ក្យូដូ៖ លោក ចន ឃើរី មកកាន់ ឡាវ និង កម្ពុជា ដើម្បីលើកពីបញ្ហាសមុទ្រចិន ខាងត្បូង

ភ្នំពេញ៖ លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ចន ឃើរី បានមកដល់ប្រទេសកម្ពុជា កាលពីល្ងាចថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ ២០១៦ ដើម្បីជួបពិភាក្សាជាមួយនឹងមេដឹកនាំកំពូល របស់កម្ពុជា ចំពោះមុខកិច្ចប្រជុំកំពូល អាមេរិក-អាស៊ាន ដែលគ្រោងធ្វើឡើងនៅពាក់កណ្តាល ខែកុម្ភៈ ខាងមុខនេះ បន្ទាប់ពីលោកបានជួបពិភាក្សាជាមួយមេដឹកនាំប្រទេសឡាវ ផ្តោត សំខាន់លើ ការអះអាងអធិបតេយ្យភាពឥតឈប់ឈររបស់ចិន នៅសមុទ្រចិនខាងត្បូង។

ទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ ចេញផ្សាយបន្តទៀតថា នៅក្នុងកិច្ចពិភាក្សាជាមួយនាយករដ្ឋ មន្ត្រីឡាវលោក ថុងស៊ីង ថាំម៉ាវង់ ក្នុងទីក្រុង វៀងច័ន្ទ នោះ លោក ឃើរី បានអំពាវនាវឲ្យ ប្រទេស ជាសមាជិក អាស៊ាន ទាំង ១០ ឲ្យរួបរួមគ្នា ដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង។

លោក ឃើរី បានប្រាប់អ្នក កាសែតនានាក្រោយជំនួបនោះថា “លោក ថុងស៊ីង ថាំម៉ាវង់ បាន បង្ហាញការចង់បានយ៉ាង ពិតប្រាកដ នូវការរួបរួមរបស់អាស៊ាន ហើយលោកក៏ចង់ ឲ្យមានការ ការពារសិទ្ធិសេរីភាពនៃការធ្វើនាវាចរណ៍ផងដែរ។ បន្ថែមពីនេះ លោកក៏ចង់ មិនឲ្យមាន ការប្រើប្រាស់យោធា និង ចៀសវាងជម្លោះ។”

នៅក្នុងនោះដែរ លោក ចន ឃើរី បានបង្ហាញភាពជឿជាក់ថា បញ្ហាសមុទ្រចិនខាងត្បូង នឹង បន្តក្លាយជាប្រធានបទសំខាន់ នៅក្នុងកិច្ចប្រជុំកំពូលរវាង អាមេរិក និង អាស៊ាន ដែលនឹង ប្រារព្ធឡើងនៅ Sunnylands របស់រដ្ឋកាលីហ្វរញ៉ា ចាប់ពីថ្ងៃទី ១៥ ដល់ ១៦ ខែកុម្ភៈ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក កន្លងមកតែងតែធ្វើការរិះគន់ ចំពោះប្រទេសចិន ចំពោះការ បង្កើតកោះ សប្បនិម្មិត នៅសមុទ្រចិនខាងត្បូង ក្បែរប្រជុំកោះ ស្ព្រាតលី បើទោះបីជា ប្រទេសសមាជិក អាស៊ានមួយចំនួន បានសម្តែងការប្រឆាំងចំពោះទង្វើនេះក៏ដោយ៕

ក្យូដូ៖ លោក ចន ឃើរី មកកាន់ ឡាវ និង កម្ពុជា ដើម្បីលើកពីបញ្ហាសមុទ្រចិន ខាងត្បូង