ព្រឹក​ថ្ងៃ​ចូល​រោងការ កូនក្រមុំ​រត់​បាត់​ពី​ផ្ទះ ធ្វើ​ឲ្យ​ម៉ែឪ តាអាចារ្យ ភ្នួ​ង អ្នកភ្លេង ចុងភៅ ឆោឡោ​ទាំង​អុល​

​ខេត្តកំពង់ឆ្នាំង​៖ ព្រឹក​ថ្ងៃ​ចូល​រោងការ នៃ​គូ​អាពាហ៍ពិពាហ៍​មួយ​ដែល​គ្រោង​នឹងត្រូវ​ប្រគុំ​ភ្លេង​ការ​រំពងសម្លេង​ប្រាប់​ញាតិ​ក្នុងភូមិ​ប្រែជា​ស្ងប់ស្ងាត់​ទៅវិញ ជំនួស​មកវិញ​នូវ​ភាព​ជ្រួលច្របល់​ដល់​សាច់ញាតិ​ទាំងសងខាង​និយាយ​លែងចេញ​ខ្សឹបខ្សៀវ​គ្នា ព្រោះតែ​សាមីខ្លួន​កូនក្រមុំ​បាន​គេចខ្លួនបាត់​ពី​ផ្ទះ​ទាំង​ព្រឹក​អុល​នៅ​ថ្ងៃ​ចូល​រោងការ​។ ភាព​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​ម៉ោង​៤ និង​៣០​នាទី​ទៀបភ្លឺ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៦ នៅក្នុង​ភូមិ​តា​នាម​ពេ​ជ ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។​

​ស្ត្រី​ជា​ម្តាយកូន​ក្រមុំ​ឈ្មោះ ផាន់ សិរី អាយុ​៣៩​ឆ្នាំ បាន​រៀបរាប់​អោយ​ភ្នា​ក់​យើង​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២៥ ខែមករា​នេះ​ថា​៖ កូនស្រី​របស់គាត់ ជា​កូនក្រមុំ​ដែល​ត្រូវ​ចូល​រោងការ​មានឈ្មោះ សុខ សិរី​វឌ្ឍន៍ អាយុ​២១​ឆ្នាំ ជាក​ម្មការ​នី បម្រើ​ការងារ​នៅ​រោងចក្រ​អឹម​វ៉េ​ខេត្តកំពង់ឆ្នាំង​។ ចំណែក​កូន​ក​ម្លោះ ដែល​ត្រូវ​ចូល​រោងការ​មានឈ្មោះ ស៊ិន ស៊ីវ​ង៉ុ​ក អាយុ​២២​ឆ្នាំ រស់នៅ ភូមិ​បាញ់​ឆ្គោ​ល ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ។​

​អ្វីដែល​ធ្វើអោយ​គាត់​ជា​ម្តាយ​ខ្មាស់​គេ និង​ហួសចិត្ត​ស្មាន​មិន​ដល់​នោះ គឺ​នៅពេល​ជិត​ភ្លឺ​ទៅហើយ​នា​ព្រឹក​ថ្ងៃទី​២៣ ខែមករា ដែលជា​ថ្ងៃ​ចូល​រោង​ការដែល​គាត់​ដេក​មិន​លក់​ញញឹម​មួយ​យប់​ទៅហើយ បែរជា​កូនស្រី​គាត់​ជា រត់​បាត់​ពី​ផ្ទះ ធ្វើអោយ​ញាតិមិត្ត ជិត​ឆ្ងាយ ភ្ញាក់ផ្អើល​នាំគ្នា​ចាត់​មនុស្ស​ដើររក​កូនក្រមុំ​គ្រប់ទិសទី តែ​រក​មិនឃើញ ទូរស័ព្ទ​ក៏​មិន​ចូល ហើយក៏​បានដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​សម្រាប់​ជាការ​ដឹងឮ ហើយ​កូនក្រមុំ​ដែល​បាត់​ទៅនេះ ជាប់​ជាមួយ​ខ្លួន​មាន​គ្រឿង​អ​ល​ង្គ​ការ ខ្សែដៃ ខ្សែក ចិញ្ចៀន មាស និង​ប្លា​ទីន​ប្រមាណ​ជាង​១​តម្លឹង​។​

