ព័ត៌​មានកីឡា &raquo កីឡាជាតិ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២៥ មក​រា កន្លង​មកនេះ សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ (MOU)​ជាមួយ​អង្គការ​អរុណរះ​(Sun Rise) សាងសង់​មជ្ឈមណ្ឌល​សម្រាប់​ហ្វឹកហាត់​កីឡាប្រដាល់​ដោយ​ប្រសិទ្ធ​នាម​ថា «​មជ្ឈមណ្ឌល​ហ្វឹកហាត់​កីឡា​ជំនាន់​ថ្មី​» ។

លោកស្រី​Geraldiner Cox ដែល​ជា​ប្រធាន​អង្គការ​អរុណរះ​បាន​មាន​ប្រសាសន៍​ថា មជ្ឈមណ្ឌល​នេះ​សាងសង់​ឡើង​មិន​ត្រឹមតែ​សម្រាប់​បណ្ដុះបណ្ដាល​ក្មេង​ៗ​នៅ​ក្នុង​អង្គការ​អរុណរះ ឬ​ក្មេង​ៗ​រស់នៅ​ជុំវិញ​ទី​នេះ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​កន្លែង​សម្រាប់​បណ្ដុះបណ្ដាល​ក្មេង​ៗ​ទូទៅ​ជា​ទំពាំង​ស្នង​ឬ​ស្សី​ដែល​មាន​បំណង​ចង់​មក​ហ្វឹកហាត់​កីឡាប្រដាល់​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២៣ ខាង​មុខ​នេះ​ទៀត​ផង ។

មជ្ឈមណ្ឌល​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ទួល​ក្រសាំង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ត កណ្ដាល មាន​ទំហំ​៣៥​ម៉ែត្រ​X៥០​ម៉ែត្រ ដោយ​គ្រោង​ចំណាយ​ទឹកប្រាក់​សាងសង់​ប្រហែល​៥០.០០០​ដុល្លារ​អា​មេ​រិ​ក និង​ចាប់ផ្ដើម​សាងសង់​ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​ដែល​មាន​រយៈពេល​៦​ខែ​ត្រូវ​បញ្ចប់​ការ​សាងសង់ ។

មជ្ឈមណ្ឌល​មួយ​នេះ​មិន​ត្រឹមតែ​ជា​កន្លែង​សម្រាប់​ហ្វឹកហាត់​កីឡាប្រដាល់​មួយ​មុខ​ប៉ុណ្ណោះ​ទេ គឺជា​កន្លែង​សម្រាប់​ព្យាបាល​ជំងឺផ្លូវចិត្ត​ដល់​កុមារ​ដែល​ត្រូវ​គេ​បោះបង់​ចោល​ថែម​ទៀត​ផង ។ លោកស្រី​Geraldiner Cox  ជនជាតិ​អូស្ដ្រាលី បាន​ចំណាយពេល​ជាង​២០​ឆ្នាំ​នៅ​កម្ពុជា​ធ្វើការ​ជាមួយ​កុមារ​កម្ពុជា​ដែល​ត្រូវ​បាន​គេ​បោះបង់​ចោល ។ លោកស្រី​មាន​ជំនឿ​ថា ក្រោយ​ពី​មជ្ឈមណ្ឌល​នេះ​សាងសង់​រួច​ហើយ​នោះ នឹង​ធ្វើ​ឱ្យ​កុមារ​ជា​ច្រើន​នៅ​ក្នុង​អង្គការ​អរុណរះ​នេះ​ក្លាយជា​កីឡាករ​ប្រដាល់​ល្បីឈ្មោះ​ជាក់​ជា​ពុំខាន ។

លោក​ឧត្ដមសេនីយ៍ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​បាន​មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​ថា មជ្ឈមណ្ឌល​ហ្វឹកហាត់​កីឡាប្រដាល់​ថ្មី​មួយ​នេះ​បាន​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ធនធាន​កីឡាករ​ក្មេង​ៗ​ដែល​ជា​ទំពាំង​ស្នង​ឬ​ស្សី ដែល​ចាប់​យក​អាជីព​ប្រដាល់​។ មិនតែប៉ុណ្ណោះ ពួក​គេ​នឹង​បាន​ហ្វឹកហាត់​ជាមួយ​គ្រូ​ល្អ​ៗ​ដែល​មានបទពិសោធន៍​ជា​ច្រើន​ឆ្នាំ និង​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​អប់រំ​ណែនាំ​ដល់​ពួក​គេ​ឱ្យ​ក្លាយជា​កីឡាករ​អាជីព​ពិតប្រាកដ និង​មានជោគ​ជ័យ​ក្នុង​ជីវិត​ជា​អ្នក​ប្រដាល់ ។

មជ្ឈមណ្ឌល​ហ្វឹកហាត់​កីឡាប្រដាល់​មួយ​នេះ សហព័ន្ធ​ជា​អ្នក​ចំណាយ​ថវិកា​សាងសង់ ចំណែក​ខាង​អង្គការ​អរុណរះ​ជា​អ្នក​ផ្ដល់​ដី​សម្រាប់​សាងសង់ ហើយ​ខាង​អង្គការ​មាន​តួនាទី​រ៉ាប់រង​ការ​ស្នាក់​នៅ និង​ការ​សិក្សា​សម្រាប់​កុមារ​ដែល​មក​ហ្វឹកហាត់​ទី​នេះ ៕