ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ក្តី​សង្ឃឹមថា​អាច​រក​ច្រក​ចេញពី​វិបត្តិ​នៅ​លី​ប៊ី​កាលពី​ថ្ងៃ​ទី​២៥ មក​រា ត្រូវ​រលាយ​អស់​ទៀត ជាមួយ​ការ​បដិសេធ​រដ្ឋាភិបាល​រួបរួម​ជាតិ ដែល​បង្កើត​ឡើង​កាលពី​មួ​យស​ប្តា​ហ៍​មុន ក្រោម​ការ​គាបសង្កត់​របស់​សហគមន៍​អន្តរជាតិ ។

សភា​ដែល​ទទួលស្គាល់​ជា​អន្តរជាតិ​បាន​បដិសេធ​ពុំ​ផ្តល់​ទំនុកចិត្ត​លើ​រដ្ឋាភិបាល​នេះ ដែល​រួម​មាន​រដ្ឋមន្ត្រី​៣២​រូប តំណាង​ឱ្យ​តំបន់​ផ្សេង​ៗ​របស់​ប្រទេស​ដែល​ធ្លាក់​ក្នុង​ភាព​ច្របូកច្របល់​ចាប់តាំងពី​ក្រោយ​ការ​បះបោរ​ដែល​បញ្ចប់​របប​លោក​មូ​អា​ម៉ា កា​ដា​ហ្វី កាលពី​ដំណាច់ឆ្នាំ​២០១១​មក ។

សមាជិក​សភា​មួយ​រូប លោក ALI AL GAYDI ក្រោយ​សម័យប្រជុំ​សភា​នៅ​ទីក្រុង TOBROUK ភាគ​ខាងកើត​ប្រទេស​គូសបញ្ជាក់​ប្រាប់ AFP ថា ក្នុង​ចំណោម​សមាជិក​សភា​ទាំង​១០៤​រូប ដែល​មាន​វត្តមាន​៨៩​រូប បដិសេធ​រដ្ឋាភិបាល​នេះ ដោយសារ​ចំនួន​រដ្ឋមន្ត្រី​មាន​ច្រើន​ពេក ។ សភា​នេះ​បាន​ទុក​ពេល​១០​ថ្ងៃ​សម្រាប់​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​ដែល​មាន​ចំនួន​រដ្ឋមន្ត្រី​តិច​ជាង​មុន ។

ការ​អនុម័ត​លើ​សមាសភាព​រដ្ឋាភិបាល​ជា​រឿង​សំខាន់ ដើម្បី​ឱ្យ​រដ្ឋាភិបាល​នេះ​ដឹកនាំ ដោយ​ពាណិជ្ជករ លោក FAYEZ EL SARRAJ អាច​ចូល​កាន់​តំណែង ។ សហគមន៍​អន្តរជាតិ​ពឹង​លើ​រដ្ឋាភិបាល​នោះ ដើម្បី​អាច​តស៊ូ​ប្រកបដោយ​ប្រសិទ្ធភាព​ប្រឆាំង​ការ​គំរាមកំហែង​កាន់តែ​ខ្លាំង​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែល​មា​នទី​តាំងនៅ​ភាគ​ខាងជើង​ប្រទេស និង​ការ​ហូរ​ចូលពួក​អន្តោប្រវេសន៍​ទៅ​កាន់​អឺរ៉ុប កាត់​តាម​លី​ប៊ី ។

ជាមួយ​រដ្ឋាភិបាល​រួបរួម​ជាតិ ដែល​ទើប​បង្កើត​ឡើង ពេល​នេះ​នៅ​លី​ប៊ី​មាន​អាជ្ញាធរ​ដល់​ទៅ​៣ ហើយ ដោយ​រដ្ឋាភិបាល​២​ទៀត មួយ​ទទួលស្គាល់​ដោយ​សហគមន៍​អន្តរជាតិ​ដែល​ត្រួតត្រា​ភាគ​ខាងកើត​ប្រទេស និង​រដ្ឋាភិបាល​សង្គ្រោះ​ជាតិ​មួយទៀត ដែល​កាន់កាប់​រដ្ឋធានី និង​បណ្តា​តំបន់​នៅ​ភាគ​ខាងលិច​ប្រទេស​ជាមួយ​ការ​ជួយ​ទ្រទ្រង់​របស់​ពួក​ជីវពល​ដែល​មួយ​ចំនួន​ជា​ពួក​ជីវពល​អ៊ិ​ស្លា​ម​និយម ៕