តុលាការ បើកសវនាការ​សំណុំរឿង​លោក​ឧកញ៉ា សុខ ប៊ុន វាយ​កញ្ញា សា​សា សាលក្រម​នឹង​ប្រកាស​នៅ​ថ្ងៃទី​១៥​កុម្ភៈ​

ភ្នំពេញ: ដូច​ការគ្រោងទុក នៅ​ព្រឹក​ថ្ងៃទី​២៦​មករា​នេះ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​លើ​សំណុំរឿង​លោក​ឧកញ៉ា សុខ ប៊ុន វាយ​កញ្ញា សា​សា​។ ប៉ុន្តែ​សវនាការ​នោះ មិនមាន​វត្តមាន​រប​ស់លោក សុខ ប៊ុន ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស និង​ដើមបណ្តឹង គឺ​កញ្ញា សា​សា នោះទេ​។ ក្រោយពី​សវនាការ​រយៈ​ពេល​មួយ​ព្រឹក​នេះ ចៅក្រម​បានសម្រេច​ថា សាលក្រម​លើ​សំណុំរឿង​ក្តី​នេះ នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៦​។​

​សូម​រម្លឹកថា ក្នុង​សំណុំ​រឿងក្តី​នោះ កញ្ញា សា​សា បានសម្រេច​ដក​ពាក្យ​ប្តឹង ក្រោយពី​ទទួលបាន​សំណង​រដ្ឋប្បវេណី ពី​លោក​ឧកញ៉ា សុខ ប៊ុន​។ សំណង​ជំងឺ​ចិត្ត​នោះ មិនត្រូវ​បាន​គេ​ប្រកាស​ឲ្យ​ដឹង​នោះទេ​។​

​លោក​ឧកញ៉ា សុខ ប៊ុន ប្រធាន​ក្រុមហ៊ុន TEHO Development និង​ជា​អតីត​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា រួមទាំង បក្ខពួក (​អង្គរក្ស​) រង​នូវ​ការប្តឹង​ចោទថា បាន​ព្រួត​គ្នា​ប្រើ​អំពើហិង្សា​យ៉ាង​សាហាវព្រៃផ្សៃ​យង់ឃ្នង​ទៅលើ​កញ្ញា ឯក សុជាតា ហៅ សា​សា អតីត​ពិធី​ការិនី​ទូរទស្សន៍ កាលពី​យប់​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៥ នៅក្នុង​ហាង​ផឹកស៊ី​មួយកន្លែង នៅ​កោះ​ពេជ្រ​។​

​តាមរយៈ​វីដេអូ​ឃ្លី​ប និង ប្រភព​ច្បាស់​ការណ៍ បានបង្ហាញ​ឲ្យ​ដឹងថា មូលហេតុ ដែល​លោក សុខ ប៊ុន វ៉ៃ​ទាត់​ធាក់​យ៉ាង​សាហាវព្រៃផ្សៃ​លើក​ញ្ញា​សា​សា គឺ​ដោយសារតែ​កញ្ញា​សា​សា បាន​ជួយ​អន្តរាគមន៍ កុំ​ឲ្យ​លោក សុខ ប៊ុន នាំយក​មិត្ត​ភ័ក្តិ​ស្រី​របស់ខ្លួន ដែលជា​ជនជាតិ​ជប៉ុន និង​ជា​ម្ចាស់​ហាង យកទៅ​ខាងក្រៅ​។ ហេតុនេះហើយ បានធ្វើ​ឲ្យ​ឧកញ៉ា ខឹង​ជាមួយ​សា​សា ទើប​ផ្ទុះ​កំហឹង ទាំង​កំរោល​តែម្តងទៅ​។​

​វីដេអូ​ឃ្លី​ប ដែលមាន​រយៈពេល​ជាង ១​នាទី បានបង្ហាញ​ពី​សកម្មភាព​របស់លោក សុខ ប៊ុន និង​អង្គរក្ស បាន​ព្រួត​គ្នា​វាយ​ទៅលើ​កញ្ញា សាលា យ៉ាង​ព្រៃផ្សៃ និង​បាន​ប្រើ​កាំភ្លើង​ភ្ជង់​គំរាម​បាញ់សម្លាប់​ថែមទៀត​ផង​។ លោក សុខ ប៊ុន ក៏បាន​ចាប់ទាញ​បោចសក់​កញ្ញា សាលា ពីលើ​សា​ឡុង ដោយ​ប្រើ​ដៃ និង​ជើង​វាយ​ទាត់​ធាក់​តាមចិត្ត​។ ចំណែក​អង្គរក្ស​របស់​ឧកញ៉ា សុខ ប៊ុន បាន​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ​ភ្ជង់​គំរាម​បាញ់​បុគ្គលិក និង​ថៅកែ​ហាង មិន​ឲ្យ​ចូល​ជួយ​នោះទេ​។ បន្ទាប់ពី​បាន​ប្រើ​អំពើហិង្សា​វាយ​ទាត់​ធាក់​ទៅលើ​កញ្ញា​សា​សា រួច លោក សុខ ប៊ុន និង​អង្គរក្ស បាននាំគ្នា​គេចចេញ​ពី​កន្លែងកើតហេតុ​បាត់​តែម្តង​៕​