ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប បាន​ទទួលយក​សំណើ​រួម​របស់​រដ្ឋាភិបាល​កូ​ឡុំ​ប៊ី និង​ពួក​ឧទ្ទាម​នៃ​កងកម្លាំង​បដិវត្តន៍​កូ​ឡុំ​ប៊ី FARC ដើម្បី​ចូ​​ល​រួម​ត្រួតពិនិត្យ​បទ​ឈប់​បាញ់​គ្នា ដែល​គ្រោង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព ដែល​កំពុង​ចរចា​គ្នា​នៅ​ទីក្រុង​ឡា​ហា​វ៉ា​ន ។

ការ​បញ្ចប់​ជម្លោះផ្ទៃក្នុង​នៅ​កូ​ឡុំ​ប៊ី​ពេល​នេះ​ហាក់ដូចជា​លែង​មានការ​ប្រែ​ក្រឡាស់​ទៀតហើយ ។

ចំពោះ​ការ​ប្រកាស​បង្កើត​ដោយ​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប នូវ​បេសកកម្ម​នយោបាយ​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​បទ​ឈប់​បាញ់​គ្នា​ជា​ស្ថាពរ​ជាមួយ​ពួក FARC ប្រធានាធិបតី​កូ​ឡុំ​ប៊ី លោក​ហ្ស​ង់​ម៉ា​នុយ​អែ​ល​សាន់​តូ​ស បញ្ចេញ​ប្រតិកម្ម​ថា នេះ​ជា​ជំហាន​ដ៏​ធំ​មួយ​ឆ្ពោះទៅ​រក​សន្តិភាព ។ នេះ​ពិតជា​ជ័យជម្នះ​ដ៏​ធំ​មួយ​សម្រាប់​ប្រមុខរដ្ឋ​កូ​ឡុំ​ប៊ី ព្រមទាំង​សម្រាប់​ប្រទេស​របស់​លោក ។ ការ​សម្រេចចិត្ត​នេះ​បាន​ឆ្លើយ​តប​ចំពោះ​សំណើ​រួម​របស់​រដ្ឋាភិបាល​កូ​ឡុំ​ប៊ី និង​របស់​ពួក FARC ដាក់​ជូន​កាលពី​ស​ប្តា​ហ៍​មុន នៅ​ក្រុង​ញូ​វ​យ៉​ក ដោយ​រដ្ឋមន្ត្រី​ការ​បរទេស​កូ​ឡុំ​ប៊ី លោកស្រី MARIA ANGELA HOLGUIN CUELLAR ។

លោក CARLOS ANTONIO LOSADA សមាជិក​លេខាធិការដ្ឋាន​របស់​ពួក FARC ថ្លែង​ទៅ​កាន់​កាសែត SEMANA ថា បទ​ឈប់​បាញ់​គ្នា​ទ្វេភាគី​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ដែនដី​កូ​ឡុំ​ប៊ី ព្រោះ​យើង​បាន​ធ្វើ​ឱ្យ​មានការ​រីក​ចម្រើន​ទៅ​មុខ​ដ៏​សំខាន់ ដោយ​រួម​គ្នា​ស្នើ​ឱ្យ​មាន​បេសកកម្ម​នយោបាយ​ពិសេស​មួយ​របស់ អ​.​ស​.​ប ដែល​នឹង​ចូលរួម​ក្នុង​ប្រព័ន្ធ​ត្រីភាគី​មួយ​នៃ​ការ​ត្រួតពិនិត្យ ។

