លោក ហ៊ុន សែន សោក​ស្តាយ​នឹង​ផល​ប៉ះពាល់​ពី​ការ​ប្រកួត​ប្រជែង​បរទេស​ក្នុង​វិស័យ​ស្រូវ​អង្ករ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ច័ន្ទ​ថា ឧស្សាហកម្ម​ស្រូវ​អង្ករ​កម្ពុជា​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​ដ៏​ច្រើន ទាំង​ក្នុង​ប្រទេស ទាំង​ក្រៅ​ប្រទេស ដែល​នាំ​ឲ្យ​តម្លៃ​ថោក ហើយ​ក្រុមហ៊ុន​នាំ​ចេញ​ស្រូវ​អង្ករ​មិន​អាច​សម្រេច​បាន​គោលដៅ​ដ៏​ខ្ពស់ ដែល​កំណត់​ដោយ​រដ្ឋាភិបាល​ក្នុង​ឆ្នាំ​២០១០។

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន មាន​​​ប្រសាសន៍​​​​​ទៅ​​​កាន់​​​អ្នក​​​តាំង​​​ពិព័រណ៍ដែលឈរ​​​ជាប់​​​នឹង​​​លោក សុខ ពុទ្ធីវុធ ប្រធាន​​​សហព័ន្ធ​​​ស្រូវ​​​អង្ករ​​​កម្ពុជា​​​ នៅ​​​ឯវេទិកា​​​ស្រូវ​​​អង្ករ​​​កម្ពុជា​​​ កាល​​​ពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន មាន​​​ប្រសាសន៍​​​​​ទៅ​​​កាន់​​​អ្នក​​​តាំង​​​ពិព័រណ៍ដែលឈរ​​​ជាប់​​​នឹង​​​លោក សុខ ពុទ្ធីវុធ ប្រធាន​​​សហព័ន្ធ​​​ស្រូវ​​​អង្ករ​​​កម្ពុជា​​​ នៅ​​​ឯវេទិកា​​​ស្រូវ​​​អង្ករ​​​កម្ពុជា​​​ កាល​​​ពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily

ថ្លែង​ទៅ​កាន់​អ្នក​ចូល​រួម​សំខាន់ៗ​ក្នុង​វេទិកា​ស្រូវ​អង្ករ​កម្ពុជា​ប្រចាំ​ឆ្នាំ​នៅ​សណ្ឋាគារ​សុខា ក្នុង​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន បាន​សរសើរ​កិច្ច​ប្រឹងប្រែង​ដើម្បី​បង្កើន​គម្រោង​ស្រូវ​អង្ករ​កម្ពុជា​នៅ​ក្រៅ​ប្រទេស ប៉ុន្តែ​បាន​កត់​សម្គាល់​ថា ការ​ប្រកួត​ប្រជែង​ដ៏​តឹងតែង​ក្នុង​តំបន់​បាន​កម្រិត​ចំនួន​សរុប​នាំ​ចេញ​របស់​ប្រទេស​កម្ពុជា។

ក្នុង​ឆ្នាំ​២០១០ រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​គោលដៅ​១​លាន​តោន​សម្រាប់​នាំ​ចេញ​អង្ករ​នៅ​ឆ្នាំ​២០១៥ ជា​តួលេខ​មួយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​មិន​អាច​សម្រេច​បាន។

ក្នុង​របាយការណ៍​មួយ​ដែល​ចេញ​នៅ​ដើម​ខែ​នេះ អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម​បាន​និយាយ​ថា ថ្វីបើ​មាន​ការ​កើន​ឡើង​៣៩​ភាគរយ​ក្នុង​ការ​នាំ​អង្ករ​ចេញ​នៅ​ឆ្នាំ​២០១៥​ក៏​ដោយ ក៏​ប្រទេស​កម្ពុជា​បាន​បញ្ជូន​អង្ករ​តែ​៥៣៨.៣៩៦​តោន​ប៉ុណ្ណោះ​ទៅ​ក្រៅ​ប្រទេស។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា “ប្រទេស​នានា​ក្នុង​តំបន់​និង​ពិភព​លោក​ក៏​ជា​ប្រទេស​ផលិត​ស្រូវ​អង្ករ​ដូច​ប្រទេស​កម្ពុជា​ដែរ ជា​ពិសេស​បណ្ដា​ប្រទេស​ទន្លេ​មេគង្គ ដូចជា​ប្រទេស​វៀតណាម ថៃ ឡាវ និង​ប្រទេស​មីយ៉ាន់ម៉ា ដែល​នាំ​ដល់​ការ​ធ្លាក់​ចុះ​ស្រូវ​អង្ករ​ក្នុង​ទីផ្សារ​ពិភពលោក”។ លោក ហ៊ុន សែន បាន​បន្ថែម​ថា លោក​ជឿ​ថា បញ្ហា​ប្រកួត​ប្រជែង​ជា​បញ្ហា​តែ​មួយ​គត់​ចំពោះ​បណ្តា​ប្រទេស​ក្រីក្រ​នៅ​លើ​ពិភព​លោក។

លោក​បាន​មាន​ប្រសាសន៍​ថា “បញ្ហា​សំខាន់​នៅ​ទីនេះ ប្រទេស​កំពុង​អភិវឌ្ឍន៍​ទាំងអស់​កំពុង​ប្រកួត​ប្រជែង​គ្នា​ឯង។ យើង​អាច​និយាយ​បាន​ថា ឧទាហរណ៍ ក្រុមហ៊ុន​យន្តហោះ អែរបឺស​ជា​អឺរ៉ុប ហើយ​ប៊ូអុីង​ជា​អាមេរិក គ្មាន​នរណា​ផ្សេង​ប្រកួត​ប្រជែង​ទេ”។

