ម៉ាឡេស៊ី៖ បំណែកយន្តហោះ រកឃើញនៅថៃ មិនមែនជាផ្នែកនៃ MH370 នោះទេ

គូឡាឡាំពួរ៖ លោករដ្ឋមន្ត្រីក្រសួង ដឹកជញ្ជូនរបស់ម៉ាឡេស៊ី Liow Tiong Lai បានថ្លែងនៅថ្ងៃ អង្គារ ទី២៦ ខែមករា ឆ្នាំ ២០១៦ នេះថា បំណែកមួយចំនួន របស់យន្តហោះ ដែលត្រូវបានរក ឃើញនៅតំបន់ឆ្នេរ របស់ប្រទេសថៃនោះ គឺមិនមែនជារបស់យន្តហោះ MH370 ដែលបាន បាត់ខ្លួន តាំងពីខែមីនា ឆ្នាំ ២០១៤ នោះឡើយ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា ការប្រកាសរបស់រដ្ឋមន្ត្រី ម៉ាឡេស៊ី ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីសារព័ត៌មានថៃ បានចេញផ្សាយព្រោងព្រាត ចំពោះអាជ្ញាធរ ដែនសមុទ្ររបស់ខ្លួន ដែលបានរកឃើញបំណែក មួយចំនួនរបស់យន្តហោះ ហើយមានការ លើកឡើងតៗគ្នាថា វាអាចជាបំណែក របស់ MH370 ដែលកំពុងបាត់ខ្លួននោះហើយ។

យ៉ាងណាក៏ដោយ ក្រុមអ្នករុករកអូស្ត្រាលី បានរកឃើញបំណែកយន្តហោះមួយចំនួន ដែល គេអះអាងថាជារបស់ MH370 ម្តងរួចមកហើយ កាលពីពាក់កណ្តាលឆ្នាំ ២០១៥ ស្ថិតនៅ លើកោះមួយរបស់បារាំង ស្ថិតនៅក្នុង មហាសមុទ្រឥណ្ឌា ក្បែរទ្វីបអាហ្វ្រិក ដែលវាត្រូវគ្នាទៅ នឹងការវិភាគ របស់ក្រុមអ្នករុករក អំពីទីតាំងដែលយន្ត ហោះបានបាត់ខ្លួននោះ៕

ម៉ាឡេស៊ី៖ បំណែកយន្តហោះ រកឃើញនៅថៃ មិនមែនជាផ្នែកនៃ MH370 នោះទេ