កាលពី​ថ្ងៃ​ទី​២៣ កញ្ញា ឆ្នាំ​២០១៥ ប្រធានាធិបតី​កូ​ឡុំ​ប៊ី លោក​ហ្ស​ង់​ម៉ា​នុយ​អែ​ល សាន់​តូ​ស បាន​ទៅ​កាន់​ទីក្រុង​ឡា​ហា​វ៉ា​ន ដែល​ទីនោះ​ជា​កន្លែង​នៃ​ការ​ចរចា​សន្តិភាព​ចាប់តាំងពី​ថ្ងៃ​ទី​១៩ វិច្ឆិកា ឆ្នាំ​២០១២ មក រវាង​រដ្ឋាភិបាល​កូ​ឡុំ​ប៊ី និង​ពួក FARC ដើម្បី​បង្ហាញ​ជា​ផ្លូវការ​ដល់​លោក RODRIGO LONDONO ECHEVERRI មាន​រហស្សនាម​ថា TIMOLEON JIMENEZ TIMOCHENKO អគ្គមេបញ្ជាការ​របស់​ពួក FARC និង​លោក​រ៉ា​អ៊ុ​ល កា​ស្ត្រូ ប្រមុខរដ្ឋ​គុយ​បា​នូវ​កិច្ចព្រមព្រៀង​ស្តី​ពី​បញ្ហា​ខាង​គតិយុត្តិ ដែល​បណ្តា​សមាជិក​របស់​ពួក FARC របស់​កងទ័ព​រដ្ឋាភិបាល ព្រមទាំង​ឥស្សរជន​នយោបាយ​ត្រូវ​ប្រឈម​មុខ ព្រោះតែ​ចង់​ចៀសវាង​នី​ទណ្ឌ​ភាព ។

យោង​តាម​ដំណោះស្រាយ​មួយ​របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ដែល​អនុម័ត​ជា​ឯកច្ឆ័ន្ទ បេសកកម្ម​នយោបាយ​មួយ​របស់ អ​.​ស​.​ប នឹង​ត្រូវ​បង្កើត​ឡើង​តាម​សំណើ​របស់​ភាគី​ទាំង​២ ជាមួយ​ពួក​អ្នក​សង្កេតការណ៍​អន្តរជាតិ​ទទួល​បន្ទុក​ត្រួតពិនិត្យ​ជា​ពិសេស​ការ​រំសាយ​អាវុធ​របស់​ពួក​ឧទ្ទាម ។ បេសកកម្ម​នេះ​នឹង​ត្រូវ​បង្កើត​ឡើង​សម្រាប់​ដំណាក់​កាល​១២​ខែ ជាមួយ​លទ្ធភាព​ពន្យារពេល​ដើម្បី​ត្រួតពិនិត្យ​បទ​ឈប់​បាញ់​គ្នា​ទ្វេភាគី​ជា​ស្ថាពរ ការ​បញ្ឈប់​ការ​ប្រទូស្ត​រ៉ា​យ​គ្នា និង​ឃ្លាំង​ស្តុក​អាវុធ​របស់​ភាគី​ទាំង​២ ។ អ​.​ស​.​ប ធ្វើការ​រៀបចំ​ភ្លាម​ៗ​នូវ​បេសកកម្ម​នោះ ។ ក្នុង​រយៈពេល​៣០​ថ្ងៃក្រោយ​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា អគ្គ​លេខា​អធិការ អ​.​ស​.​ប លោក​បាន គី​មូ​ន នឹង​ត្រូវ​ដាក់​ជូន​ក្រុមប្រឹក្សាសន្តិសុខ​ដើម្បី​អនុម័ត​បណ្តា​អនុសាសន៍​ស្តី​ពី​ទំហំ ទិដ្ឋភាព​ប្រតិបត្តិការ និង​អាណត្តិ​របស់​បេសកកម្ម​នេះ​ដែល​នឹង​រួម​មាន​បណ្តា​អ្នក​សង្កេតការណ៍​អន្តរជាតិ​មិន​ប្រដាប់​អាវុធ ។ អ្នក​សង្កេតការណ៍​ទាំងនេះ​ត្រូវ​ជ្រើសរើស​ក្នុង​ចំណោម​ប្រទេស​នៃ​សហគមន៍​បណ្តា​រដ្ឋ​អា​េ​ម​រិ​កឡា​ទី​ន និង​កា​រ៉ា​អុ​ី​ប CELAC ដែល​បើក​កិច្ចប្រជុំ​កំពូល​មួយ​នា​ថ្ងៃ​ទី​២៧ មក​រា នៅ​ទីក្រុង​គី​តូ ។ អាណត្តិ និង​ភាព​លម្អិត​នៃ​ការ​ដាក់​ពង្រាយ​ពួក​អ្នក​សង្កេតការណ៍​នឹង​ជា​កម្មវត្ថុ​នៃ​ដំណោះស្រាយ​ទី​២​មួយទៀត​របស់​ក្រុមប្រឹក្សាសន្តិសុខ ។ ដំណោះស្រាយ​ទី​២​នេះ​អាច​អនុម័ត​នា​ខែកុម្ភៈ ជា​ខែ​ដែល​ប្រធាន​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប នឹង​ត្រូវ​កាន់កាប់​ដោយ​ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ។