លោក ហ៊ុន សែន ក៏​បាន​ប្រាប់​ភ្ញៀវ​នៅ​សាល​ធំ​សណ្ឋាគារ​ថា អ្នក​ដើរតួ​ជាច្រើន​ក្នុង​វិស័យ​ស្រូវ​អង្ករ​នេះ ចាំបាច់​ត្រូវ​ដឹង​អំពី​ចំណង់​ចំណូល​ចិត្ត​ក្នុង​តំបន់ ដើម្បី​ចៀសវាង “ការ​មាន​ទីផ្សារ ប៉ុន្តែ មិន​មាន​ប្រភេទ​អង្ករ​ត្រឹមត្រូវ​ដើម្បី​ផ្គត់ផ្គង់​តម្រូវ​ការ”។

លោក​បាន​មាន​ប្រសាសន៍​ថា “អណ្តាត​របស់​មនុស្ស​មិន​ដូច​គ្នា​ទេ”។

cam-photo-rice-channaលោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​អាច​ទទួល​ទាន​បាយ​ឥណ្ឌា​បាន​ទេ។ នៅ​ពេល​ខ្ញុំ​ទៅ​ប្រទេស​ឥណ្ឌា គេ​ឲ្យ​បាយ​ឥណ្ឌា​ខ្ញុំ​ទទួល​ទាន។ ពិបាក​ទទួល​ទាន​ណាស់។ ប្រសិន​បើ​គេ​សួរ តើ​ឆ្ងាញ់​អត់? យើង​ប្រាកដជា​ឆ្លើយ​ថា ‘ឆ្ងាញ់’ គ្រាន់តែ​ជា​ការ​គួរសម​ប៉ុណ្ណោះ”។ លោក​បាន​បន្ថែម​ថា លោក​ចូលចិត្ត​បាយ​ខ្មែរ និង​បាយ​ផ្សេង​ទៀត​ក្នុង​តំបន់។ លោក​នាយករដ្ឋមន្ត្រី​ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា ចាំបាច់​ត្រូវ​មាន​ការ​វិនិយោគ​បន្ថែម​ទៀត​ក្នុង​វិស័យ​ផលិត​និង​កិន​ស្រូវ​អង្ករ​របស់​ប្រទេស​កម្ពុជា។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​មាន​ការ​ខ្វះខាត​ឃ្លាំង រោង​ម៉ាស៊ីន​កិន​ស្រូវ ដើមទុន។ល។” លោក​បាន​បន្ថែម​ថា បច្ចេកវិទ្យា​ស្រោចស្រព​ទឹក​ស្រែ​ទំនើប និង​ការ​ប្រើ​ប្រភេទ​ពូជ​មិន​ប្រកាន់​រដូវ​ក៏​ចាំបាច់​ត្រូវ​ជំរុញ​ដែរ។

លោក ហ៊ុន ឡាក់ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ឧស្សាហកម្ម​នេះ​ប្រកាន់​ខ្ជាប់​នូវ​គោល​ដៅ​១លាន​តោន​សម្រាប់​ឆ្នាំ​២០១៦។

លោក អៀង ហ៊ាង ម្ចាស់​រោង​ម៉ាស៊ីន​កិនស្រូវ អៀង ហ៊ាង នៅ​ក្រុង​បាត់ដំបង បាន​មាន​ប្រសាសន៍​ថា ការ​ខ្វះ​មធ្យោបាយ​ក្នុង​ការ​ទទួល​បាន​ការ​ផ្គត់ផ្គង់​អគ្គិសនី​គ្រប់​គ្រាន់ គឺ​ជា​ការ​បន្ទច់​បង្អាក់​ចង្វាក់​ផលិតកម្ម។

លោក ហ៊ាង បាន​និយាយ​ថា “យើង​គ្មាន​អគ្គិសនី​រដ្ឋ”។ លោក​បាន​លើក​ឡើង​ថា រោង​កិនស្រូវ​របស់​លោក​ត្រូវ​បង្ខំ​ចិត្ត​បញ្ឆេះ​ម៉ាស៊ីន​ភ្លើង ព្រោះ​ក្រុមហ៊ុន​អគ្គិសនី​រដ្ឋ​មិន​ទាន់​បាន​ភ្ជាប់​បណ្តាញ​ឲ្យ​ទេ។

លោក​បាន​បន្ត​ទៀត​ថា “ប្រសិនបើ​យើង​មិន​ជួយ​ពួកគេ​ដើម្បី​ទិញ​ឧបករណ៍ [ត្រង់ស្វមម៉ាទ័រ] ពួកគេ​មិន​ដំឡើង​និង​ផ្គត់ផ្គង់​អគ្គិសនី​ឲ្យ​យើង​ទេ”។

“ដូច្នេះ យើង​ចង់ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​នេះ​ជាមុន​សិន ប្រសិន​បើ​យើង​ចង់​នាំ​ចេញ​១លាន​តោន​ក្នុង​មួយ​ឆ្នាំ​នោះ”៕ និត

 

The post លោក ហ៊ុន សែន សោក​ស្តាយ​នឹង​ផល​ប៉ះពាល់​ពី​ការ​ប្រកួត​ប្រជែង​បរទេស​ក្នុង​វិស័យ​ស្រូវ​អង្ករ appeared first on ខេមបូឌា ដេលី.