ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តកំពង់ឆ្នាំង ​៖ យុវជន​២​នាក់​ជិះ​ម៉ូតមួយ​គ្រឿង​ក្នុង​ល្បឿន​លឿន​ ត្រូវ​​​​​​​​រថយន្ត​ដឹក​ដី​បុក​បណ្តាល​ឱ្យ​ស្លាប់​ទាំង​២នាក់​នៅ​នឹង​កន្លែង​កើត​ហេតុ​ ​កាល​ពី​វេលា​ម៉ោង​៣​និង​​៥​នាទីរសៀល​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវបំបែក​ចូល​ព្រ​លាន​យន្តហោះ​តាម​បណ្តោយ​ផ្លូវជាតិលេខ​៥ ស្ថិត​ក្នុងភូមិ​ខ្វិត ឃុំ​ពង្រ ស្រុក​រលាប្អៀរ ​។

មន្ត្រី​​​នគរបាល​ស្រុក​រលាប្អៀរ​បានឱ្យ​​ដឹង​ថា​ ជន​រង​គ្រោះ​ទាំង​២​នាក់​ ​ម្នាក់​ ឈ្មោះ ឆែម ស្រៀ​ង ​អាយុ​២៤​ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក ​CBR ពណ៌​លឿង ពាក់​​ស្លាក​​លេខ 1CV-7707 ​និង​ម្នាក់​ទៀត​​ឈ្មោះ វ៉ា​ន់ មុន្នីរ​ដ្ឋា ​អាយុ​២៨​ឆ្នាំ ជា​អ្នក​ជិះ​ពីក្រោយ ​​ទាំង​២នាក់​​រស់នៅ​ក្នុងភូមិ ថ្មកែវ ឃុំស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ​ត្រូវ​បាន​រថយន្ត​បុក​ហើយ​កិន​ពីលើ​ស្លាប់​ភ្លាម​ៗ​ទាំង​២​នាក់​នៅ​កន្លែង​កើតហេតុ រី​ឯ​ម៉ូតូ​ជន​រង​គ្រោះ​ខូច​ខ្ទេច​ទាំងស្រុង​ ។ ​ចំណែក​​រថយន្ត​បង្ក​ក្រោយ​កើតហេតុ​បាន​បន្ថែម​ល្បឿន​បើក​រត់​គេច​ខ្លួន​បាត់​ស្រមោល ។​

ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​​ថា​ មុន​ពេល​កើតហេតុ​ គេ​ឃើញ​ជន​រង​គ្រោះ​ទាំង​២នាក់​​ជិះ​ម៉ូតូ​​មួយគ្រឿង​ក្នុង​ទិស​ដៅ​ពី​ជើង​​ទៅ​ត្បូង​​​ក្នុង​ល្បឿន​​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ ជា​ផ្លូវបត់កោង​ ក៏​ត្រូវ​​​រថយន្ត​ដឹក​ដី​មិន​ស្គាល់​ម៉ាក​​មួយ​គ្រឿង​​បើក​​​​បញ្រ្ចាស​ទិស​គ្នា​ ​បុក​​ពេញទំហឹង​​ បណ្តាល​ឱ្យ​​ជង​រង​គ្រោះ​ទាំង​២​នាក់​ស្លាប់​ភ្លាមៗ​តែ​ម្តង ​។

​ក្រោយ​ពេល​កើតហេតុ​ ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខេត្ត​ បាន​និង​កំពុង​ស្វែងរក​រថយន្ត និង​អ្នក​បើករថយន្ត ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ​។ ​ចំណែក​សព​ជន​រង​គ្រោះ​ទាំង​២​នាក់​ ត្រូវ​​​ក្រុម​គ្រួសារ មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃ​ណី​ ៕