(Update) ប្រមុខ ការទូតកម្ពុជា សើរើបញ្ហាសមុទ្រ ចិនខាងត្បូង ប្រាប់ទៅលោក ចន ឃើរី

ភ្នំពេញ ៖ លោក ឧបនាយករដ្ឋមន្តី្រ ហោ ណាំហុង រដ្ឋមន្រ្តី ក្រសួងការបរទេសកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ បានសើររើឡើងវិញ អំពីបញ្ហាសមុទ្រចិនត្បូងប្រាប់ទៅ លោក ចន ឃើរី រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក នាទីស្តីការក្រសួង។

ក្នុងកិច្ចជំនួបរវាងប្រមុខការទូតកម្ពុជា និងការទូតអាមេរិកនេះ ផ្តោតសំខាន់ជាងគេលើបញ្ហាសមុទ្រចិន ខាងត្បូង ក្នុងចំណោមប្រធានមួយចំនួនទៀត ។

លោកឧបនាយករដ្ឋមន្តី្រហោ ណាំហុង បានលើកពីកម្ពុជាដែលមិនអាចចេញសេចក្តីថ្លែងការរួម អំពី បញ្ហាសមុទ្រចិនខាងត្បូង នៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទៃនៃកិច្ចប្រជុំកំពូលអាស៊ាន អំឡុង ខែវិច្ឆិកាឆ្នាំ២០១២កន្លងមកនេះ។

លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានមានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយ បញ្ចប់ កិច្ចជំនួបពិភាក្សាជាមួយ លោក ចន ឃើរី ជាង១ម៉ោងនៅព្រឹកថ្ងៃទី២៦ មករា ថា “បញ្ហាសមុទ្រចិន ខាងត្បូងមានការលំបាកទៅថ្ងៃអនាគតតាំងពី២០០២ មកដល់២០១៥នេះជាង១០ឆ្នាំមកហើយ ។ ដោយសារទាស់ទែង ការទាមទារអធិបតេយ្យភាព នានានៅក្នុងសមុទ្រចិនខាងត្បូង។ ដោយសារតែមានបញ្ហាបែបនេះហើយ បានជាយើងតាក់តែងនិងចេញសេចក្តីថ្លែងការណ៍ ឥរិយាបថ របស់ប្រទេសជាប់ពាក់ព័ន្ធសមុទ្រចិនខាងត្បូង ដែលគ្រប់គ្នាហៅថា DOC”។

លោកបានលើកឡើងថា បើចំណាយរយៈពេលតែប៉ុនា្មននាទីក្នុងការអាន DOC នឹងបានដឹងគ្រប់រឿងរ៉ាវ របស់សមុទ្រចិនខាងត្បូង ទាំងផ្លូវច្បាប់ និងនយោបាយដើម្បីឈានទៅដោះស្រាយ បញ្ហាសមុទ្រ ចិនខាងត្បូង។

លោកបន្តថា “អាម៉េរិកបានបញ្ជាក់ច្រើនដងហើយ លោក អូបាម៉ា ក៏ធ្លាប់និយាយ អាមេរិកមិនកាន់ជើង ខាងណាៗទេ តែអាមេរិកចង់បានការដោះស្រាយបញ្ហាដោយសន្តិភាព។ ខ្ញុំសូមបញ្ជាក់នៅពេលប្រធានាធិបតី ប្រទេសចិន ឯកឧត្តម ស៊ីជិនពីងទៅអាមេរិក នៅខែកញ្ញា ឆ្នាំទៅ ឯកឧត្តម ស៊ីជិនពីង បានប្រកាសចិនគ្មានបំណង ធ្វើយោធា ភាវូបនីយកម្មប្រទេសចិនខាងត្បូងទេ ហើយពេលប្រជុំនេះ គឺការផ្លាស់ប្ដូរយោបល់គ្នាទាំងបញ្ហាសេដ្ឋកិច្ចអាស៊ាន បញ្ហានយោបាយ សន្តិសុខ ជាទូទៅ”។

សូមបញ្ជាក់ថា រយៈពេល១៣ឆ្នាំក្រោយមករហូតដល់សព្វថ្ងៃនេះ បណ្តាប្រទេសពាក់ព័ន្ធនៅសមុទ្រ ចិនខាងត្បូង ព្រមទាំងប្រទេសមហាអំណាចទាំងអស់ នៅតែទាមទារឲ្យគោរពពេញលេញ “សេចក្តី ថ្លែងការណ៍ស្តីពីការ ប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង-DOC”៕

(Update) ប្រមុខ ការទូតកម្ពុជា សើរើបញ្ហាសមុទ្រ ចិនខាងត្បូង ប្រាប់ទៅលោក ចន ឃើរី