លោក ជា ហួត នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​វាលវែង​មិន​ហ៊ាន​ឃាត់​រថយន្ត​ដឹកឈើ​

​លោក ជា ហួត នាយផ្នែក​រដ្ឋបាល​ព្រៃឈើ ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា​មិន​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នោះទេ ព្រោះ​ថ្មីៗ​នេះ​មាន​រថយន្ត​ដឹកឈើ​ជាច្រើន​ដឹក​ឆ្លងកាត់​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ក្នុង​តំបន់​គ្រប់គ្រង​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខាងលើ​តែ​គ្មាន​ការបង្ក្រាប​ឡើយ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា បញ្ហា​អាច​បណ្តាលមកពី​រថយន្ត​ដឹកឈើ​មាន​ខ្នង​ក្រាស់​ធ្វើ​ឲ្យ​លោក ជា ហួត ជា​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ ស្រុក​វាលវែង មិន​ហ៊ាន​ប៉ះពាល់ ឬក៏​អាច​ថា​លោក ជា ហួត ទំនង​ទទួលបាន​ផលប្រយោជន៍​ពី​ឈ្មួញ​ដឹកឈើ​។

ប្រជាពលរដ្ឋ​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ បាន​រាយការណ៍​មក​ថា ក្នុង​ខែមករា ឆ្នាំ​២០១៦ មាន​រថយន្ត​ដឹកឈើ​ជាច្រើន​គ្រឿង​បាន​ដឹកឈើ​ចេញពី​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ មក​ទម្លាក់​ឲ្យ​ម៉ូយ​តាម​ដេប៉ូ​ឈើ​នៅ​ភូមិ​ពន្លៃ  ឃុំ​ពន្លៃ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា តាម​ការអះអាង​របស់​តៃកុង​រថយន្ត​ដឹក​គឺ​ឈើ​ទាំងនោះ​ជា​របស់​ក្រុមហ៊ុន​MDS របស់លោក​ឧកញ៉ា ទ្រី ភាព ដែលមាន​ទីតាំង​ក្រុមហ៊ុន​ស្ថិតនៅ​ចំការ​ជ្រៃ ក្នុង​ឃុំ​អន្លង់​រា ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ដឹក​យកមក​លក់​ចែកចាយ​តាម​ដេប៉ូ​លក់​ឈើ​នៅក្នុង​ខេត្តកំពង់ឆ្នាំង​។

សកម្មជន​ព្រៃឈើ​នៅ​ខេត្តពោធិ៍សាត់ បាន​លើកឡើងថា បើ​ក្រុមហ៊ុន MDS របស់លោក​ឧកញ៉ា ទ្រី​ភាព មាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល​មក​ធ្វើ​អាជីវកម្ម​លក់​ឈើ​មន្ត្រី​ជំនាញ​គប្បី​ប្រកាស​ឲ្យ​មហាជន​ដឹងផង ព្រោះ​នៅ​ខេត្តពោធិសាត់​អត់​មាន​អ្នក​ដឹងថា ក្រុមហ៊ុន​ទ្រី​ភាព​មាន​អាជ្ញាប័ណ្ណ​បន្ត​នោះទេ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ទាំង​មន្ត្រី​ជំនាញ​នៅ​ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ឆ្នាំង គប្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ហើយ​បើ​ពួកគេ​គ្មាន​សមត្ថភាព​បង្ក្រាប​ពួកគេ​គួរ​បញ្ជូន​បញ្ហា​មក​ថ្នាក់ជាតិ​ដើម្បី​ជួយ​ដោះស្រាយ​។ ដូច្នេះ​ការរក្សា​ភាព​ស្ងៀមស្ងាត់​របស់​ពួកគេ គឺជា​ការផ្តល់​ឱកាស​ឲ្យ​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​បាន​យ៉ាង​រលូន ឬមួយ​មន្ត្រី​ជំនាញ​ឃុបឃិត​ជាមួយ​ឈ្មួញ ដើម្បី​ផលប្រយោជន៍​តែម្តង​៕

IMG-20160118-WA0037