ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ព្រះ​សីហ​នុ ៖ ទន្ទឹម​នឹង​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ឯកភាព​តាម​ស្មារតី​អង្គប្រជុំ​ចំនួន​៥​ចំណុច ពាក់ព័ន្ធ​ការ​ដកហូត​ដី​ចំណី​ឆ្នេរ​សមុទ្រ​ជា​ច្រើន​កន្លែង នៅ​លើ​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ មក​ទុកជា​សម្បត្តិ​រដ្ឋ​បម្រើ​ផលប្រយោជន៍​ជា​សាធារណៈ លើ​វិស័យ​ទេស​ចរណ៍​វិញ ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​បាន​មាន​ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្ត មេត្តា​ពិនិត្យ​សារ​ឡើង​វិញ​ជុំវិញ​ស្ពាន​តេ​ជោ​មរតក ហៅ (​ស្ពាន​កោះ​ពស់​) ដែល​ត្រូវ​បាន​ក្រុមហ៊ុន ហាមឃាត់​ប្រជាពលរដ្ឋ​មិន​ឱ្យ​ចូល​ទស្សនា​រយៈពេល​៤​ឆ្នាំ​មក​ហើយ ។

ទស្សនៈ​ស្រ​ដៀង​គ្នា​ជា​ច្រើន បាន​ផុស​ចេញពី​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ជុំវិញ​បញ្ហា​ជា​ច្រើន​នៅ​ខេត្ត​ព្រះ​សីហ​នុ ក្នុង​នោះ​បញ្ហា​ដី​ឆ្នេរ ហាក់​មាន​ពន្លឺ និង​ក្តី​សង្ឃឹម ប៉ុន្តែ​ច​ម្ង​ល់​សម្រាប់​ពួក​គាត់​នៅ​តែ​មាន ខណៈ​ដែល​ស្ពាន​តេ​ជោ​មរតក (​ស្ពាន​កោះពស់​) ដែល​បាន​បើក​សម្ពោធ​ចាប់តាំងពី​ថ្ងៃ​ទី​១២ ធ្នូ ២០១២ កន្លង​មក ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​​គិត​មក​ទល់​ពេល​នេះ មាន​រយៈពេល​៤​ឆ្នាំ​ហើយ ។ ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​ខ្មែរ និង​ភ្ញៀវ​ជាតិ ហាក់​ពុំ​មាន​សិទ្ធិ​ក្នុង​ការ​ចូល​ទស្​សនា​​លើ​ស្ពាន​នោះ​ឡើយ​ទេ ។

ផ្ទុយ​ពី​ការ​សន្យា​របស់​ប្រធាន​ក្រុមហ៊ុន​នៅ​ចំពោះ​មុខ​សម្តេច​តេ​ជោ​ថា ក្រោយ​ពី​សម្ពោធ​ចប់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប មាន​សិទ្ធិ​ឡើង​កម្សាន្ត​លើ​ស្ពាន​នេះ​គ្រប់​គ្នា ។ ការ​សន្យា​នេះ ត្រូវ​បាន​រលាយ​ទៅ​វិញ​ត្រឹមតែ​រយៈពេល​មិន​ដល់​មួយ​ខែ​ផង ដោយសារ​ក្រុមហ៊ុន​ធ្វើ​ទ្វារ​បិទ​ជិត ក្រោម​លេះ​មាន​ការដ្ឋាន​សាងសង់​នៅ​ខាងក្នុង​ខ្លាច​ប៉ះពាល់​សុវត្ថិភាព ។

ប្រភព​រិះគន់​ដដែល​បាន​បន្ត​ថា ចុះ​កាល​ណោះ មាន​ការដ្ឋាន​សាងសង់​ខ្លាច​ប៉ះពាល់​សុវត្ថិភាព ចុះ​ឥឡូវ​ពុំ​មាន​ការដ្ឋាន​ផង ហេតុ​អី​ក៏​នៅ​តែ​ពុំ​បើក​ឱ្យ​ពលរដ្ឋ​ចូល​ទស្សនា ក្នុង​នាម​ជា​ម្ចាស់​ទឹកដី​របស់​ខ្លួន បើ​សាងសង់​ហើយ​ពលរដ្ឋ​ខ្មែរ ពុំ​មាន​សិទ្ធិ​ចូល​ទស្សនា ចាំ​បាច់​​អី​ប្រធាន​ក្រុមហ៊ុន​សន្យា​ជាមួយ​ប្រជាពលរដ្ឋ នៅ​ចំពោះ​មុខ​ប្រមុខ​រាជ​ដ្ឋា​ភិ​បាល តើ​នេះ​មាន​ន័យ​ថា​យ៉ាងម៉េច?