អ្នកស្រី ងួន សុខា ៖ អគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជាប្រមូល ចំណូលជូនរដ្ឋ សម្រាប់ខែធ្នូ ឆ្នាំ២០១៥ បាន ៦៥២ ប៊ីលានរៀល

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា (អគរ) នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ៨៖៣០នាទី ប្រារព្ធពិធីអបអរសាទរ ទិវាគយអន្តរជាតិ សម្រាប់ឆ្នាំនេះ គឺធ្វើឡើងក្រោមប្រធានបទ “រដ្ឋបាលគយក្នុងបរិបទ បច្ចេកវិទ្យាព័ត៌មានវិទ្យា” នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ។ “រដ្ឋបាលគយក្នុងបរិបទ បច្ចេកវិទ្យាព័ត៌មានវិទ្យា” ជាមួយនិងពាក្យស្លោក “ការចូលរួមអភិវឌ្ឍ ស្ថាប័នឥតឈប់ឈរ” ជាប្រធានបទមួយ គឺដើម្បីផ្សព្វផ្សាយ និងជំរុញបន្ថែមទៀតនូវ ការប្រើប្រាស់ប្រព័ន្ធ ព័ត៌មានវិទ្យា និងស្វ័យប្រវត្តិកម្ម ដូចមានចែងក្នុងជំពូកទី៧ នៃឧបសម្ព័ន្ធទូទៅនៃ ពិធីសារកែសម្រួល សាមញ្ញកម្មនិងសុខដុមនីយកម្មនីតិ វិធីគយក្រុងក្យូតូ។

លោក គុណ ញឹម អគ្គនាយកនៃ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានមានប្រសាសន៍ថា «រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានកំណត់យកកិច្ច សម្រួលពាណិជ្ជកម្ម ជាផ្នែកមួយនៃកម្មវិធីនយោបាយនិង ’យុទ្ធសាស្ត្រចតុកោណ” ដំណាក់កាលទី៣ របស់ខ្លួនដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា និងបានលើកទឹកចិត្ត ដោយជំរុញឲ្យមានការប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មានវិទ្យា ជាជំនួយដល់ការអនុវត្ត ការងារប្រចាំថ្ងៃ និងអាចផ្តល់ព័ត៌មាន ជូនពលរដ្ឋអ្នកប្រើប្រាស់ សេវាសាធារណឲ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តសិទ្ធភាពផងដែរ។

ទន្ទឹមនឹងនេះ ថ្លែងក្នុងសុន្ទរកថាបើករបស់ លោកស្រី ងួន សុខា បានគូសបញ្ជាក់អំពី លទ្ធផលនៃរបាយការណ៍ របស់ធនាគារពិភពលោក ស្តីពីសន្ទស្សន៍ប្រសិទ្ធភាពពាក់ព័ន្ធនឹងការដឹកជញ្ជូន (Logistics Performance Index) ដែលបានបង្ហាញថា ប្រទេសកម្ពុជាយើងបាន កែលម្អចំណាត់ថ្នាក់ របស់ខ្លួនពីលេខ ១២៩ នៅឆ្នាំ២០១០ មកចំណាត់ថ្នាក់លេខ ៨៣ ក្នុងឆ្នាំ២០១៤ គឺរំកិលចំនួន៤៦ លេខ មករកចំណាត់ថ្នាក់ល្អ នេះជាលទ្ធផលគួរជាទីមោទនៈ ដែលប្រទេសជាច្រើនក្នុងចំណោម ប្រទេសអភិវឌ្ឍន៍តិច ពុំអាចសម្រេចលទ្ធផល ល្អដូចនេះបានឡើយ។

អ្នកស្រី ងួន សុខា បានបានបន្ថែមទៀតថា «ដោយសារតែការខិតខំ ប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជាទាំងអស់ ក្នុងការងារ ប្រមូលចំណូលជូនរដ្ឋ សម្រាប់ខែធ្នូ ឆ្នាំ២០១៥ អគរសម្រេចបានតួលេខ ៦៥២ ប៊ីលានរៀល» ៕