លោក ខៀវ កាញារីទ្ធ គ្រោងនឹងអញ្ជើញ អ្នកបើកបរ មកបង្រៀនពីច្បាប់ ចរាចរណ៍ផ្លូវគោក

ភ្នំពេញ៖ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន គ្រោងនឹងអញ្ជើញ អ្នកបើកបររថយន្ត សម្រាប់ដឹកថ្នាក់ដឹកនាំ មកបង្រៀនពីច្បាប់ ចរាចរណ៍ផ្លូវគោក ព្រោះថាមានអ្នក បើករបរមួយចំនួន អត់ចេះច្បាប់ ចរាចរណ៍ទេ ពិសេសច្បាប់ ចរាចរណ៍ផ្លូវគោកថ្មី ដែលកំពុងតែដាក់ឲ្យ ដំណើរការអនុវត្តន៍។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ បន្ទាប់ពីបានអញ្ជើញបិទ សិក្ខាសាលាផ្សព្វផ្សាយ ស្តីអំពីច្បាប់ចរាចរណ៍ ផ្លូវគោដល់ អ្នកសារព័ត៌មាននៅទីស្តីការ ក្រសួងនាថ្ងៃទី២៦ ខែមករានេះថា “បន្ទាប់ពីអញ្ជើញ អ្នកសារព័ត៌មានមក ផ្សព្វផ្សាយនេះទៅ ខ្ញុំមានគម្រោងនឹង អញ្ជើញអ្នកបើកបរ រថយន្តសម្រាប់ថ្នាក់ដឹកនាំទាំងអស់ ឲ្យមករៀន ឲ្យយល់ និងដឹងអំពីច្បាប់ចរាចរណ៍ ដើម្បីឲ្យគាត់បើកបរ មានការប្រុងប្រយ័ត្ន ព្រោះថាមានអ្នកបើកបរ រថយន្តជាច្រើនគាត់ អត់ចេះច្បាប់ទេ គាត់ចេះ បើកបរតតាមគ្នា”។

លោករដ្ឋមន្រ្តីបន្តថា “បើទោះជាការ មករៀននេះមិនបាន ចេះដឹងអស់ក្តី ក៏ពួកគាត់បានដឹងខ្លះៗ អំពីការបើកបរ របស់គាត់ថា តើនៅក្នុងក្រុងឬទីប្រជុំជន និងផ្លូវក្រៅពីទីប្រជុំជនគាត់អាច បើកបរក្នុងល្បឿនប៉ុន្មាន ហើយមានចំណុចណាខ្លះ ដែលគាត់ត្រូវប្រុងប្រយ័ត្ន និងចំណុចណាខ្លះ ដែលគាត់បើកបរល្មើស ពីច្បាប់បានកំណត់”។

លោក ខៀវ កាញារីទ្ធ បញ្ជាក់ថា “គម្រោងអញ្ជើញ អ្នកបើកបររថយន្ត សម្រាប់ថ្នាក់ដឹកនាំនេះ បើទោះជាមិនអាច បានទាំងអស់ក៏បានខ្លះ ពិសេសអ្នកបើកបរ រថយន្តនៅក្នុងក្រសួង រួមទាំងប្រធាន នាយកដ្ឋានជាដើម ឲ្យមានការយល់ដឹងខ្លះ អំពីច្បាប់ចរាចរណ៍ផ្លូគោក។ កន្លងមកយើងឃើញ មានអ្នកបើកបររថយន្ត ថ្នាក់ដឹកនាំមួយចំនួនគាត់បើកបរឥតប្រណី ដោយសំអាងទៅលើ រថយន្តដឹកអ្នកធំ ។ លោកថា អ្នកដឹកនាំក៏ដោយ ក៏ស្ថិតនៅក្រោមសំណាញ់ច្បាប់ ហើយថ្នាក់ ដឹកនាំត្រូវធ្វើគំរូមុនគេ កត្តាសំខាន់គឺត្រូវយល់អំពីច្បាប់ជាធំ”។

ជាមួយគ្នានោះ លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ទៅលើ ប្រព័ន្ធផ្សព្វផ្សាយ មានពិធីករ ពិធីការិនី អ្នកនិពន្ធ និងអ្នកសរសេរ ព័ត៌មានទាំងអស់ ពិតជាមានសារៈ សំខាន់ណាស់ ត្រូវតែយល់ដឹងឲ្យ បានច្បាស់អំពីច្បាប់ ចរាចរណ៍ផ្លូវគោកថ្មី ងាយស្រួលដល់ ការសរសេរ ការពន្យល់ ឬ ការធ្វើអត្ថាធិប្បាយទៅ អ្នកស្តាប់បានចេះបន្ត មិនស្តាប់ខុស និងមិនធ្វើការវិនិច្ឆ័យទៅ ខុសតាមប្រភពព័ត៌មាន ដែលខ្លួនទទួលបាន។

យ៉ាងណាក៏ដោយ លោករដ្ឋមន្រ្តី ក្រសួងព័ត៌មាន គ្រោងនឹងបន្ត ធ្វើការផ្សព្វផ្សាយ ដល់អ្នកសារព័ត៌មាន ឲ្យបានច្រើនបន្ថែមទៀត ព្រោះសារព័ត៌មាន ពិតជាដើរតួនាទីសំខាន់ណាស់ដល់ការ ផ្សព្វផ្សាយច្បាប់ ចរាចរណ៍ផ្លូវគោកនេះ ដល់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានទាំងនៅ ទីក្រុងនិងជនបទ ឲ្យយល់ពីបញ្ហាគ្រោះថ្នាក់ ចរាចរណ៍ដែលកើតចេញពីការមិនយល់ មិនដឹងពីច្បាប់ ចរាចរណ៍នេះ ចេះទាំងអស់គ្នាទើប យើងអាចអប់រំ ប្រជាជនយើងបាន និងកាត់បន្ថយ គ្រោះថ្នាកចរាចរណ៍ នៅកម្ពុជាបាន៕

លោក ខៀវ កាញារីទ្ធ គ្រោងនឹងអញ្ជើញ អ្នកបើកបរ មកបង្រៀនពីច្បាប់ ចរាចរណ៍ផ្លូវគោក

លោក ខៀវ កាញារីទ្ធ គ្រោងនឹងអញ្ជើញ អ្នកបើកបរ មកបង្រៀនពីច្បាប់ ចរាចរណ៍ផ្លូវគោក