លោកស្រី MARIA ANGELA HOLGUIN CUELLAR រដ្ឋមន្ត្រី​ការ​បរទេស​កូ​ឡុំ​ប៊ី បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមប្រឹក្សាសន្តិសុខ ព្រមទាំង​រដ្ឋាភិបាល​គុយ​បា ន័​រវេ​ស ស៊ី​លី និង​វេ​ណេ​ស៊ុ​យ​អេ​ឡា ដែល​ជួយ​ទ្រទ្រង់​ដល់​ដំណើរការ​សន្តិភាព​រវាង​ក្រុង​បូ​ហ្គោ​តា និង​ពួក FARC ។ លោកស្រី​មាន​ប្រសាសន៍​ថា សន្តិភាព​នៅ​កូ​ឡុំ​ប៊ី​នឹង​ជា​រឿង​ល្អ​ពុំ​ត្រឹមតែ​សម្រាប់​យើង​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ក៏​សម្រាប់​តំបន់​ផង​ដែរ ។

ចំណែកឯ​រដ្ឋមន្ត្រី​ការ​បរទេស​អ៊ុយ​រុយ​ហ្គា​យ លោក RODOLFO NIN NOVOA ដែល​ដឹកនាំ​កិច្ចប្រជុំ​ថ្លែង​ថា យើង​បង្ហាញ​ថា អា​មេ​រិ​កឡា​ទី​ន​គឺជា​ទ្វីប​សន្តិភាព​មួយ​ដែល​លុប​បំបាត់​បណ្តា​ជម្លោះ​ដោយ​អាវុធ ។

រីឯ​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ អ​.​ស​.​ប លោកស្រី SAMANTHA POWER បាន​ព្រមាន​ថា នៅ​សល់​ការងារ​ច្រើន​ទៀត មុន​ឈាន​ដល់​សន្តិភាព ។ លោកស្រី​សន្យា​ពី​ជំនួយ​របស់​សហរដ្ឋអាមេរិក​ដល់​ក្រុង​បូ​ហ្គោ​តា ។ លោកស្រី​បន្ត​ថា គេ​ក៏​ត្រូវ​ផ្ទាល់​យុត្តិធម៌​ផង​ដែរ ចំពោះ​បណ្តាជន​រង​គ្រោះ​ជួយ​ដល់​បណ្តា​សហគមន៍ ដែល​រង​គ្រោះ​ដោយ​ជម្លោះ ហើយ​ធ្វើ​សមាហរណកម្ម បណ្តា​អតីត​ពួក​ឧទ្ទាម​ក្នុង​សង្គម​កូ​ឡុំ​ប៊ី ។

ឯកអគ្គរាជទូត​អង់គ្លេស លោក MATTHEW RYCROFT ដែល​ប្រទេស​លោក​ជា​អ្នក​រៀបរៀង​ដំណោះស្រាយ​នេះ​បាន​សម្តែង​ការ​អបអរសាទរ​ថា នេះ​ជា​ឱកាស​វិជ្ជមាន​មួយ​សម្រាប់ អ​.​ស​.​ប ៕