វិចារណកថាៈ ប្រជាពលរដ្ឋគាំទ្រ យុទ្ធនាការបង្ក្រាប បទល្មើសព្រៃ

 ប្រតិបត្តិការរបស់ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ មួយរយៈពេលកន្លងទៅនេះ មានការគាំទ្រយ៉ាងពេញ ទំហឹងពីប្រជាពលរដ្ឋ និងមជ្ឈដ្ឋាននានា នៅទូទាំងប្រទេស។ ការរកឃើញបទ ល្មើស ព្រៃឈើ និងទប់ស្កាត់បទល្មើសបំផ្លាញព្រៃឈើ គឺជាប្រការសំខាន់បំផុត ដើម្បីរក្សាព្រៃឈើដែលនៅគង់វង្ស ឲ្យបានយូរអង្វែងតទៅទៀត សម្រាប់ជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ។ ការថែរក្សាព្រៃឈើ ដែលនៅ សេសសល់ឲ្យបានគង់វង្ស ក៏ជាផ្នែកមួយនៃការរក្សាបរិស្ថានធម្មជាតិ ឲ្យបានល្អប្រសើរផងដែរ។ ហេតុនេះហើយ ទើបប្រជាពលរដ្ឋទូទៅ និងមជ្ឈដ្ឋាននានា បង្ហាញនូវការគាំទ្រយ៉ាងខ្លាំងក្លា ចំពោះវិធានការរបស់ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ។

 យុទ្ធនាការរបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ នៅក្នុងខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តកំពង់ធំជាដើម រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ គឺជាយុទ្ធនាការដ៏សំខាន់ ដើម្បីទប់ស្កាត់បទល្មើសបំផ្លាញព្រៃឈើ ក៏ដូចជាទប់ស្កាត់អំពើរត់ពន្ធឈើទៅលក់នៅប្រទេសវៀតណាម ។ ការឆែកឆេរឃ្លាំងស្តុកឈើ របស់ឧកញ៉ា និងក្រុមហ៊ុនមួយចំនួន ក៏ដូចជាឆែកឆេរកន្លែងស្តុកឈើ របស់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចនានា គឺជាបញ្ហាដ៏សំខាន់ ដើម្បីរកឲ្យឃើញឈើស្របច្បាប់ និងឈើខុសច្បាប់។ លទ្ធផលដែលគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ទទួលបានរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ត្រូវបានប្រជាពលរដ្ឋសាទរយ៉ាងខ្លាំង ព្រោះកន្លងមក សូម្បីតែឈើនៅក្នុងព្រៃការពារ ព្រៃសហគមន៍ ព្រៃដែនជម្រកសត្វ តំបន់អភិរក្សជីវៈចម្រុះ និងឧទ្យានជាតិ ក៏ប្រឈមនឹងការបំផ្លាញដែរ។ ជាក់ស្តែងមុនមានបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ឲ្យទប់ស្កាត់បទល្មើសរត់ពន្ធឈើទៅលក់នៅវៀតណាម គឺបទល្មើសមានការរាលដាលយ៉ាងខ្លាំង ប៉ុន្តែបច្ចុប្បន្ននេះ បទល្មើសរត់ពន្ធឈើទៅវៀតណាម ត្រូវបានទប់ស្កាត់ទាំងស្រុង។

 កន្លងមកមានសេចក្តីរាយការណ៍ថា ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមួយចំនួន បំពានកាប់ឈើក្រៅដីសម្បទានរបស់ខ្លួន ដើម្បីស្តុកទុក និងដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមអំពើចិត្ត។ ដូច្នេះ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ចាត់វិធានការទប់ស្កាត់បទល្មើសព្រៃឈើនៅពេលនេះ គឺជាយុទ្ធនាការមួយ កុំឲ្យមានបទល្មើសកើតឡើងតទៅទៀត។ ប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងកំពង់ធំជាដើម បានវាយតម្លៃថា យុទ្ធនាការរបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ អាចទប់ស្កាត់បទល្មើសព្រៃឈើប្រកបដោយប្រសិទ្ធភាព។ ជាពិសេសនៅពេលរកឃើញថា ក្រុមហ៊ុនណាមួយ ឬបុគ្គលណាមួយ ដែលប្រព្រឹត្តិខុសច្បាប់ គួរតែទទួលខុសត្រូវចំពោះមុខច្បាប់ ជាធរមានមិនអាចលើកលែងបានឡើយ។

