លោក សម រង្ស៊ី បញ្ជាក់ថា​ជិត​៤០​ឆ្នាំ​ទៅហើយ​ដែល​កម្ពុជា​គ្មាន​ការផ្លាស់ប្តូរ​មេដឹកនាំ​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ថ្លែង​នៅ​ដើម​សប្តាហ៍​នេះ​ថា​មាន​ប្រទេស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​បានធ្វើ​ការផ្លាស់​ប្តូរ​មេដឹកនាំ​ជា​បន្តបន្ទាប់​រាប់ទាំង​ប្រទេស​កាន់​របប​កុ​ម្មុយ​និ​ស្ត​ផងដែរ តែ​ប្រទេស​កម្ពុជា​មិនមាន​ការផ្លាស់ប្តូរ​មេ​ដឹក​នោះទេ​ក្នុង​រយៈពេល​ជិត​៤០​ឆ្នាំ​ចុង​ក្រោយនេះ​។ លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស​បាន​ហៅ​ការដឹក​នាំនៅ​ប្រទេស​កម្ពុជា​រយៈពេល​ជិត​៤០​ឆ្នាំ​មកនេះ​ថា​ផ្ដាច់ការ​ជាងគេ និង​ក្រីក្រ​ជាងគេ​បើ​ប្រៀបធៀប​ទៅនឹង​ប្រទេសមួយ​ចំនួន​នៅលើ​ពិភពលោក ហើយ​ដែល​ទាមទារ​ឲ្យ​មានការ​ផ្លាស់ប្តូរ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា ក្នុង​រយៈពេល ៣ ខែ​កន្លងទៅនេះ គណបក្សប្រឆាំង​បែប​ប្រជាធិបតេយ្យ បានទទួល​ជ័យជំនះ ក្នុងការ​បោះឆ្នោត ក្នុង​៥​ប្រទេស គឺ ប្រទេស​ភូមា  ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា ប្រទេស​អា​ហ្ស​ង់​ទីន  ប្រទេស​កាណាដា  និង កោះ​តៃវ៉ាន់  ហើយ​ក្នុងប្រទេស​ទាំង ៥ នោះ គណបក្សប្រឆាំង​បាន​ឡើងកាន់​អំណាច ខណៈ​គណបក្សកាន់អំណាច ក្លាយទៅជា​គណបក្សប្រឆាំង​វិញ​។​

​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ពន្យល់ថា មានតែ​ការផ្លាស់ប្តូរ​អ្នកដឹកនាំ​បែបនេះ​ទេ ដែល​ធ្វើ​ឲ្យ​ប្រទេស​នីមួយៗ មាន​លក្ខណៈ​ជឿនលឿន​។ ដោយសារតែ​គ្មាន​ការផ្លាស់ប្តូរ​ក្នុង​រយៈពេល​ប្រមាណ​ជិត ៤០ ឆ្នាំ​មកហើយ បានជា​ប្រទេស​កម្ពុជា ស្ថិតក្នុង​ចំណោម​ប្រទេស​អន់ថយ​ជាងគេ ក្រីក្រ​ជាងគេ និង ផ្តាច់ការ​ជាងគេ ក្នុង​ពិភពលោក​។ លោក សម រង្ស៊ី បាន​បញ្ជាក់ថា ក្នុងចំណោម​គណបក្ស​ទាំង ៥ ដែល​ទើបតែ​ឈ្នះឆ្នោត​ថ្មីៗ​នេះ មាន​គណបក្ស ៣ ដែលជា​សមាជិក​នៃ​ចលនា​សេរីនិយម​អន្តរជាតិ ដូច​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​។​

​ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា កន្លងមក​បានបញ្ជាក់​ថា បើទោះជា​ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​កម្ពុជា​មានការ​ប្រែប្រួល ឬ​ជួប​ឧបសគ្គ​ធ្ងន់ធ្ងរ​យ៉ាងណាក៏ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​រក្សា​គោលជំហរ​ដដែល នោះ​គឺ​ការជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​តាមរយៈ​ការបោះឆ្នោត​ដោយ​សន្តិវិធី ។ លោក កឹម សុខា បាន​បញ្ជាក់ថា គោលដៅ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅពេល​កាន់អំណាច គឺ​កែទម្រង់​ប្រទេស​កម្ពុជា​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ និង​មាន​ភាពរឹងមាំ ហើយ​ធ្វើការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដើម្បី​ផ្តល់ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​ទទួលបាន​កម្រិតជីវភាព និង​លក្ខខណ្ឌ​រស់នៅ​ឲ្យ​កាន់តែ​ប្រសើរឡើង​៕

12549018_1032657840124282_5431217842965411283_n 12553079_1032658026790930_7968303525112424781_n 12592763_1032657850124281_1075327502675813880_n 12644688_1032657950124271_4735595375839482079_n 12644703_1032657936790939_8946085224996968137_n