ពាន KMH Champions League រក​ឃើញ​​ក្រុម​ឈ្នះ​ថ្ងៃ​បើក​ឆាក

​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់មិន​មែន​អាជីព KMH Champions League 2016 ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​ក្រុម​ខ្លាំង​ៗ ជា​ម្ចាស់​ជយលាភីនៃ​​ការ​ពាន​រង្វាន់បាល់​ទាត់​មក​ពី​ទី​កន្លែងខុសៗ​គ្នា​នោះ កំពុង​តែ​ចាប់​ផ្តើម​ប្រកួត​ប្រជែង​យ៉ាង​ស្វិត​ស្វាញ បន្ទាប់​ពី​បាន​ធ្វើ​ពិធី​បើក កាល​ពី​​ល្ងាច​ថ្ងៃ​ចន្ទ ម្សិល​មិញ។

ss-2សម្រាប់​ការ​ប្រកួតបាល់​ទាត់​ទី​លានធំ(ម្ខាង​១០​នាក់) ដែល​រៀបចំ​ឡើង​ឡើង​ដោយ​ក្រុម​ហ៊ុន ISI Group នេះ​មាន​ក្រុម​ចូល​រួម​ប្រកួត​រហូត​ដល់​៣២​ក្រុម ដោយ​​បាន​បែង​ចែក​ជា​៨​ពូល ហើយ​នៅ​ក្នុង​ពូល​នីមួយៗ​ត្រូវ​ធ្វើ​ការ​ប្រកួត​ជម្រុះ​វិល​ជុំ ដើម្បី​រក​ក្រុម​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​២​ក្រុម ឡើង​ទៅ​លេង​​នៅ​វគ្គ​១៦​ក្រុម​ចុង​​ក្រោយ។ យ៉ាង​ណា​មិញ សម្រាប់​ការ​ប្រកួត​បើក​ឆាក នៅ​លើ​ទី​លាន KMH កាល​ពី​ល្ងាច និង​យប់​ថ្ងៃ​ចន្ទ ម្សិល​មិញ ក្រុម​ Fuxin United របស់​លោក កាំង សេន ប្រធាន​ក្រុម​ហ៊ុន ISI Group បាន​កត់​ត្រា​នូវ​ជ័យ​ជម្នះលើ​ក្រុម Premium FC ៥-៤ ​ក្រោម​ក្រសែ​ភ្នែក​អ្នក​ទស្សនា​រាប់​រយ​នាក់។

ss-3ចំណែក​ក្រុម​ឈរ​នៅពូលAជាមួយ​គ្នា GCS FC ក៏​បាន​បង្ហាញនូវស្នាម​ញញឹម​នៅ​ក្នុង​ការ​ប្រកួត​បើក​ឆាក​នេះ​ផង​ដែរ ខណៈ​ពួក​គេ​បាន​យក​ឈ្នះ​លើ​ក្រុម The Orange Storm FC ជាមួយ​លទ្ធ​ផល ៤-៣ យ៉ាង​ស្វិត​ស្វាញ​បំផុត​នោះ។ រីឯ​ក្រុម​ឈរ​នៅ​ពូល​B Home Sport FC បាន​យក​ឈ្នះ​លើ​ក្រុម Bassac FC ក្នុង​លទ្ធ​ផល ៥-១ ដ៏​គួរ​ឲ្យកត់​សម្គាល់​បំ​ផុត។ ដោយ​ឡែក​​ក្រុម​ឈរ​នៅ​ពូល​Bចំនួន​២​ក្រុម​ទៀត​គឺ​ក្រុម Dewhirst FC នឹង​ត្រូវ​ប្រឈម​ជាមួយ​ក្រុម Posenchey FC នា​ល្ងាចម៉ោង ៥:៣០ ថ្ងៃ​អង្គារ​នេះ ខណៈ​ក្រុម Rolling FC និង​ក្រុម​ម្ចាស់​ឧបត្ថម្ភ ISI Steel FC ក៏​នឹង​ត្រូវ​ធ្វើការ​ប្រកួត​បើក​ឆាក​ប្រចាំពូល​C នៅ​ថ្ងៃ​នេះ​ផង​ដែរ ដែល​នឹង​ត្រូវ​ធ្វើ​ចាប់​ពីយប់​​ម៉ោង ៧:១៥​ត​ទៅ។​

ss-1

គួរ​បញ្ជាក់​ថា ការ​ប្រកួត KMH Champions League 2016 នេះ​ក្រុម​ជើងឯក នឹង​ទទួលបាន​ប្រាក់ ៣០០០​ដុល្លារ ជើ​ង​ឯក​រង​បាន​២០០០​ដុល្លារ​ និង​ក្រុម​ចំណាត់ថ្នាក់​លេខ​៣ នឹង​ទទួល​បាន​១​០០០​ដុល្លារ៕

ss-6ss-5ss-4