អាមេរិក នឹងពិចារណា លើកលែង ពន្ធនាំចូលទំនិញ គ្រប់ប្រភេទពីកម្ពុជា

ភ្នំពេញ៖ លោក ចន ឃើរី រដ្ឋមន្រ្តីក្រសួង ការបរទេសអាមេរិក នៅថ្ងៃទី ២៦ ខែ មករា ឆ្នាំ២០១៦នេះ បានអះអាងនៅចំពោះមុខសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាថា អាមេរិកនឹងពិចារណា ដើម្បីបញ្ឈប់ការយកពន្ធ នាំចូលទំនិញគ្រប់ប្រភេទពីកម្ពុជា ធ្វើឡើង តបតាមការស្នើសុំពីសម្ដេចតេជោ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានថ្លែងប្រាប់ក្រុមអ្នកកាសែត ក្រោយបញ្ចប់ជំនួបនោះថា «អ្វីដែលសម្ដេចបានលើក ឡើងនោះ គឺស្នើសុំឲ្យសហរដ្ឋអាមេរិកពិចារណា ធ្វើយ៉ាងណាអនុញ្ញាតឲ្យកម្ពុជា នាំចេញ ទៅសហរដ្ឋអាមេរិកដោយគ្មានកូតា ដើម្បីធ្វើយ៉ាងណាជួយកម្ពុជា ឲ្យឈានឆ្ពោះទៅកាន់ការអភិវឌ្ឍន៍ខ្ពស់»។

លោក អ៊ាង សុផល្លែត បានបន្ថែមថា «ជាការឆ្លើយតប អ្វីដែលសម្ដេចលើកឡើងគាត់ (ចន ឃើរី) នឹងពិចារណា»។ លោកបានបន្តថា ដំណើរទស្សនកិច្ចរបស់លោក ចន ឃើរី មកកម្ពុជាលើកនេះ គឺក្នុងគោលបំណង ដើម្បីរៀបចំកិច្ចប្រជុំរវាង អាស៊ាន-សហរដ្ឋអាម៉េរិក ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៥-១៦ កុម្ភៈ ខាងមុខ។

ក្នុងជំនួបពិភាក្សារវាង សម្តេចតេជោ ហ៊ុន សែន និង លោក ចន ឃើរី នេះ លោកបានកោតសរសើរពីការ អភិវឌ្ឍន៍ របស់ប្រទេសកម្ពុជា ថា មានការរីកចម្រើន គួរឲ្យកត់សម្គាល់ខុសពីពេលមុន ដែលនេះជាឱកាសដ៏ល្អ សម្រាប់វិនិយោគិនអាមេរិក មកបណ្ដាក់ទុននៅកម្ពុជា ៕