ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖​ នៅក្នុងសន្និសីទកាសែត​ដែលទើបបិទបញ្ចប់នៅប៉ុន្មាននាទីមុននេះ ​លោករដ្ឋមន្រ្តីការបរទេសអាមេរិក ​ចន ឃេរី ​បានកើត​សរសើរដល់ការអភិវឌ្ឍ​រីក​ចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ​និងថាលោកមកកម្ពុជា ​ដើម្បីបន្តពង្រឹង​ទំនាក់ទំនងទ្វេភាគី​ក៍ដូចជាក្នុងតំបន់អាស៊ាន ​។

ជាមួយគ្នានេះ​ដែរនៅក្នុង​ជំនួបជាមួយ​សម្តេច​តេជោ ​ហ៊ុន សែន និង លោក កឹម សុខា ​លោកក៍បានលើកឡើងអំពីការ​បោះឆ្នោតនៅកម្ពុជានាពេលខាងមុខ ​ធ្វើយ៉ាងណា​ឲ្យ​ដើរតាមគន្លង​ប្រជាធិបតេយ្យពិតបា្រកដ ។

ដោយឡែកបើ​តាមបណ្តាញទំនាក់ទំនងសង្គម​ (Facebook) Page​ ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ​ដែលបង្ហោះនៅប៉ុន្មាននាទីមុននេះ​​ដែរក៍បានលើកឡើងអំពី​លទ្ឋលនៃជំនួបរវាង​សម្តេចតេជោនាយករដ្ឋមន្រ្តីនិង​លោកប្រមុខការទូតអាមេរិក​ ចន ឃេរី ដែរថា ​លោក John Kerry បានជំរាបជូនសម្ដេចតេជោ ​ អំពីការរីកចម្រើន​យ៉ាង​ខ្លាំងរបស់កម្ពុជា ជាពិសេសរាជធានី​ភ្នំពេញមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ​ជាមួយនឹងការីកចម្រើននេះ ​ លោក John Kerry បានលើកឡើងថា ​កម្ពុជាមានសក្តានុពល និងឱកាសយ៉ាងច្រើន ​សម្រាប់វិនិយោគិនអាមេរិកមកវិនិយោគនៅកម្ពុជា ​។ លោក Kerry ​បានអរគុណដល់រាជ​រដ្ឋាភិបាល​​កម្ពុជាដែលបានបញ្ជូនកងកកម្លាំងរក្សាសន្តិភាព​អង្គការសហប្រជាជាតិ (UN) ​ទៅកាន់បណ្តាប្រទេសផ្សេងៗដើម្បីចូលរួមថែរ​ក្សាសន្តិភាពពិភពលោក ​។ កម្ពុជា ជាប្រទេសតូចមែនពិត ​តែការចូលរួមចំណែកខាងលើនេះ ពិតជាមានសារៈសំខាន់ណាស់​ដល់ឥស្សរភាពនិងសន្តិភាពពិភពលោក​ ។ លោក Kerry ក៏បានជម្រាបជូន ​សម្តេច​តេជោផងដែរថា​ លោកមកកាន់កម្ពុជានាពេលនេះគឺ​ដើម្បី​​រិត​ចំណងមិត្តភាព ​និងសហប្រតិបត្តិការរវាង​ប្រទេសទាំងពីរអោយកាន់តែល្អ ​ និងត្រៀមរៀបចំ​កិច្ចប្រជុំ​ពិសេស​ អាស៊ាន-អាមេរិក ​ដែលនឹងប្រព្រឹត្តទៅនៅពាក់​កណ្តាលខែ កុម្ភៈ ​ខាងមុខនេះ ​នៅរដ្ឋកាលីហ្វ័រញ៉ា ​ (California, US) ។

សម្តេចតេជោ ហ៊ុន សែន ​បានថ្លែងអំណរគុណដល់ លោក John Kerry​ និង រដ្ឋាភិបាលសហរដ្ឋអាមេរិក​ដែលបានប្រគល់មកវិញនូវវត្ថុបុរាណរបស់កម្ពុជា ​កាលពីពេល​កន្លងមក ហើយសម្តេច​ក៏បានស្នើសុំដល់អាមេរិក​ បន្តកិច្ចសហប្រតិបត្តិនេះជាបន្តទៀត​ដែលជាគំរូ​សម្រាប់ប្រទេសដទៃៗទៀត។ សម្តេចតេជោអរ​គុណសហរដ្ឋអាមេរិក​ដែលបានជួយជ្រោមជ្រែង​ដល់កម្ពុជានារយៈពេលកន្លងដែល​ជាការរួមចំណែកដល់ដំណើរការរីកចម្រើនរបស់កម្ពុជា។​ ទន្ទឹមនឹងនេះសម្តេចតេជោ​បានស្នើដល់​ភាគី​អាមេរិក រួមគ្នាជំរុញពាណិជ្ជកម្មវិនិយោគ​រវាងប្រទេសទាំងពីរឱ្យកាន់​តែរីកចំរើនថែមទៀត ។ ​ សម្តេចតេជោ ​បានសន្យាពង្រឹងទំនាក់ទំនង និងសហប្រតិបត្តិការ​ជាមួយដៃគូអាមរិក​ក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ​គ្រប់យ៉ាងដើម្បីសុខសន្តិភាព​នៃប្រទេសក្នុងតំបន់​ និងក្នុងពិភពលោក។

សម្តេចតេជោ ហ៊ុន សែន​ បានសុំឱ្យភាគីអាមេរិក​បន្តជួយដល់កម្ពុជាលើវិសសុខាភិបាល​ វិស័យអប់រំ ការដោះមីន ​និងជួយសម្រួលឱ្យកម្ពុជា​នាំផលិតផលចេញទៅអាមេរិក​ដោយគ្មានកូតា ​ និងមិនគិតពន្ឋជាដើម​ ដែលកម្ពុជាធ្លាប់​បានទទួលពីមុន (MFN) ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងដែរថា ​បន្ទាប់ពីបិទបញ្ចប់សន្និសីទ​កាសែតនៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ​វេលាម៉ោង៣រសៀលនេះ ​លោក ចន ឃេរី បានធ្វើដំណើរតាម​រថយន្តពិសេសឆ្ពោះទៅស្ថានទូតអាមេរិកប្រចំាកម្ពុជា ​មុននឹងបន្តឡើងយន្តហោះឆ្ពោះ​ទៅទីក្រុងប៉េកំាងនៅរសៀលថ្ងៃទី២៦​មករា ២០១៦ ៕