​មន្ត្រី​សាលាខេត្ត​កំពង់ចាម លោក អ៊ុំ ប៉ុណ្ណា​ការ រង​ការ​រិះគន់ថា​ឃុបឃិត​ប្រព្រឹត្ត​អំពើពុករលួយ​

​ប្រភពព័ត៌មាន​ពី​សាលាខេត្ត​កំពង់ចាម បាន​រាយការណ៍​មក​ថា លោក អ៊ុំ ប៉ុណ្ណា​ការ ជា​មន្ត្រី​ខុទ្ទកាល័យ​រង​នៃ​ទីចាត់ការ​លទ្ធកម្ម សម្រាប់​ការវិនិយោគ​នៃ​សាលាខេត្ត​កំពង់ចាម បាន​ឃុបឃិត​ជាមួយ​បក្ខពួក​របស់ខ្លួន​ក្នុងការ​ដេញថ្លៃ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​នៅ​មូលដ្ឋាន​ជា​គោលនយោបាយ​មូលនិធិ​ជាតិ និង​មូលនិធិ​ភូមិ ឃុំ សង្កាត់ ដែល​សកម្មភាព​ខាងលើនេះ វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គុណភាព​សំណង់​ដែល​បាន​សាងសង់​នោះទេ តែ​វា​អាច​បណ្តាល​ឲ្យ​ខាតបង់​ថវិកាជាតិ​ផងដែរ​។​

​ឈ្មោះ ហង្ស សុគា ជា​យោធា​តំបន់​ប្រតិបត្តិការ​សឹក​រង ស្រុក​ព្រៃឈរ ជា​បក្ខពួក​របស់លោក អ៊ុំ ប៉ុណ្ណា​ការ ដើម្បី​ងាយស្រួល​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​គម្រោង​សាងសង់​សំណង់​ផ្សេងៗ​របស់​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​នៅ​មូលដ្ឋាន​ជា​គោលនយោបាយ​មូលនិធិ​ជាតិ និង​មូលនិធិ​ភូមិ ឃុំ សង្កាត់ នេះ​ជាការ​បញ្ជាក់​របស់​មន្ត្រី​រាជការ​បម្រើ​ការងារ​នៅ​សាលាខេត្ត​កំពង់ចាម​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា បើ​គ្មាន​ការស៊ើបអង្កេត និង​បោសសំអាត​ភាពមិនប្រក្រតី​ក្នុងករណី​ខាងលើ​វា​នឹង​បណ្តាល​ឲ្យ​ប៉ះពាល់​ទឹកចិត្ត​ប្រជាពលរដ្ឋ​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម មិន​ខាន​។​

​មន្ត្រីរាជការ​សាលាខេត្ត​កំពង់ចាម​បាន​រៀបរាប់ថា ការដេញថ្លៃ​គម្រោង​សាងសង់ និង​ជួសជុល​ផ្លូវ​ពី​ខ្សែ​នៅ​ស្រុក​ព្រៃឈរ ទំនងជា​បង្កប់​ទៅដោយ​អំពើពុករលួយ ព្រោះ​ប្រាក់​ប៉ាន់ស្មាន និង​ប្រាក់​លម្អៀង​ដែល​ដេញ​បាន​នោះ វា​ខុសគ្នា​យ៉ាងច្រើន​ដែល​អាចធ្វើឱ្យ​រដ្ឋ​ខាតបង់ តែ​ចំណេញ​ហួសហេតុ​ខុស​ប្រក្រតី​ទៅ​ក្រុមហ៊ុន និង​បក្ខពួក ដែល​គេ​រៀបចំ​ជា​ប្រព័ន្ធ​ជាមួយគ្នា​រួចជាស្រេច ។​

​ជុំវិញ​រឿងអាស្រូវ​ខាងលើនេះ ប្រជាពលរដ្ឋ​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម បាន​សំណូមពរ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គប្បី​ស៊ើបអង្កេត​ពី​ភាពមិនប្រក្រតី​ក្នុង​គម្រោង​សាងសង់​ផ្លូវ​នៅ​ស្រុក​ព្រៃឈរ​ពីរ​ខ្សែ​កាលពី​ឆ្នាំ​២០១៥ ដើម្បី​បង្ហាញ​ពី​តម្លាភាព និង​ដើម្បី​ចៀសវាង​ការឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​នៅពេល​ខាងមុខ​ទៀត​៕

7461422013n_2 05-01-2015_photo 4(21)