ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ប៉ៃលិន ៖ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទចុះ​​​​​​​បង្ក្រាប និងបញ្ឈប់​សកម្មភាព​​របស់​ជនខិលខូច​ដែល​បាន​យក​គ្រឿងចក្រ​អេ​ស្កា​វ៉ា​ទ័​រ​ ទៅ​ឈូស​បំផ្លាញ​ព្រៃឈើ និង​​​ជីក​កកាយ​ដី​ភ្នំ​យក​​ធ្វើ​ជា​កម្មសិទ្ធិ​​ផ្ទាល់​​ខ្លួន ​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២​៥ ខែមករា ឆ្នាំ​២០១៦ ​នៅ​​ចម្ងាយ​​ពី​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ​ប្រហែល​៣០០​ម៉ែត្រ ​ស្ថិតនៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

​ សូម​បញ្ជាក់​​​ដែរ​ថា ភ្នំ​តូច​ធំ​ប្រហែល​៣០​ទៅ​៤០​ភាគរយ​នៅ​ខេត្ត​ប៉ៃលិន ត្រូវ​បាន​ឈ្មួញ​នាំ​គ្នា​ជីក​កកាយ​​​ដី​​​​ដឹក​យក​ទៅ​​​លក់​យ៉ាង​ គគ្រឹកគគ្រេង ដោយ​គ្មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​អ្វី​នោះ​ឡើយ ។ ចំណែកឯ​ភ្នំ​មួយ​ចំនួន​ទៀត ត្រូវ​បាន​ឈ្មួញ​សុំ​ច្បាប់​ពី​ក្រសួង​រ៉ែ និង​ថាមពល ​និង​អាជ្ញាធរ​ខេត្ត ដើម្បី​ជីក​កា​យ​ធ្វើ​អាជីវកម្ម​ជា​រៀងរាល់ថ្ងៃ​ផង​ដែរ ​​ដែល​ធ្វើ​ឱ្យ​កូនចៅជំនាន់​ក្រោយ​លែង​បានឃើញ​ភ្នំ​ធម្មជាតិដែល​ជា​​ កេរតំណែល​ដូនតា​ទៀត​ហើយ ។   

ប្រភព​ព័ត៌មាន​ពី​លោក គឹ​ម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត បានឱ្យ​ដឹង​ថា ក្រោយ​ពី​ទ​ទួលបាន​​សេចក្តីរាយការណ៍​ថា មាន​បុរស​ម្នាក់ ឈ្មោះ មិន សូ​វុ​ធ អាយុ​៤៥​ឆ្នាំ​ ជា​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ បាន​យក​គ្រឿងចក្រ​អេ​ស្កា​វ៉ា​ទ័​រ​ទៅ​ជីក​កកាយ​ដី​ភ្នំ​នៅ​ត្រង់​ចំណុច​ ខាងលើ ដើម្បី​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​នោះ​ ​លោក​ក៏​​​សុំ​គោល​ការ​ណ៍​ពី​ថ្នាក់លើ​នាំ​កម្លាំង​​ចុះ​បង្ក្រាប​​​តែ​ម្តង ។

លោក​​បាន​បន្ត​​ថា ដី​ដែល​​មន្ត្រី​ខាងលើ​ជីក​កកាយ​យក​ធ្វើ​ជា​កម្មសិទ្ធិ​មាន​ចំនួន​១​ហិ​កតា ​ដែល​តំបន់​នោះ​ជា​កន្លែង​បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ​ខេត្ត ដោយ​បាន​ដាក់​បញ្ចូល​កាលពី​ឆ្នាំ​២០១៥ ​កន្លង​មក​នេះ​ ​​លោក​បាន​ក​សាង​សំណុំ​រឿង​បញ្ជូន​ទៅ​​​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី ​៕​