ល្បែងស៊ីសង​នៅ​ខេត្ត​ប៉ៃលិន ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម​

​ប្រជាពលរដ្ឋ​ក្នុង​ក្រុងប៉ៃលិន បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ដូចជា បញ្ជល់មាន់ បៀ​អាប៉ោង និង​កន្ទុយលេខ​ជាដើម បាន​រាលដាល​យ៉ាង​ពេញបន្ទុក ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា លោក ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន មិន​យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះទេ​។ ជាក់ស្តែង​សូម្បីតែ​នៅ​ទល់មុខ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ក្រុងប៉ៃលិន ក៏មាន​បើក​ល្បែង​បញ្ជល់មាន់​យ៉ាង​គគ្រឹកគគ្រេង​ដែរ​នាពេល​កន្លងមក​។

កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៦ សង្វៀន​បញ្ជល់មាន់​មួយកន្លែង​ដែល​គេ​បើក​លេង​ជា​យូរ​មកហើយ​នោះ នៅ​ទល់មុខ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ក្រុងប៉ៃលិន ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន បង្ក្រាប​ដោយមាន​ការចូលរួម​ពី​មន្ត្រី​តុលាការ​ផងដែរ​។ ការបង្ក្រាប​សង្វៀន​បញ្ជ​ល់​មាន់នៅ​ក្នុងភូមិ​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន​នោះ ត្រូវបាន​ប្រជាពលរដ្ឋ​អះអាងថា អាចជា​ទំនាស់​ផលប្រយោជន៍​រវាង​កង​រាជ​អាវុធហត្ថ និង​នគរបាល​។ ប្រសិនបើ​នគរបាល​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​បង្ក្រាប​ល្បែងស៊ីសង​មែន​នោះ គឺ​សង្វៀន​បញ្ជល់​មាន់នៅ​ទល់មុខ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ក្រុងប៉ៃលិន ត្រូវគេ​បង្ក្រាប​ជា​យូរ​មកហើយ​។

ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន បាន​អំពាវនាវ​ឲ្យ​លោក ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ប្រកបដោយ​ប្រសិទ្ធភាព​។ ដោយសារ​ថា​កន្លងមក​ល្បែងស៊ីសង​ដូចជា បញ្ជល់មាន់ បៀ​អាប៉ោង កន្ទុយលេខ​ជាដើម បាន​នាំ​ឲ្យ​កើតមាន​បទល្មើស​ផ្សេងៗ​ដូចជា អំពើចោរកម្ម គ្រឿងញៀន និង​អំពើហិង្សា​ក្នុង​គ្រួសារ​ជាដើម​។ ប្រជាពលរដ្ឋ​ក៏បាន​អំពាវនាវ​ផងដែរ​ឲ្យ​លោក កើត សុធា អភិបាលខេត្ត​ប៉ៃលិន និង​ជា​គណៈបញ្ជាការ​ឯកភាព​ខេត្ត ចាត់វិធានការ​ព​ង្រឹ​សន្តិសុខ​សង្គម​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច ដើម្បី​កុំ​ឲ្យ​បញ្ហា​សន្តិសុខ​សង្គម​មាន​ស្ថានភាព​គួរ​ឲ្យ​ភ័យខ្លាច​តទៅទៀត​៕

06លោក ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន c a