ស្តែងណាស់! អ្នកទោស រាប់សិបនាក់ ផ្លោះរបង រត់ចេញពីគុក នៅប្រេស៊ីល (មានវីដេអូ)

ប្រេស៊ីល៖ វីដេអូស្តែងមួយ ដែលបង្ហាញពីអ្នកទោសជាង ៤០នាក់ ក្នុងគុកមួយកន្លែង នៅប្រទេសប្រេស៊ីល  ផ្លោះរបង និងរត់ចេញពីគុក។

តាមរយៈឃ្លីបវីដេអូមួយ ថតដោយកាមេរ៉ាសុវត្ថិភាព នៅគុក Frei Damiao de Bozanno ជាយទីក្រុង Recife ក្នុងរដ្ឋ Pernambuco នៅភាគឦសានប្រទេសប្រេស៊ីល បង្ហាញនូវទិដ្ឋភាព អ្នកទោសរាប់សិបនាក់ នាំគ្នាផ្លោះរបងគុក រត់ចេញមកខាងក្រៅ ដោយអ្នកខ្លះទៀត បានរត់ទៅផ្លូវ ដែលមានផ្ទះប្រជាជននៅក្បែរនោះដើម្បីលាក់ខ្លួន។ បន្តិចក្រោយមក ស្រាប់តែអ្នកទោសមួយចំនួន បានបកក្រោយ ហើយរត់ទៅក្នុងគុកនោះវិញ ដោយមិនបានដឹងពីមូលហេតុអ្វី បានជាពួកគេប្តូរគំនិតនោះទេ។

យ៉ាងណាមិញ ក្នុងចំណោមអ្នកទោស ៤០នាក់ ដែលបានផ្លោះរបងរត់នោះមានតែម្នាក់ទេ ដែលរត់រួច ដោយ ៣៦នាក់ទៀត ត្រូវបានចាប់ខ្លួនដោយប៉ូលិស ហើយ២នាក់ទៀត បានស្លាប់ និងម្នាក់ទៀត រងរបួស ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ សឹងមិនគួរឲ្យជឿ នេះគឺជាករណីទីពីរ ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ បន្ទាប់ពីអ្នកទោស ៥៣នាក់ បានរត់គេចខ្លួន តែត្រូវប៉ូលិសចាប់ខ្លួនបាន ១៣នាក់មកវិញ ពីពន្ធនាគារមួយផ្សេងទៀត នៅជាយក្រុង នេះដែរ។

គួរបញ្ជាក់ឲ្យដឹងដែរថា គុកនៅរដ្ឋ Pernambuco គឺជាគុកធំជាងគេបង្អស់ នៅប្រទេសប្រេស៊ីល។ បើតាមការសិក្សាមួយ ដោយអង្គការឃ្លាំមើលសិទ្ធិមនុស្ស ឆ្នាំ ២០១៥ បានឲ្យដឹងថា គុកនេះរចនាឡើងសម្រាប់ ដាក់អ្នកទោសបាន ១០,៥០០នាក់ ហើយអាចឡើងដល់ ៣២,០០០នាក់ផងដែរ។ ចំណែកប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ការដែលអាចលួចរត់ចេញទៅបានដូច្នេះ ដោយសារតែកង្វះខាតបុគ្គលិក ក្នុងការមើលខុសត្រូវ ៕

តោះ! ចង់ដឹងយ៉ាងណានោះ សូមទស្សនាឃ្លីបវីដេអូ និងរូបភាពខាងក្រោមនេះទាំងអស់គ្នា៖

ស្តែងណាស់! អ្នកទោស រាប់សិបនាក់ ផ្លោះរបង រត់ចេញពីគុក នៅប្រេស៊ីល (មានវីដេអូ)
ស្តែងណាស់! អ្នកទោស រាប់សិបនាក់ ផ្លោះរបង រត់ចេញពីគុក នៅប្រេស៊ីល (មានវីដេអូ)
ស្តែងណាស់! អ្នកទោស រាប់សិបនាក់ ផ្លោះរបង រត់ចេញពីគុក នៅប្រេស៊ីល (មានវីដេអូ)

ប្រភព៖

ដោយ ឌី

ខ្មែរឡូត   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត