ព័ត៌​មានកីឡា &raquo កីឡាជាតិ

រាជធានី​ភ្នំពេញ ៖ ក្រោយ​បញ្ចប់​ការ​វះកាត់ កីឡាករ​ឡៅ ស៊ី​ណាត បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ ជាមួយនឹង​ឱកាស​ទទួល​បាន​ជំនួយ​យ៉ាងច្រើន​លើសលប់ ដែល​អាច​និយាយ​ថា​មិន​ចាញ់​កីឡាករ​វ៉​ន វី​វ៉ា ឬ​កីឡាករ​ផ្សេង​ទៀត ដែល​រងគ្រោះថ្នាក់​ដូច​គ្នា​នៅ​លើ​សង្វៀន​របស់​ទូរទស្សន៍​បាយ័ន ។ យ៉ាងណា​ក៏​ដោយ កីឡាករ​រូប​នេះ​បាន​បញ្ជាក់​ថា មិន​បន្ត​អាជីព​ប្រដាល់​ទៀត​ទេ បើ​ទោះជា​អាច​ជា​ជើង​ដែល​បាក់​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ក្រោយ​នោះ​ក៏​ដោយ ។

យោង​តាម​ប្រភព​ច្បាស់​ការណ៍​បាន​អះអាង​ថា កីឡាករ​ឡៅ ស៊ី​ណាត ទទួល​បាន​ជំនួយ​មិន​ក្រោម​៧​ពាន់​ដុល្លារ​នោះ​ទេ​មុន​ពេល​ដែល​គេ​ចាក​ចេញពី​មន្ទីរពេទ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ ការ​ទទួល​បាន​ជំនួយ​ច្រើន​គួរសម​បែប​នេះ គឺ​ដោយសារ​តែ​លោក​ជា​កីឡាករ​លំដាប់​ប្រទេស​ម្នាក់​ដែល​មាន​ប្រជាប្រិយភាព​នៅ​លើ​សង្វៀន ហើយ​មាន​មន្ត្រី​ជាន់​ខ្ពស់​ដែល​គាំទ្រ​វិស័យ​ប្រដាល់​ភាគច្រើន​ស្រឡាញ់​ពេញចិត្ត​។ យ៉ាងណា​ក៏​ដោយ កីឡាករ​រូប​នេះ​ហាក់​មិន​ហ៊ាន​បញ្ជាក់​ពី​ចំនួន​ប្រាក់​ពិតប្រាកដ​ដែល​ទទួល​បាន​នោះ​ទេ ដោយសារ​អ្នក​ជួយ​ខ្លះ​គេ​សុំ​មិន​ឲ្យ​ប្រកាស ។ ក្នុង​បទ​សម្ភាសន៍​ជាមួយ​កោះសន្ដិភាព​ជា​ថ្មី​លោក​និយាយ​ថា​៖ «​ជំនួយ​ហ្នឹង​ខ្ញុំ​បាន​ច្រើន​ដែរ​បង ប៉ុន្តែ​ខ្ញុំ​មិន​អាច​សរុប​បាន​ទេ ដោយសារ​តែ​ជំនួយ​ទាំងនោះ គឺ​បងប្អូន​យើង​ឲ្យ​តិច​ម្នាក់​ៗ​ដែល​ពិបាក​បូក​សរុប​!» ។

