ធ្វើ​ការ​ជាមួយ​អ្នក​សុំ​ យើង​ជា​អ្នក​ក្រ ធ្វើ​ការ​ជាមួយ​អ្នក​ឱ្យ ​យើង​ជា​អ្នកមាន


ធ្វើ​ការ​ជាមួយ​អ្នក​សុំ​ យើង​ជា​អ្នក​ក្រ ធ្វើ​ការ​ជាមួយ​អ្នក​ឱ្យ ​យើង​ជា​អ្នកមាន

“ធ្វើ​ការ​ជាមួយ​អ្នក​សុំ​យើង​ជា​អ្នក​ក្រ ធ្វើ​ការ​ជាមួយ​អ្នក​ឱ្យ​យើង​ជា​អ្នកមាន” នេះ​ជា​ទស្សនៈ​មួយ​ដែល​ លោក សោម សម្បត្តិ ​ថ្លែង​ទៅ​កាន់​​អ្នក​ចូល​រួម​ ក្នុង​សិក្ខា​សាលា​មួយ​ស្ដី​ពី “សិល្បៈ​នៃ​ការ​ដឹក​នាំ” កាល​ពី​ពេល​ថ្មីៗ​នេះ។

 

នាយក​ប្រតិបត្តិ​នៃ​សហគ្រាស​ផលិត​ថ្នាំ​ពណ៌​ជាតិ Cam-Paint រូប​នេះ បាន​​ប្រាប់​ពី​អតីត​កាល​របស់​ខ្លួន​​ថា កាល​ពី​អាយុ​មិន​ដល់​២០​ឆ្នាំ លោក​បាន​ចេញ​ពី​ផ្ទះ ដើម្បី​ស្គាល់​ពិភព​ខាងក្រៅ។ ​ក្រោយ​មក​លោក​បាន​ធ្វើ​​ជា​ទាហាន​ម្នាក់ ប៉ុន្តែ​ដោយ​យល់​ពី​​ទ្រឹស្ដី​មួយ​ឃ្លាថា “ស្រុក​សង្គ្រាម​ត្រូវការ​អ្នក​ក្លាហាន ​ស្រុក​ថ្កើងថ្កានត្រូវ​ការ​អ្នកចេះ​ដឹង” យុវជន​ សោម សម្បត្តិ បាន​សុំ​ការអនុញ្ញាត​ពី​ថ្នាក់​ដឹកនាំ​របស់​ខ្លួន​ទៅ​ជំរំ​​​មួយ​រយៈ ដើម្បី​​​​រៀនសូត្រ​​ភាសា​​ខ្មែរ អង់គ្លេស និង​ថៃ ដោយ​រំពឹង​ថា​នឹង​បាន​​ប្រាក់ខែ ៣០០ ដុល្លារ​ក្នុង​មួយ​ខែ។

 

 ធ្វើ​ការ​ជាមួយ​អ្នក​សុំ​ យើង​ជា​អ្នក​ក្រ ធ្វើ​ការ​ជាមួយ​អ្នក​ឱ្យ ​យើង​ជា​អ្នកមាន

 

លោក​មិន​ដែលរំពឹង​ថា បាន​ប្រាក់​ខែ​ពាន់​ដុល្លារ​ទេ៖ “ខ្ញុំ​ប្រាប់​មេ​ខ្ញុំ​​ថា នែ៎​បង ខ្ញុំ​សុំ​ទៅ​ជំរំ​មួយ​រយៈ ដើម្បី​រៀន​ភាសា​ក្រែងបាន​​​​ក្លាយ​ជា​អ្នកបកប្រែ យ៉ាងហោច​ណាស់​បាន​ប្រាក់ខែ ៣០០ ដុល្លារ គ្រាន់​​ចិញ្ចឹម​ប្រពន្ធ​កូន​ដែរ”។

 

ក្រោយ​រៀន​ភាសា​បាន ៨ ខែ​គត់ លោក​បាន​ទៅ​សម្ភាសន៍​ធ្វើ​ជា​អ្នក​បកប្រែ​សម័យ UNTAC ហើយ​ពេល​នោះលោក​ក៏​ធ្វើ​បាន​​សម្រេច​ដូច​ក្ដី​ប្រាថ្នា។

 

លោក​បាន​បញ្ជាក់ ក្នុង​អគារ​​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន​ថា៖ “ក្រោយ​​សម័យ UNTAC ក្នុង​ចំណោម​អ្នក​បកប្រែ​សឹង​ទាំងអស់ សុទ្ធ​តែ​ទៅ NGO ហើយ​គ្មាន​នរណា​ម្នាក់​ក្លាហាន​ចេញ​ពី NGO ទៅ​ក្រុមហ៊ុន​ឯកជន​ដូច​ខ្ញុំ​ទេ។ ទៅ NGO ប្រាក់​ខែទាប​បំផុត ១ ៧០ ដុល្លារ ធ្វើ​ការ​ច័ន្ទ-សុក្រ ខ្ញុំ​ធ្វើការ​ឱ្យ​ឯកជន​បាន​តែ ៨០ដុល្លារ​​ធ្វើ​ការ ៦ ថ្ងៃ។ គេ​ថា​ខ្ញុំ​ឆ្កួត! ហេតុ​អី​មិន​ធ្វើ​ឱ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​​ប្រាក់​ខែ​ច្រើន ហើយ​ធ្វើ​ការ​តិច។ ខ្ញុំ​ឆ្លើយ​ថា មក​ពី​ខ្ញុំ​ចង់​មាន! អង្គការ​ជា​អ្នកសុំ​លុយ​គេ ចំណែក​ក្រុមហ៊ុន​ជា​អ្នក​ឱ្យ​លុយ​គេ។ អ៊ីចឹង​ធ្វើ​ការ​ជាមួយ​អ្នក​សុំ​ យើង​ជា​អ្នក​ក្រ ធ្វើ​ការ​ជាមួយ​អ្នក​ឱ្យ​យើង​ជា​អ្នកមាន”។

 

លោក សោម សម្បត្តិ ជា​មនុស្ស​ម្នាក់​ដែល​ស្រែក​ឃ្លាន​ចំណេះដឹង ហើយ​​ចូល​ចិត្ត​អ្វី​ថ្មី​និង​ប្លែក។ មុន​បើក​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន​ដូច​សព្វថ្ងៃ លោក​​បាន​ធ្វើ​ឱ្យ​​អង្គការ និង​ក្រុមហ៊ុន​ឯកជន​សរុប​ចំនួន ១១ ​ហើយ។ ចំណែក​ជីវប្រវត្តិ​វិញ​ លោក សោម សម្បត្តិ ជា​កូន​ច្បង​ក្នុង​គ្រួសារ​​ជីវភាព​លំបាក ហើយ​លោក​មាន​កម្រិត​វប្បធម៌​ត្រឹម​ថ្នាក់​ទី ៦ ប៉ុណ្ណោះ៕

 

 

ចុចអាន៖ ទ្រឹស្ដី​ដឹក​នាំ​ពី​​លោក សោម សម្បត្តិ ​ក្មេង​​​កំព្រា​រៀន​ថ្នាក់​ទី​៦​​រហូត​មាន​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន

ចុចអាន៖ លោក​​ស្រី ជុន សុថានី ៖ ក្រុមហ៊ុនមួយ​​នឹង​ក្ស័យ​ធន បើ​​គ្មាន​ការ​គ្រប់គ្រង​សាច់ប្រាក់

 

អត្ថបទ៖ អ៊ុំ សុភក្តិ