 ស្ត្រី​ជា​ម្តាយ​បាន​អោយដឹងទៀតថា​៖ គាត់​មិនដឹងថា​កូនក្រមុំ​គាត់​ទៅជា​មួយ​អ្នកណា​នោះទេ ប៉ុន្តែ​គាត់​បាន​បង្ហើប​ថា ការបាត់​កូនស្រី​របស់គាត់ គឺ​ស្រប​ពេលដែល​បុរស​ម្នាក់​ដែលជា​អ្នកធ្វើការ​នៅ​រោងចក្រ​អឹម​វ៉េ​ជាមួយគ្នា​ក៏បាន​បាត់​ខ្លួន​ផងដែរ និង​ទូរស័ព្ទ​ក៏​មិន​ចូល​ដែរ​។ គាត់​មិន​នឹង​ស្មានថា​កូនស្រី​របស់គាត់​ធ្វើបែបនេះ​ទេ ព្រោះ​ការ​ភ្ជា ប់​ពាក្យ ពិធីមង្គលការ​ពេលនេះ គឺ​បាន​កើតឡើង​ដោយសារ​តែមាន​ការយល់​ព្រម​រវាង​កូនស្រី​របស់គាត់ និង​កូន​ក​ម្លោះ​នោះ​ផងដែរ តែ​ឥឡូវ​កូន​មាសម្តាយ​ធ្វើ​ឲ្យ​ម៉ែ​ស្ទើ​កកឈាម​។

​ក្រោយពី​ស៊ី​ស្លា​ភ្ជាប់ពាក្យ​ជិត​១​ឆ្នាំនេះ កូន​ក​ម្លោះ​ពេល​ទៅធ្វើ​ការ គឺ​ជិះ​ម៉ូតូឌុប​គូ​ដណ្តឹង​ទៅ​ជាមួយគ្នា មិនដែល​មានរឿង​អ្វី​ឡើយ និង​នៅមុន​ពេល​រៀប​មង្គលការ គឺ​កូនស្រី​គាត់​មិនបាន​និយាយ​អ្វី​នោះទេ ហើយ​ថែមទាំង​កា​ម៉​ង់​របស់​ល្អៗ​សម្រាប់​ពិធី​រៀបការ​នេះ​ទៀតផង​។ គាត់​បានគ្រោង​ហៅភ្ញៀវ ប្រមាណ​ជាង​៤០០​នាក់​សម្រាប់​ចូលរួម​ជា​កិត្តិយស​ក្នុង​អាពាហ៍ពិពាហ៍​នេះ និង​អ្វីៗ​បានរៀបចំ​ទុកជា​ស្រេច​អស់​រួចហើយ ទាំង​ភ្លេង​ប្រពៃណី តន្ត្រីសម័យ ចុងភៅ ភេសជ្ជៈ ភ្នួ​ង អ្នក​កំដរ ដែល​គ្រោង​ចំណាយ​អស់​ជាង​៤០០០​ដុល្លា​។​

​ប្រ​ភ​ព័ត៌មាន​មួយ​ពី​នគរបាល​មូលដ្ឋាន​អោយដឹងថា នៅ​ល្ងាច​ថ្ងៃទី​២៥ ខែមករា​នេះ​នាង​ជា​កូនក្រមុំ បាត់​ខ្លួន បាន​វិល​ត្រឡប់មកផ្ទះ​វិញ​ហើយ​។ ជុំវិញ​រឿង​ខាងលើនេះ​ប្រែប្រួល​យ៉ាងណា​នោះ យើង​និង​បំភ្លឺ​នៅពេល ទទួលបាន​ព័ត៌មាន​ថ្មី​បន្តទៀត​។ ចំពោះ​កូន​ក​ម្លោះ​យើង​មិនអាច​សុំ​ការបំភ្លឺ​បានឡើយ​៕ រិ​ទ្ធិ ជ័យ ​

KA-26-01-2016-19-01 KA-26-01-2016-19-02 KA-26-01-2016-19-04 KA-26-01-2016-19-03

​ ​