 មិនមែនតែនៅក្នុងបណ្តាខេត្តដូចខាងលើប៉ុណ្ណោះទេ ដែលសមត្ថកិច្ចកំពុងបើកប្រតិបត្តិការទប់ស្កាត់បទល្មើសព្រៃឈើ ស្របទៅតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ដោយយកចិត្តទុកដាក់។ នៅក្នុងខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និងពោធិ៍សាត់ ក៏សមត្ថកិច្ចចាត់វិធានការទប់ស្កាត់បទល្មើសបំផ្លាញព្រៃឈើដែរ ធ្វើឲ្យប្រជាពលរដ្ឋគាំទ្រទាំងស្រុង នូវវិធានការនោះ ។ ប្រជាពលរដ្ឋក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានអំពាវនាវយ៉ាងទទូចឲ្យសមត្ថកិច្ច ទប់ស្កាត់បទល្មើសកាប់ព្រៃទន្ទ្រានយកដី ព្រោះអីព្រៃសហគមន៍របស់ពួកគាត់ រាប់រយហិកតាត្រូវអ្នកមានលុយ អ្នកមានអំណាច កាប់ទន្ទ្រានរំលោភយកដីធ្វើជាកម្មសិទ្ធិ ដោយគ្មានញញើតអ្វីទាំងអស់។ មន្ត្រីជំនាញ និងមន្ត្រីអាជ្ញាធរ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ ជាអ្នកទទួលខុសត្រូវចំពោះបទល្មើសកាប់ព្រៃសហគមន៍ទន្ទ្រានយកដី ធ្វើជាកម្មសិទ្ធិ ជាហេតុធ្វើឲ្យព្រៃឈើត្រូវប្រឈមនឹងសេចក្តីវិនាស។

 សរុបសេចក្តីមក ប្រតិបត្តិការរបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានការគាំទ្រយ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋ និងមជ្ឈដ្ឋាននានា ព្រមទាំងក្រុមសង្គមស៊ីវិលផងដែរ។ សកម្មជនការពារព្រៃឈើ នៅក្នុងខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងកំពង់ធំ ក៏ដូចជាខេត្តព្រះវិហារ បានបញ្ជាក់ថា ចាប់តាំងពីគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បើកប្រតិបត្តិការគឺបទល្មើសកាប់ឈើ និងដឹកជញ្ជូនឈើក្នុងមូលដ្ឋានរបស់ពួកគាត់ មិនកើតឡើងយ៉ាងអនាធីបតេយ្យដូចកាលពីមុនទៀតទេ។ ហេតុនេះហើយ ទើបពួកគាត់គាំទ្រវិធានការរបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ព្រោះវិធានការនេះ កំពុងទប់ស្កាត់បទល្មើសព្រៃឈើប្រកបដោយប្រសិទ្ធភាព ក្រុមឈ្មួញ និងក្រុមជនល្មើសមិនហ៊ានធ្វើអ្វីៗ ស្រេចតែអំពើចិត្តទៀតឡើយ។ ជាក់ស្តែងសកម្មភាពដឹកជញ្ជូនឈើ ទៅលក់នៅប្រទេសវៀតណាម បានស្ងប់ស្ងាត់ទាំងស្រុង ហើយសកម្មភាពកាប់ឈើក្នុងព្រៃសហគមន៍ ព្រៃដែនជម្រកសត្វ តំបន់អភិរក្សជីវៈចម្រុះ និងឧទ្យានជាតិ មិនមានកើតឡើងតទៅទៀតទេ៕