លោក​ទទួលស្គាល់​ថា ក្នុង​ចំណោម​ជំនួយ​ដែល​ត្រូវ​គេ​អះអាង​មាន​រហូត​ដល់​ខ្ទង់​ច្រើន​ពាន់​ដុល្លារ​នោះ​មាន​ម្ចាស់​ជំនួយ​ធំ​ៗ​ក្នុង​នោះ​ផង​ដែរ ក្នុង​ពេល​ដែល​ថ្លៃ​ពេទ្យ​ទាំងស្រុង​ក៏​ត្រូវ​ស្ថាប័ន​ទូរទស្សន៍​បាយ័ន​ជា​អ្នករ៉ាប់រង ។ លោក​អះអាង​ថា របួស​ជើង​លើក​នេះ​មិន​ធ្វើ​ឲ្យ​លោក​ស្ដាយក្រោយ​នឹង​ការ​លះបង់​នោះ​ទេ បន្ទាប់​ពី​ឃើញ​ការ​យកចិត្តទុកដាក់​ពី​សំណាក់​មន្ត្រីជាន់ខ្ពស់ និង​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើ​ឲ្យ​លោក​បាន​ស្គាល់​លុយ​ពាន់ (​ដុល្លារ​)​ក្នុង​ពេល​បាក់ជើង ។ លោក​និយាយ​ថា ៖«​មិនមែន​ថា​ខ្ញុំ​ចង់​អ៊ីចឹង​ទេ ប៉ុន្តែ​ធ្វើ​ម៉េច​បើ​បាក់ជើង​រួច​បាត់​ហើយ ហើយ​បាន​បងប្អូន​យើង​គាត់​អាណិត​ស្រឡាញ់​ប៉ុន​ហ្នឹង​ខ្ញុំ​អស់ចិត្ត​ហើយ​!» ។ លោក​ថា ជំនួយ​ទាំងនោះ​នឹង​យក​ទៅ​ប្រើ​ក្នុង​គម្រោង​ចិញ្ចឹមជីវិត​ប៉ុន្តែ​មិន​ទាន់​ប្រាកដ​ថា​នឹង​ធ្វើ​អ្វី​នៅឡើយ​ទេ​ក្នុង​ពេល​ដែល​ភរិយា​របស់​លោក​ក៏​ទើបតែ​កូនខ្ចី​៣​ខែ ហើយ​លោក​ក៏​បាក់ជើង​មិន​អាច​ធ្វើ​អ្វី​កើត​បែប​នេះ ។ លោក​បញ្ជាក់​យ៉ាង​មុតមាំ​ថា អាជីព​ប្រដាល់​នឹង​ឈប់​ទាំងស្រុង​ហើយ បើ​ទោះជា​ស្ថានភាព​ជើង​របស់​លោក​នឹង​អាច​ជា​ដាច់​នៅ​ក្នុង​ពេល​ខាង​មុខ​។ លោក​និយាយ​ថា​៖«​ប្រដាល់​ខ្ញុំ​ឈប់​ហើយ​បងអត់​ធ្វើ​ទៀត​ទេ ម្យ៉ាង​ខ្ញុំ​ចាស់​ហើយ បើ​ទោះជា​ជើង​ក៏​មិនដឹង​ឡើង​វ៉ៃ​យ៉ាងម៉េច​កើត​នោះ​ដែរ ទើប​សម្រេច​ថា​ឈប់​តែ​ម្ដង​ទៅ​!» ។

លោក​បញ្ជាក់​បែប​លេងសើច​ថា ប្រហែលជា​ដល់​វេលា​ដែល​ត្រូវ​បង្ខំ​ឲ្យ​លោក​ដើរ​ចេញពី​ការ​ប្រដាល់​ហើយ ទើប​ការ​ប្រកួត​ចុង​ក្រោយ​ដែល​បាន​ធ្វើ​ឡើង​នៅ​លើ​សង្វៀន​ទូរទស្សន៍​បាយ័ន បាន​បណ្ដាល​ឲ្យ​លោក​បាក់ឆ្អឹង​ជើង ហើយ​ស្ថិត​ក្នុង​ស្ថានភាព​ពិការ ។ លោក​ថា ការ​ប្រកួត​កន្លង​មក លោក​ធ្លាប់​ជួប​គូប្រកួត​ខ្លាំង​ៗ​ជាង​ហ្នឹង​ឆ្ងាយ​ណាស់ ប៉ុន្តែ​មិន​ដែល​មាន​គ្រោះថ្នាក់​ដល់​កម្រិត​ហ្នឹង​ឡើយ ទើប​ចាត់​ទុក​ថា​គ្រោះថ្នាក់​ដែល​លោក​ទទួល​នេះ គឺជា​រឿង​ល្អ​ផង និង​អាក្រក់​ផង ។

លោក​និយាយ​ថា​៖«​បាក់ជើង​អ៊ីចឹង​វា​បាត់​អាជីព​មែន ប៉ុន្តែ​គិត​ៗ​ទៅ​ល្អ​ដែរ​តើ ព្រោះ​បើ​កុំ​តែ​អ៊ីចឹង​ខ្ញុំ​អត់​បាន​ឈប់​ទេ ហើយ​ក៏​អត់​ដឹង​ថា​ពេល​ខ្ញុំ​គ្រោះថ្នាក់​តើ​មាន​បងប្អូន​យើង​ប៉ុន្មាន​នាក់​គាត់​អាណិតអាសូរ​ខ្ញុំ​នោះ​ដែរ​!» ។ លោក​ថា ជំនួយ​ដែល​លោក​ទទួល​បាន​គឺ​អាច​រ៉ាប់រង​សម្រាប់​គម្រោង​នៅ​ក្នុង​ជីវិត​បាន​មួយ​រយៈពេល​វែង​ដែរ បើ​ទោះជា​ថវិកា​ទាំងនោះ​មិន​ដល់​ថ្នាក់​រាប់​ម៉ឺន​ដុល្លារ​ដែល​អាច​ចិញ្ចឹម​ខ្លួន​បាន​យូរ ។ លោក​និយាយ​ថា​៖«​ជំនួយ​ប៉ុន​ហ្នឹង​ខ្ញុំ​អស់ចិត្ត​ហើយ ម្យ៉ាង​ខ្ញុំ​ក៏​មានការ​ងារ​ជា​កងទ័ព​នៅ​អង្គភាព​ទ័ព​ពិសេស​ឆត្រយោង​៩១១​ដែរ អ៊ីចឹង​ខ្ញុំ​គិត​ថា​មិន​អី​ទេ ចាំ​ដល់​ពេល​ខ្ញុំ​ជា​ជើង ឬ​ប្រពន្ធ​ខ្ញុំ​គាត់​ធ្វើ​អី​កើត​ចាំ​គិត​ទៀត​ក៏​មិន​អី​ដែរ​!» ។

លោក​ថា មិន​ស្ដាយ​អាជីព​ប្រដាល់​ទេ បើ​ទោះជា​អាជីព​នេះ​ធ្លាប់​ជួយ​ឲ្យ​លោក​ល្បី​នៅ​ក្នុង​ពិភព​ប្រដាល់ និង​ជួយ​ឲ្យ​លោក​បាន​ទទួល​ជំនួយ​រាប់​ពាន់​ដុល្លារ​នៅ​ក្នុងអំឡុងពេល​គ្រោះថ្នាក់​នេះ ។ លោក​បញ្ជាក់​ថា ប្រដាល់​រហូត​មក​ដល់​ពេល​នេះ គឺ​គ្រប់គ្រាន់​សម្រាប់​ខ្លួន​ហើយ អ៊ីចឹង​មិន​មាន​ហេតុផល​ណាមួយ​ដែល​ធ្វើ​ឲ្យ​លោក​សោកស្ដាយ និង​ចង់​បន្ត​អាជីព​ទៀត​នោះ​ទេ ។ យ៉ាងណា​ក៏​ដោយ លោក​បាន​ទទួលស្គាល់​ថា អាជីព​ប្រដាល់​គឺជា​មុខរបរ​ចម្បង​មួយ​ដែល​ជួយ​ឲ្យ​លោក​បាន​ស្គាល់​ជីវិត​រស់នៅ​សមរម្យ​ក្នុង​ការ​ចិញ្ចឹម​ប្រពន្ធ និង​កូន​២​នាក់​នា​ពេល​កន្លង​មក ។

លោក​បញ្ជាក់​ថា ការ​ផ្ដាច់ខ្លួន​ពី​ការ​ប្រដាល់​គឺ​ធ្វើ​ឲ្យ​លោក​បាត់បង់​ឱកាស​ឡើង​ប្រកួត​រក​ប្រាក់​ជា​ប្រចាំ ប៉ុន្តែ​ក៏​គ្រាន់បើ​ជាង​បន្ត​ការ​ប្រកួត​ដោយ​មិន​គិត​ពី​អាយុ និង​សុខភាព​នោះ​ដែរ ។ លោក​និយាយ​ថា​៖«​ធម្មតា​ធ្លាប់​ឡើង​ប្រដាល់​បាន​លុយ​បើ​ឈប់​គឺ​ពិបាក​បន្តិច​មែន ប៉ុន្តែ​មិន​អី​ទេ ព្រោះ​ខ្ញុំ​ឥឡូវ​ក៏​មិន​ស្រួល​ដូច​មុន​ដែរ ដោយសារ​វ័យ​ខ្ញុំ​មិនសូវ​អំណោយផល អ៊ីចឹង​ឈប់​ក៏​ល្អ​ដែរ គិតរ​កអី​ផ្សេង​មិន​ពិបាក​ទេ​!» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា មូលហេតុ​ដែល​នាំ​ឲ្យ​លោក​បាក់ជើង គឺ​បណ្ដាល​មក​ពី​លោក​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Yodsiam Sopasok កាលពី​ថ្ងៃអាទិត្យ​ទី​១៧ មក​រា នៅ​លើ​សង្វៀន​ទូរទស្សន៍​បាយ័ន ។ ពេល​នោះ​លោក​ទាត់​ពេញទំហឹង​ហើយ​ត្រូវ​កីឡាករ​ថៃ​យក​ស្មងជើង​ទាត់​កាត់​ទើប​បណ្ដាល​ឲ្យ​ឆ្អឹង​ជើង​របស់​លោក​បែក​ស្រាំ​ឈាន​ដល់​ការ​បាក់​ផ្នែក​ខាងក្នុង​តែ​ម្ដង​។ លោក​ត្រូវ​បាន​បញ្ជូន​ទៅ​វះកាត់​នៅ​ក្នុង​មន្ទីរពេទ្យ​រុ​ស្សុ​ី ឬ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ដោយ​មុន​មានការ​ប្រកាស​ជា​ចំហ​នៅ​លើ​បណ្ដាញ​សារព័ត៌មាន គឺ​មិន​មាន​ជំនួយ​ធំដុំ​ជួយ​ដល់​លោក​នោះ​ទេ ។​រហូត​ទាល់តែ​មានការ​ចុះ​ផ្សាយ​ឲ្យ​មានការ​ដឹង​ឮ​ព្រោងព្រាត​ដោយ​មានការ​ប្រកាស​លេខ​ទូរស័ព្ទ​របស់​លោក​នៅ​លើ​សារព័ត៌មាន​កោះសន្ដិភាព​ផង ទើប​គេ​ឃើញ​សប្បុរសជន​ជា​បន្តបន្ទាប់​បាន​យក​ជំនួយ​ទៅ​ផ្ដល់​ឲ្យ​កីឡាករ​រូប​នេះ ជា​ការ​លើកទឹកចិត្ត ។ ជំនួយ​ទាំងនេះ បើ​ទោះ​មិន​ត្រូវ​បាន​ទម្លាយ​ដោយ​សាមីខ្លួន​ដោយសារ​តែ​ហេតុផល​មិន​ចង់​ឲ្យ​កីឡាករ​ផ្សេង​ទៀត​ដែល​ទទួល​ការ​ឧបត្ថម្ភ​តិច​ជាង​នេះ​អន់ចិត្ត ក៏​មានការ​បញ្ជាក់​ថា​មិន​តិច​ពាន់​ដុល្លារ​នោះ​ដែរ។ អ៊ីចឹង​ហើយ​ទើប​ធ្វើ​ឲ្យ​កីឡាករ​ឡៅ ស៊ី​ណាត ប្រកាស​ឈប់​ប្រដាល់​ដោយ​អស់ចិត្ត ៕