កម្ពុជាសាទរ ការរួមគ្នា របស់ពិភពលោក បង្ក្រាបក្រុម ISIS

ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកឡើងថា កម្ពុជាអបអរសាទរ ចំពោះការរួបរួមគ្នា យ៉ាងទូលំទូលាយរបស់ពិភពលោក ក្នុងការបង្ក្រាបទៅក្រុមរដ្ឋឥស្លាម (ISIS) ដែលកំពុង រីករាលដាល នៅក្នុងតំបន់មជ្ឈិមបូព៌ា។

ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីជួបពិភាក្សាការងារ ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក ចន ឃែរី នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង បានមានប្រសាសន៍ថា កម្ពុជាមិនជឿថា ការបំបាត់ក្រុម ភេរវកម្មរដ្ឋឥស្លាម ធ្វើឡើងដោយយោធាប្រទេសមួយ ឬប្រទេសតូចៗ មិនអាចបំបាត់បាននោះទេ ចាំបាច់ត្រូវសហការរួមគ្នា ដើម្បីទប់ទល់នឹងអំពើឃោរឃៅរបស់ក្រុម ISIS នេះ។

លោកបានបន្តថា “ឥឡូវនេះ ខ្ញុំមានការពេញចិត្តណាស់ ដោយសារមានការរួមសហការទូលំទូលាយ ដើម្បីធ្វើម៉េចបំបាត់ក្រុមឥស្លាម ជ្រុលនិយមនេះ។ ក្រុមជ្រុលនិយមនេះ បានធ្វើឲ្យសតិសម្បជញ្ញៈ សកលលោកមានការព្រួយបារម្ភ មានការភ័យណាស់ ដោយសារអំពើឃោរឃៅហ្នឹង ហួសអ្វីដែលយើង ស្មានបាន”។

លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ដោយសារអំពើព្រៃផ្សៃរបស់ក្រុម ISIS នេះ មិនត្រឹមតែនៅក្នុង ប្រទេសអ៊ីរ៉ាក់ និងស៊ីរីនោះទេ គឺនៅអាហ្វ្រិក និងអាស៊ីក៏មាន បានធ្វើឲ្យមនុស្សជាង ១លាននាក់ បានភៀស ខ្លួនទៅអឺរ៉ុប ហើយបានបណ្តាលឲ្យជនភៀសខ្លួន រាប់ពាន់នាក់ផ្សេងទៀត ដែលបានធ្វើដំណើរតាមផ្លូវទឹក បានលង់ទឹកស្លាប់ជាបន្តបន្ទាប់។

សូមបញ្ជាក់ថា ក្រុម ISIS នេះ កំពុងរីករាលដាលយ៉ាងខ្លាំង នៅលើពិភពលោក ហើយក្រុមនេះ បានសម្លាប់ មនុស្សជាច្រើនជារៀងរាល់ថ្ងៃ ពិសេសប្រជាពលរដ្ឋ នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។ កាលពីពេលថ្មីៗនេះ ក្រុម ISIS បានមកធ្វើការវាយប្រហារ ទៅលើប្រទេសក្នុងតំបន់អាស៊ីអាគេ្នយ៍ គឺប្រទេសឥណ្ឌូនេស៊ី ដោយបានបាញ់រះ ទៅលើហ្វូងមនុស្ស បណ្តាលឲ្យស្លាប់ និងរបួសអស់ជាច្រើននាក់ផងដែរ៕

កម្ពុជាសាទរ ការរួមគ្នា របស់ពិភពលោក បង្ក្រាបក្រុម ISIS

កម្ពុជាសាទរ ការរួមគ្នា របស់ពិភពលោក បង្ក្រាបក្រុម ISIS