជីវិត ធ្វើឲ្យពួកគាត់មានជីវភាពធូរធារឡើង ជាលំដាប់ថែមទៀតផង៕

អាជ្ញាធរ អះអាងថា ការអភិវឌ្ឍន៍ ក្រុងរណប ជ្រោយចង្វា គ្មានផលប៉ះពាល់ ផ្ទះសម្បែងពលរដ្ឋ

អាជ្ញាធរ អះអាងថា ការអភិវឌ្ឍន៍ ក្រុងរណប ជ្រោយចង្វា គ្មានផលប៉ះពាល់ ផ្ទះសម្បែងពលរដ្ឋ

អាជ្ញាធរ អះអាងថា ការអភិវឌ្ឍន៍ ក្រុងរណប ជ្រោយចង្វា គ្មានផលប៉ះពាល់ ផ្ទះសម្បែងពលរដ្ឋ

អាជ្ញាធរ អះអាងថា ការអភិវឌ្ឍន៍ ក្រុងរណប ជ្រោយចង្វា គ្មានផលប៉ះពាល់ ផ្ទះសម្បែងពលរដ្ឋ

អាជ្ញាធរ អះអាងថា ការអភិវឌ្ឍន៍ ក្រុងរណប ជ្រោយចង្វា គ្មានផលប៉ះពាល់ ផ្ទះសម្បែងពលរដ្ឋ