ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ក្រុង​ប៉ោយ​ប៉ែ​ត ៖ តាម​ប្រភព​ព័ត៌មាន​ពី​ក្រុង​ប៉ោយ​ប៉ែ​ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា មន្ត្រី​យោធា​ផ្នែក​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​ម្នាក់ គឺ​លោក​វរសេនីយ៍ទោ ជុំ សា​រ៉េ​ត (​ហៅ​ហេង​) មាន​ឋានៈ​ជា​នាយ​រង​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ប៉ោយ​ប៉ែ​ត​បាន​រង​ការ​រិះគន់​ថា លួច​បើក​ល្បែងស៊ីសង​ខុសច្បាប់​ប្រភេទ (​ហ្គេ​ម​បាញ់​ត្រី​) ផ្គើន​ទៅ​នឹង​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ធ្លាប់​ប្រកាសប្រាប់​ដល់​ស្ថាប័ន​កងកម្លាំង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ឲ្យ​ដកខ្លួន​ចេញ​ជា​បន្ទាន់​ពី​ការ​លង់ខ្លួន​ជាមួយនឹង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ។

សេចក្តីរាយការណ៍​បន្ត​ថា នៅ​តំបន់​ប៉ោយ​ប៉ែ​ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ គេ​សង្កេត​ឃើញ​មាន​បទល្មើស​បន​ល្បែងស៊ីសង​ខុសច្បាប់​កើត​មាន​ស្ទើរតែ​គ្រប់​ប្រភេទ​នោះ ភាគច្រើន គឺ​សុទ្ធតែ​សមត្ថកិច្ច​មានយស​ស័ក្តិ​ខ្ពស់ និង​មាន​អំណាច​ជា​អ្នក​បើក​។

ជាក់ស្តែង​មាន​ទីតាំង​បន​ល្បែង (​បាញ់​ត្រី​) មួយ​កន្លែង​បង្កប់​ក្នុង​ហាង (​យីហោ​អាហារ​ឆ្ងាញ់ ! ឆ្ងាញ់ ! )​នៅ​ផ្សារ​រាត្រី ជាប់​ពី​ខាងកើត​កា​រ៉ា​ស់​សាំង​កាល់​តិច ស្ថិត​ក្នុងភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ដែល​គេ​ដឹង​ថា ជា​របស់​លោក​វរសេនីយ៍ទោ ជុំ សា​រ៉េ​ត (​ហៅ​ហេង​) ជា​នាយ​រង​ប៉ុស្តិ៍​អន្តោប្រវេសន៍​ច្រក​ប៉ោយ​ប៉ែ​ត បាន​កំពុង​បើក​លេង​ដោយ​សេរី​យ៉ាង​រលូន​២៤​លើ​២៤​ម៉ោង ដោយ​គ្មាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជំនាញ​ណាមួយ​ហ៊ាន​ចាត់វិធានការ​ណ៍​បង្ក្រាប​ឡើយ គឺ​ដោយសារ​តែ​ខ្លាច​អំណាច​អស់លោក​ជា​អ្នកធំ និង​មាន​អំណាច​។

សូម​បញ្ជាក់​ថា ខណៈ​ពេល​នេះ​ទីតាំង​ហ្គេ​ម​បាញ់​ត្រី​មួយ​កន្លែង​ជា​របស់​លោកនាយ​រង​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​រូប​នោះ​ត្រូវ​បាន​បក​ស្លាក​យីហោ អាហារ​ឆ្ងាញ់​! ឆ្ងាញ់​! ចេញ​ហើយ គឺ​នៅ​សល់​តែ​ល្បែង​ហ្គេ​ម​បាញ់​ត្រី​នៅ​ខាងក្នុង​តែ​ប៉ុណ្ណោះ ។ លោក​វរសេនីយ៍ទោ ជុំ សា​រ៉េ​ត (​ហៅ​ហេង​) នាយ​រង​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ប៉ោយ​ប៉ែ​ត ដែល​រង​ការ​រិះគន់​ថា លួច​បើក​បន​ល្បែង​ខាងលើ​នេះ មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ មក​រា នេះ ដោយ​ទូរស័ព្ទ​ចុច​មិន​ចូល ។

គួរ​កត់​សម្គាល់ថា ក្រៅពី​បន​ល្បែង​មួយ​កន្លែង​នេះ គេ​សង្កេត​ឃើញ​មាន​បន​ល្បែងភ្នាល់​បាល់​ជា​ច្រើន​កន្លែង​ទៀត​រីក​ដូច​ផ្សិត​ត្រូវ​ទឹកភ្លៀង​កើត​មាន​យ៉ាង​គគ្រឹកគគ្រេង ដូច​ជា ទីតាំង​ទី​១-​យីហោ ៩៩net ខាងត្បូង​ផ្សារ​ត្រី ២-​យីហោ EN JOY ៧៨៩ net ជាប់​ហាង​នំ​បុ័ង ផ្លូវ​ដើម​ពុទ្រា​, ៣-​យីហោ LUCKY៩៩៩ តែ​ពេល​នេះ​ត្រូវ​គេ​បក​ស្លាក​ចេញ​នៅ​សល់​តែ​ទីតាំង​បើក​ល្បែង​ខាងក្នុង​ដដែល​នៅ​ពី​ខាងត្បូង​បា​រ៉ា​ស់​នគរបាល​អន្តោប្រវេសន៍​ផ្លូវ​ច្រក​ដើម​ពុទ្រា​ចម្ងាយ​៥០​ម៉ែត្រ និង​៤-​នៅផ្ទះ​ជួល​របស់​លោក​ទ្រី ជា​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​នៅ​ប្លុក​ផ្កាយ​3 ។ ដោយឡែក​ចំណែក​ឆ្នោត (​កន្ទុយលេខ​) វិញ ត្រូវ​បាន​គេ​បើក​លេង​ជា​ចំហរ​តែ​ម្តង ពួក​គេ​ជា​មេបន​បាន​ពង្រា​ឲ្យ​កូនកញ្ច្រែង​ដាក់​តុ តាំ​លក់​តាម​ផ្ទះ និង​តាម​ទីផ្សារ​មួយ​ចំនួន​របៀប​អនាធិបតេយ្យ​តែ​ម្តង ។

ប្រភព​បង្ហើប​ឲ្យ​ដឹង​ថា បន​ល្បែងស៊ីសង​ខុសច្បាប់​ដែល​ដាក់​ទីតាំង ដូច​ជា ភ្នាល់​បាល់ និង​បាញ់​ត្រី ក្នុង​មួយ​កន្លែង​ត្រូវ​គេ​សង្ស័យ​ថា មានការ​បង់ប្រាក់​ដាក់​ខែ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ដែល​ឈរជើង​នៅ​ក្នុង​មូលដ្ឋាន​ប្រមាណ​រាប់រយ រហូត​ដល់​មួយ​ពាន់​ដុល្លារ​ឯណោះ​ក្នុង​១​ខែ ទើប​អាច​បើក​លេង​យ៉ាង​រលូន​បែប​នេះ​បាន​តែ​ម្តង​។